ទីតាំង​ល្បែង​បញ្ជល់មាន់​សូម​អញ្ជើញ​ចូល​លេង​ម៉ា​សេរី

ខេត្តកំពត ៖ ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រិះគន់​ថា សមត្ថកិច្ច​ស្រុក​ដងទង់​អនុញ្ញាត​ឱ្យ​មាន​សង្វៀន​បញ្ជល់មាន់​ធំ​មួយ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ។ តើ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅ​ក្រហែង​មេឃ​ណា​ទៅ បើ​ក្នុង​មូលដ្ឋាន​មាន​ល្បែង​ចេញ​មុខ​បែប​នេះ ។

យោង​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ ព្រោះ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​នោះ គឺ​មាន​ទីតាំង​ទល់មុខ​រោងចក្រ​ស៊ីម៉ង់ត៍ ស្ថិត​ក្នុងភូមិ​ព្រៃ​គគីរ ឃុំ​ដងទង់ ស្រុក​ដងទង់ មាន​ម្ចាស់​ឈ្មោះ សាយ ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្រៀន ឈ្មោះ វុ​ធ ឈ្មោះ តាង ឈ្មោះ​ទ្រ​ល និង​ម្នាក់​ទៀត​ឈ្មោះ វ​ណ្ណា​រ៉ា ធ្វើ​ពេទ្យ ។ សង្វៀន​បញ្ជល់មាន់​នេះ​កំពុង​តែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ណា​អើពើ​បង្ក្រាប​ទាល់តែ​សោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ទេ ចាំ​លោក​ឱ្យ​ខាង​ស្រុក​ចុះ​ទៅ​ពិនិត្យ​មើល ។ ចំណែក​លោក ទូច ឌ​ន អធិការ​នគរបាល​ស្រុក​ដងទង់ បានឱ្យ​ដឹង​ថា រឿង​គេ​បើក​លេងល្បែង​បញ្ជល់មាន់​នេះ លោក​ធ្លាប់​ប្រាប់​ម្ចាស់​ទាំងនោះ​ថា​កុំឱ្យ​លេង តែ​គេ​នៅ​តែ​បើក​លេង ។ លោក​អធិការ​អះអាង​ថា លោក​មិន​ពាក់ព័ន្ធ​នឹង​ការ​ស៊ីសំណូក​បើកដៃ​ឱ្យ​លេង​ដូច​ការ​លើក​ទ្បើ​ង​នោះ​ទេ ។ បើ​គេ​លេង​មិនដឹង​ធ្វើ​ម៉េច​ទេ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​លើក​ទ្បើ​ង​ថា ការ​មាន​ល្បែង​នេះ​ហើយ​ដែល​នាំ​ឲ្យ​កើត​មាន​អំពើ​ប្លន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ អស់លោក​ថ្នាក់លើ​គួរ​ចាត់វិធានការ​បង្ក្រាប​ម្តង​ហើយ បើ​រំពឹង​លើ​អាជ្ញាធរ​មូលដ្ឋាន ដូច​ជា​មិន​ហ៊ាន​បង្ក្រាប​ទេ គឺ​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នា​ប៉ុណ្ណោះ ។ បើ​អាជ្ញាធរ​ឆ្លើយ​ថា​មិនដឹង តើ​មាន​ខ្មោច​បិសាច​ណា​ជឿ​ដែរ​ទេ? សូ​ម្បី​ក្មេង​ក៏​អត់​ជឿ​ដែរ​... ហេ​! ហេ​!