ACU បដិសេធ​​​​​​សំណើ​​​សង្កេតការណ៍​​​ការ​​​ប្រឡង​​​ជ្រើស​​​រើស​​​សិស្ស​​​ចៅក្រម

យោង​​​តាម​​​លិខិត​​​មួយ​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​​​​ របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កាលពី​​​ម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​(ACU) បាន​​​បដិសេធ​​​សំណើ​​​មួយ​​​ពី​​​រាជបណ្ឌិត្យ​​​សភា​​​វិជ្ជាជីវៈ​​​តុលាការ​​​​​​​​​សុំ​​​ផ្តល់​​​អ្នក​​​សង្កេតការណ៍​​​​​​ក្នុង​​​ការ​​​ប្រឡង​​​ជ្រើសរើស​​​ចៅក្រម​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​ថ្មី​​​នៅ​​​ពេល​​​ខាង​​​មុខ។

លិខិត​​​ ដែល​​​ចុះ​​​កាល​​​បរិច្ឆេទ​ថ្ងៃ​​​សុក្រ និង​​​​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ លោក ​​​ឱម យិុនទៀង​​​ប្រធានACU បាន​​​និយាយ​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នឹង​​​មិន​​​សង្កេតការណ៍​​​លើ​​​ការ​​​ប្រឡង​​​ប្រចាំ​​​ឆ្នាំ​​​នៅ​​​ថ្ងៃ​​​ទី​​​៨​​​និង​​​ទី៩ ​​ខែ​​​ធ្នូ​​​នេះ​​​ទេ​​​ ពីព្រោះ​​​សាលា​​​នេះ​​​មិន​​​បាន​​​សហការ​​​ជា​​​មួយ​​​ ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ។

លិខិត ដែល​​​សរសេរ​​​ទៅ​​​លោក ឈន ​​​ព្រលឹង ​​​នៃ​​​រាជបណ្ឌិត្យសភា​​​នេះ​​​ និយាយ​​​ថា ​​​”ខ្ញុំ​​​សូម​​​ជម្រាប​​​ឯកឧត្ដម​​​​​​​​​ជ្រាប​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បដិសេធ​​​មិន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​សង្កេតការណ៍​​​លើ​​​ដំណើរ​​​ការ​​​ប្រឡង​​​ប្រជែង​​​ជ្រើស​​​រើស​​​សិស្ស​​​ចៅក្រម​​​ជំនាន់​​​ទី​​​៧​​​នៃ​​​រាជ​​​បណ្ឌិត្យ​​​សភា​​​វិជ្ជាជីវៈ​​​តុលាការ​​​ទេ ​​​ដោយ​​​​​​ហេតុ​​​ថា រាជបណ្ឌិត្យសភា​​​វិជ្ជាជីវៈ​​​តុលាការ​​​គ្មាន​​​ឆន្ទៈ​​​ និង​​​មិន​​​មាន​​​ការ​​​សហការ​​​ល្អ​​​ជា​​​មួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ”។

លិខិត​​​នោះ​​​មិន​​​បាន​​​រៀប​​​រាប់​​​លម្អិត​​​ថា ​​​រាជបណ្ឌិត្យ​​​សភា​​​ ដែល​​​​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​​​ដោយ​​​ក្រសួង​​​យុត្តិធម៌ មិន​​​បាន​​​សហការ​​​ជា​​​មួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយរបៀប​​​ណា​​​នោះ​​​ទេ។ លោក ឱម យិុន​​​ទៀង មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ។

លោក​​​ ឈន ព្រលឹង បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​មាន​​​ផែនការ​​​ជួប​​​ជាមួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​មួយ​​​រវាង​​​ស្ថាប័ន​​​ទាំង​​​ពីរ​​​ ពីព្រោះ​​​ក្រសួង​​​យុត្តិធម៌​​​តម្រូវ​​​ឲ្យ​​​ការ​​​ប្រឡង​​​នេះ​​​មាន​​​ការ​​​ឃ្លាំ​​​មើល​​​​​​ទាំង​​​ពី​​​សំណាក់​​មន្ត្រី​​​ក្រសួង ទាំង​​​មន្ត្រី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​តែង​​​តែ​​​​​​សហការ​​​ជាមួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ការ​​​ប្រឡង​​​កន្លង​​​មក។​​​ ការ​​​ប្រឡង​​​នេះ​​​តម្រូវ​​​ឲ្យ​​​មាន​​​វត្តមាន​​​អ្នក​​​​​​សង្កេតការណ៍​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ជួប​​​ជាមួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​ពិភាក្សា​​​រឿង​​​នេះ ​​​ហើយ​​​នឹង​​​ចង់​​​បាន​​​ការ​​​ពន្យល់​​​ចំពោះ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​ចង់​​​ឲ្យ​​​យើង​​​ធ្វើ”។

លោក​​​ អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​​​​នៅ​​​អង្គការ​​សិទ្ធិ​​​មនុស្ស​​​​លីកាដូ​​​​​​​​​​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ការ​​​ពារ​​​កុំ​​​ឲ្យ​​​មាន​​​​​​អំពើ​​​ពុក​​​រលួយ​​​​​​ក្នុង​​​ការ​​​ប្រឡង​​​ជ្រើស​​​រើស​​​ចៅក្រម ​​​និង​​​ព្រះរាជអាជ្ញា​​​ថ្មី គឺ​​​ជា​​​ជំហាន​​​ដ៏​​​សំខាន់​​​មួយ​​​ក្នុង​​​ការ​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​ពី​​​ប្រព័ន្ធ​​​តុលាការ​​​​​​មួយ​​​ដែល​​​​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​តិច​​​តួច​​​ពី​​​សាធារណជន។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ចៅក្រម​​​ជា​​​ផ្នែក​​​ ដ៏​​​សំខាន់​​​មួយ​​​នៃ​​​ប្រព័ន្ធ​​​តុលាការ​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​ ប្រសិនបើ​​​ ការ​​​ប្រឡង​​​នេះ​​​មិន​​​ប្រក្រតី​​​និង​​​ពុក​​​រលួយ​​​ វា​​​នឹង​​​ប៉ះពាល់​​​ជា​​​អវិជ្ជ មាន​​​ដល់​​​ប្រព័ន្ធ​​​តុលាការ​​​ ពីព្រោះ​​​សាធារណ ជន​​​តែងតែ​​​រិះ​​​គន់​​​ប្រព័ន្ធ​​​តុលាការ​​​យើង”។

“អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ដើរ​​​តួនាទី​​​​​​ដ៏​​​សំខាន់​​​មួយ​​​ក្នុង​​​ការ​​​​​​ប្រឡង​​​មធ្យម​​​សិក្សា​​​ ទុតិយ​​​ភូមិ​​​រាល់​​​ឆ្នាំ​​​ ហើយ​​​ការ​​​ប្រឡង​​ជ្រើស​​​រើស​​​​​សិស្ស​​​ចៅក្រម​​​​​​នេះ​​​ គឺ​​​រឹត​​​តែ​​​សំខាន់​​​ថែម​​​ទៀត​​​ ពីព្រោះ​​​វិជ្ជាជីវៈ​​​នៃ​​​ប្រព័ន្ធ​​​តុលាការ​​​​​​កំពុង​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់”៕និត

The post ACU បដិសេធ​​​​​​សំណើ​​​សង្កេតការណ៍​​​ការ​​​ប្រឡង​​​ជ្រើស​​​រើស​​​សិស្ស​​​ចៅក្រម appeared first on ខេមបូឌា ដេលី.