ប្រធានាធិបតីចិន ចូលរួមកិច្ចប្រជុំស្តីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីស

ប៉ារីស៖ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង មកធ្វើដំណើរមកដល់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ប្រធានាធិបតីចិន អមដំណើរដោយភរិយារបស់លោក លោកស្រី ផេង លីយូន និង មន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានមកដល់ទីក្រុងប្រទេសបារាំង។ លោក ស៊ី ជីងពីងនឹងថ្លែងសន្ទរកថានៅថ្ងៃចន្ទនេះ ដោយបង្ហាញពីកង្វល់បម្រែបម្រួលអាកាសធាតុ មុនពេលដែលលោកចាកចេញទៅកាន់ ប្រទេសស៊ីមបាវ៉េ និងអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការចិន-អាហ្វិ្រកនៅទីក្រុង Johannesburg។
ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល ០២ថ្ងៃនេះ លោក ស៊ី ក៏បានរំពឹងថានឹងជួបពិភាក្សាប្រធានាធិបតីបារាំង លោក Francois Hollande និង សហរដ្ឋអាម៉េរិក លោក Barack Obama បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់សព្វគ្រប់។
នេះជាលើទី ០១ហើយដែលមេដឹកនាំកំពូលប្រទេសចិន ចូលរួមកិច្ចប្រជុំយូអិន ស្តីពីបម្រែបម្រួលអាកាសធាតុ៕