របាយការណ៍​អង្គការ​លីកាដូ ​បង្ហាញ​ថា តុលាការ “ បរាជ័យ​​ធំធេង” ក្នុង​​ករណី​ចាប់​រំលោភ​​​

នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​និយាយ​ថា ​ខ្លួន​​ចាប់​​បាន​កសិករ​ម្នាក់​​​​នៅ​ស្រុក​មេមត់​ ដែល​សារ​ភាព​ថាបាន​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ​៧ឆ្នាំ​ម្នាក់​​កាលពី​ថ្ងៃ​សុក្រ។

​ប៉ុន្តែ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​បង្ហាញ​ថា ករណី​ចាប់​រំលោភ​ភាគ​ច្រើន​​នៅ​ក្នុង​ប្រទេស​​ ត្រូវ​បាន​ដោះ​ស្រាយ​​ និង​​​បញ្ចប់​​ទៅ​ដោយ​ខុស​​​ច្បាប់​ជា​ញឹក​ញាប់ ទាំង​មិន​ទាន់​បាន​​​​​​​​ឈាន​ដល់​ការ​​​​បើក​សវនាការ​​ ឬ​នាំ​ទៅ​​រក​ការ​ផ្ដន្ទា​ទោស​​ដែល​មាន​ភាព​ខ្វះ​​ចន្លោះ ​​នៅ​ពេល​​មាន​​​ការ​បើក​​សវនាការ​ជំនុំជម្រះ​ ដែល​​បង្ហាញ​​ពី​ “​បរាជ័យ​យ៉ាង​ធំធេង​” ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​​​​​ក្នុង​ការ​ដោះ​ស្រាយ​​អំពើ​ហិង្សា​ផ្លូវ​ភេទ​។

សម្រាប់​​របាយការណ៍​​របស់​ខ្លួន​​​ដែល​មាន​ចំណង​ជើង​ថា “​ការ​រួច​ខ្លួន​៖​ ​ឥរិយា​បថ​​​ចំពោះ​​ករណី​ចាប់​រំលោភ​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​” ដែល​បាន​​ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ អង្គការ​លីកាដូ​បាន​​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​​ការ​ចាប់​រំលោភ​ និង​ការ​ប៉ុន​ប៉ុង​ចាប់​រំលោភ​ចំនួន​៧៦២​ករណី​​ដែល​ខ្លួន​បាន​ស៊ើបអង្កេត​​ចាប់​ពី​ដើម​ឆ្នាំ​២០១២​​រហូត​មក​ទល់​​ដំណាច់​ឆ្នាំ​២០១៤ ដោយ​ផ្ដោត​លើ​​៤២៤​ករណី​ដែល​ត្រូវ​បាន​បិទ​ចោល​។

​របាយការណ៍​នេះ​​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ករណី​​​ដែល​បិទ​​ចោល​ទាំង​នោះ​ មាន​១ភាគ៣​​បាន​បញ្ចប់​​ទៅ​​ដោយ​​មាន​ការ​ផ្ដន្ទាទោស​ត្រឹម​ត្រូវ​។ ប៉ុន្តែ​១ភាគ៣​ត្រូវ​បាន​បិទ​ចោល​​​មុន​សវនាការ​ ដែល​ជាញឹក​​ញាប់​​​កើត​ឡើង​ដោយ​សារ​មាន​ដំណោះ​ស្រាយ​​រៀបចំ​ដោយ​នគរ​បាល និង​មន្ត្រី​តុលាការ​​ ដែល​បាន​កាត់​យក​ចំណែក​​នៃ​​ប្រាក់​សំណង​ជា​ថ្នូរ​នឹង​ការ​បិទ​​នីតិវិធី​ព្រហ្មទណ្ឌ​ដោយ​គ្មាន​ច្បាប់​ទម្លាប់​។ចំណែកឯ​​​មួយ​​​ភាគ​​​​​បី​​ចុង​ក្រោយ មាន​​ករណី​ជាច្រើន​​​បាន​បញ្ចប់​ទៅ​​​ដោយ​មាន​ការ​ផ្ដន្ទាទោស​រយៈ​ពេល​ខ្លី​ ឬ​ទោស​ព្យួរ​​ ឬ​ក៏​ការ​សម្រេច​ឲ្យ​រួចពី​​ការ​ចោទ​ប្រកាន់​​។

អង្គការ​លីកាដូ​បាន​លើក​ឡើង​​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ”​របាយការណ៍​នេះ​​រក​ឃើញ​ថា ខណៈ​ករណី​ដែល​បិទ​ចោល​​មាន​​​​ភាព​ខ្វះ​ចន្លោះ​​ក្នុង​វិធី​ខុសៗ​គ្នា​ជាច្រើន​ មាន​ទស្សនៈ​រួម​មួយ​​ដែល​បាន​រួម​បញ្ចូល​វា​ នោះ​គឺ​​អំពើ​ពុក​រលួយ​។ ​ក្នុង​ករណី​ស្ទើរ​គ្រប់​ប្រភេទ​ ​រាប់​ចាប់​ពី​ករណី​បញ្ចប់​ដោយ​មាន​សំណង​ដែល​​ត្រូវ​បាន​ចរចា​​​នៅ​ស្នាក់​ការ​នគរ​បាល​​រហូត​ដល់​​ករណី​​​ដែល​បាន​​បើក​សវនាការ​​ឃើញ​ថា អំពើ​ពុករលួយ​គឺ​ជា​ផ្នែក​មួួយ​ដ៏​សំខាន់”។

លោកស្រី​ ណាលី ពីឡូក នាយក​អង្គការ​លីកាដូ​ ត្រូវ​បាន​ដក​ស្រង់​ប្រសាសន៍​ដូច្នេះ​ថា “​អំពើ​ពុក​រលួយ​មាន​នៅ​គ្រប់​កន្លែង។ រាល់​ពេល​​ជន​រង​គ្រោះ​មក​ទាក់​ទង​មន្ត្រី​សាធា​រណៈ​ពួកគាត់​ទំនង​ជា​​ត្រូវ​សូក​ប៉ាន់ ហើយ​​ប្រសិន​បើ​ជន​សង្ស័យ​​មាន​ប្រាក់ គេ​​ប្រហែល​​​​​​ជា​អាច​​ទិញ​សេរីភាព​របស់​ខ្លួន​បាន​។ ពេល​ខ្លះ​​ ​​សមត្ថកិច្ច​ហាក់​ដូច​មិន​ខ្វាយ​ខ្វល់​រឿង​យុត្តិធម៌​ទេ។ ផ្ទុយទៅវិញ​​ ករណី​​ចាប់​រំលោភ​គ្រាន់​តែ​​ជា​វិធី​មួយ​សម្រាប់​ពួកគេ​រក​លុយ​ប៉ុណ្ណោះ​”។

​ក្នុង​របាយការណ៍​របស់​ខ្លួន អង្គការ​លីកាដូ​​បាន​ទទួល​ស្គាល់​​​​ថា ភ័ស្តុ​តាង​ច្បាស់​លាស់​​​បញ្ជាក់​​ពី​ការ​សូក​ប៉ាន់​ គឺ​ពិបាក​ទទួល​បាន​​​​ណាស់​។ ប៉ុន្តែ​​អង្គការ​នេះ​ថា ភ្នាក់​ងារ​ឃ្លាំ​មើល​របស់​ខ្លួន​ក្នុង​វិស័យ​នេះ​​ នៅ​តែ​រក​ឃើញ​​​​ភ័ស្តុ​តាង​រឹងមាំ​បង្ហាញ​ពី​ការ​​​អនុវត្ត​​ទាំង​​របស់​ជន​រងគ្រោះ និង​ប្រភព​តុលាការ​ ដែល​​មាន​​​ការ​​សូក​ប៉ាន់​ចាប់​ពី​​​តិច​១៥​ដុល្លារ​​​រហូត​ដល់​រាប់​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​​​រៀបចំ​ឲ្យ​មាន​ដំណោះ​ស្រាយ។

របាយការណ៍​នេះ​​បញ្ជាក់​ថា ”​ភ្នាក់​ងារ​​ឃ្លាំ​មើល​​​ទាំង​អស់​បាន​និយាយ​​ថា ពួក​គាត់​ជឿ​ថា ករណី​​​ជិត​១០០​ភាគរយ​ដែល​​​ត្រូវ​បាន​ដោះ​ស្រាយ​​​​​​ដោយ​សំណង ​​ពាក់​ព័ន្ធ​​ការ​សូកប៉ាន់​​​មន្ត្រី​ដែល​ជាប់​ពាក់​ព័ន្ធ​ ទាំង​ពី​ជន​សង្ស័យ​ ឬ​ជន​រងគ្រោះ​​តាម​រយៈ​ការ​កាត់​យក​ចំណែក​ប្រាក់​​​សំណង​របស់​ពួក​គាត់​”។

សមត្ថកិច្ច​ដែល​​​​សម្របសម្រួល​ឲ្យ​មាន​ការ​​​ព្រមព្រៀង​គ្នា​​ ក៏​​កំពុង​​តែ​ល្មើស​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​ប្រទេស​ដែរ​។ អង្គការ​លីកាដូ​​​បាន​គូស​បញ្ជាក់​ថា ខណៈ​ការ​ដោះ​ស្រាយ​សំណង​រដ្ឋប្បវេណី​​ជា​​រឿង​​ស្រប​​ច្បាប់ ​​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ​ការ​ដោះ​ស្រាយ​បែប​នេះ​​​មិន​អាច​បញ្ឈប់​នីតិវិធី​ព្រហ្មទណ្ឌ​​បាន​ឡើយ។

​របាយការណ៍​នេះ​​​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “​ទោះ​ជា​យ៉ាង​ណា ​ក្នុង​ករណី​​ដែល​ត្រូវ​បាន​ពិភាក្សា​ក្នុង​​​របាយការណ៍​​​នេះ​​ ដំណោះ​ស្រាយ​​​​​ត្រូវ​បាន​ចរចា​ឈរ​លើ​ស្មារតី​យោគ​យល់​ដែល​​ជន​រងគ្រោះ​​នឹង​ដក​ពាក្យ​បណ្ដឹង​ព្រហ្ម​ទណ្ឌ ព្រមទាំង​បណ្ដឹង​រដ្ឋប្បវេណី​​ទៀង​ផង ហើយ​ការ​ធ្វើ​​បែប​​​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​​តាម​​​ច្បាប់​របស់​កម្ពុជា”។ សូម្បី​​គ្មាន​ការ​សូក​ប៉ាន់​ក្តី ក៏​​ក្រម​ព្រហ្មទណ្ឌ​ហាម​ដាច់​ខាត​មិន​​​​ឲ្យ​នគរបាល​​រារាំង​​នីតិវិធី​ព្រហ្មទណ្ឌ​ឡើយ​​ នៅ​ពេល​មាន​ដំណោះ​ស្រាយ​​រដ្ឋប្បវេណី ហើយ​ពួកគេ​ ”​អាច​នឹង​ទទួល​ខុស​ត្រូវ​បទ​ព្រហ្មទណ្ឌ​​ ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នេះ”។

អង្គ​​ការ​លីកាដូ​​បាន​គូស​បញ្ជាក់​ថា ក្រៅ​ពី​​​បង្ហាញ​​​ថា​ការ​ចាប់​រំលោភ​​មិន​មែន​ជា​បទ ល្មើស​ធ្ងន់ធ្ងរ​​ ​និង​​ការ​ធ្វើ​ឲ្យ​សាធារណជន​​​​បាត់​បង់​ជំនឿ​ចិត្ត​លើ​តុលា​ការ ការ​​ដោះ​ស្រាយ​ករណី​ទាំង​នេះ​មុន​​សវនាការ “​ក៏​​ធ្វើ​ឲ្យ​អនុភាព​​​​រារាំង​នៃ​ច្បាប់​​ចុះ​ខ្សោយ​ដែរ ​​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធ​​តែ​ដឹង​ថា បញ្ហា​ព្រហ្ម​ទណ្ឌ​​អាច​ដោះ​ស្រាយ​បាន​ដោយ​លុយ ហើយ​ជា​លទ្ធផល ​មាន​គ្រឿង​​រារាំង​តិច​តួច​ណាស់​ចំពោះ​​ប្រព្រឹត្ត​បទល្មើស​កម្រិត​ធ្ងន់​ដូច​ជា​ការ​ចាប់​រំលោភ​ជាដើម”។

លើក​ចុង​ក្រោយ​ដែល​អង្គការ​លីកាដូ​​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​យ៉ាង​​ទូលំទូលាយ​​លើ​ករណី​ចាប់​រំលោភ​ដែល​ខ្លួន​បាន​ដោះ​ស្រាយ​ គឺ​នៅ​​ឆ្នាំ​២០០៤។

តាមរយៈ​សារ​អេឡិច​ត្រូនិក​មួយ លោក​ស្រី ណាលី ពីឡូក បាន​​លើក​ឡើង​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​របាយការណ៍​មុន​របស់​​អង្គ​ការ​លីកាដូ មួយ​​ភាគ​​ធំ​​នៃ​ករណី​ដែល​ខ្លួន​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​សម្រាប់​របាយការណ៍​កាល​ពី​ម្សិលមិញ ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ការ​ផ្ដន្ទា​ទោស​​ត្រឹម​ត្រូវ។ ប៉ុន្តែ​ដោយ​​សារ​តែ​ការ​ចុះ​បញ្ជី​​ករណី​​ដោយ​អង្គការ​លីកាដូ​ ​គ្មាន​​លក្ខណៈ​​​​ទូលំ​ទូលាយ​ គេ​ពិបាក​នឹង​​ចាត់​ទុក​​ថា​​វា​ជា​ការ​ប្រសើរ​ឡើង​ណាស់​។

លោកស្រី​​​មាន​​ប្រសាសន៍​​ថា ម្យ៉ាង​វិញ​ទៀត ភ្នាក់​ងារ​ឃ្លាំមើល​របស់​អង្គការ​លីកាដូ ​ដែល​បាន​ធ្វើ​ការ​​​​​ងារ​ពាក់​ព័ន្ធ​ករណី​ចាប់​រំលោភ​​​​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​បាន​មើល​​​​ឃើញ​ថា តាម​រយៈ​ការ​ដោះ​ស្រាយ​ករណី​មួយ​មិន​បាន​​ត្រឹម​ត្រូវ​ពី​សំណាក់​នគរ​បាល​ និង​​ព្រះរាជអាជ្ញា ធ្វើ​​ឲ្យ​ជន​រងគ្រោះ​ថ្មីៗ​​រក្សា​ភាព​​ស្ងាត់​ស្ងៀម​។​

លោក​ស្រី​​បាន​​​លើក​ឡើង​បន្ត​​​ទៀត​ថា “ប្រសិន​បើ​មនុស្ស​ម្នាក់​នៅ​​តំបន់​មួយ​មាន​បទ​ពិសោធន៍​អាក្រក់​​ដែល​ពួកគាត់​ប្រឈម​ការ​ទាម​ទារ​ការ​សូកប៉ាន់ ហើយ​ទីបំផុត​​ជន​ល្មើស​រួច​ខ្លួន​​ អ្នក​ជិត​ខាង​ទំនង​ជា​ឮ​រឿង​នេះ ដំណឹង​​​ចេះ​តែ​ផ្សាយ​តៗគ្នា​ ហើយ​ជន​រងគ្រោះ​ថ្មីៗ​នឹង​​​មាន​​ការ​រារែក”។

ទាក់​ទិន​បញ្ហា​នេះ​ លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មាន​ប្រសាសន៍​ថា លោក​​​បាន​ឃើញ​​របាយការណ៍​​របស់​អង្គការ​លីកាដូនេះ​ហើយ ប៉ុន្តែ​​​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​លើ​លទ្ធផល​រក​ឃើញ​ជាក់​លាក់​របស់​អង្គការ​នេះ​ឡើយ ពីព្រោះ​លោក​យល់​ថា វា​​មិន​​បាន​ពន្យល់​​ឲ្យ​បាន​គ្រប់គ្រាន់​​អំពី​វិធី​សាស្ត្រ​របស់​ខ្លួន​។ លោក​ថ្លែង​ថា ជា​ទូទៅ​តុលាការ និង​នគរ​បាល​​​អនុវត្ត​​តាម​​ច្បាប់ ​ហើយ​​​​អ្នក​ណា​​​ក៏​ដោយ​​ដែល​មាន​ភ័ស្តុ​តាង​ផ្ទុយ​ពី​នោះ​​ “​អាច​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថ​​កិច្ច​បាន ហើយ​យើង​នឹង​ចាត់​វិធានការ​”។

ទោះ​ជា​យ៉ាង​ណា លោក​បាន​ទទួល​ស្គាល់​​ថា ករណី​ចាប់​រំលោភ​​ខ្លះ​​ប្រហែល​ជា​ត្រូវ​បាន​ដោះ​ស្រាយ​​ដោយ​​ការ​សូក​ប៉ាន់ ​ហើយ​ថា ករណី​ព្រហ្ម​ទណ្ឌ​ខ្លះ​​​ប្រហែល​ជា​ត្រូវ​បាន​​បញ្ចប់​ដោយ​មិន​ត្រឹម​ត្រូវ​​។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា កំណែទម្រង់​​​បាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​ពុក​​រលួយ​។

លោក​​បាន​​គូស​បញ្ជាក់​ថា “​ជា​ទូទៅ​​យើង​ដឹង​ថា មាន​ភាព​មិន​ប្រក្រតី​ខ្លះ​ក្នុង​តុលាការ​។ នោះ​ជា​មូលហេតុ​ដែល​​មន្ត្រី​តុលាការ​មួយ​ ចំនួន​ត្រូវ​បាន​ផ្ដន្ទាទោស​។ យើង​គ្មាន​ស្ថិតិ​ ឬ​ទិន្ន​ន័យ​ច្បាស់​លាស់​ទេ ប៉ុន្តែ​យើង​ដឹង​ថា ​​មាន​​ការ​​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​មួយ​ចំនួន ហើយ​​ជន​ល្មើស​ច្បាប់​ត្រូវ​បាន​ផ្ដន្ទាទោស”។

និយាយ​ពី​ករណី​ចាប់​រំលោភ​ថ្មីបំផុត​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ខេត្ត​ត្បូងឃ្មុំ លោក បេង រិទ្ធី ​នាយ​ប៉ុស្តិ៍ឃុំ​ជាំក្រវៀន​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា យុវជន​ឈ្មោះ​ ​​នឹម ពៅ អាយុ​១៩​​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​​ពី​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់ពី​​ត្រូវ​នគរ​បាល​​ដេញ​​តាម​ចាប់​​ខ្លួន​​ដល់​ក្នុង​ចម្ការ​ដំឡូង​មី​ដែល​​ស្ថិត​នៅ​ក្រៅ​ភូមិ​របស់​ជន​ល្មើស។

លោក​​ថ្លែង​ថា យុវជន​ នឹម ពៅ ​ត្រូវ​​​បាន​​​​​តាម​ទាន់​ពេល​កំពុង​ធ្វើ​​សកម្ម​ភាព​​​ចាប់​រំលោភ​​​​ក្មេង​ស្រី​ជិត​ខាង​អាយុ​៧ឆ្នាំ​ដោយ​​ក្មេង​ស្រី​ម្នាក់​ទៀត​ដែល​បាន​ឃើញ​ពួកគេ​​ពេល​កំពុង​ជិះ​ម៉ូតូ ​និង​ដែល​បាន​​ដឹក​ក្មេង​ស្រី​រង​គ្រោះ​​ទៅ​ផ្ទះ​ នៅ​ពេល​​​ជន​​ល្មើស​​រត់​គេច​ខ្លួន។

លោក ចាន់ ឌុល ​នាយការិយាល័យ​នគរ​បាល​​​យុត្តិធម៌​​នៃ​អធិការដ្ឋាន​​ស្រុក​មេមត់​​ បាន​​​​មាន​ប្រសាសន៍​ថា កាលពី​ម្សិលមិញ​ យុវជន​ នឹម ពៅ ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​​ចាប់​រំលោភ​​មាន​​ស្ថាន​ទម្ងន់​ទោស​ ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ កង​ សុធា)​​​​​​​​​​​

 

 

 

The post របាយការណ៍​អង្គការ​លីកាដូ ​បង្ហាញ​ថា តុលាការ “ បរាជ័យ​​ធំធេង” ក្នុង​​ករណី​ចាប់​រំលោភ​​​ appeared first on ខេមបូឌា ដេលី.