មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន នៅ​ខេត្តកំពង់ចាម នឹង​បើកសម្ពោធ នៅ​ព្រឹក​ថ្ងៃទី​២​ធ្នូ​

ភ្នំពេញ: នៅ​ថ្ងៃទី​២​ធ្នូ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កីឡាហែលទឹក តេ​ជោ​សែន​។ មជ្ឈមណ្ឌល​កីឡាហែល​ទឹក តេ​ជោ​សែន នៅ​ខេត្តកំពង់ចាម បាន​ចំណាយ​ទឹកប្រាក់​ជិត ២​លាន​ដុល្លារ​អាមេរិក​។​

​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​សម្ពោធ​មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ថ្នាក់ដឹកនាំ​សហព័ន្ធ បាន​គោរព​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ធ្វើជា​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់ ដើម្បី​កាត់​ខ្សែបូ​សម្ពោធ​អាង​ហែល​ទឹក​ស្ដង់ដារ​អន្ដរជាតិ​មួយ​នេះ​។ សហព័ន្ធ ក៏​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​កីឡាហែលទឹក ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ស្របពេល​ជាមួយគ្នា​នោះ​ផងដែរ​។​

​លោក បាន​បញ្ជាក់ថា ការបង្កើត​ទីលាន​ហែល​ទឹក​ស្ដង់ដារ​អន្ដរជាតិ​បន្ថែម​មួយទៀត​នេះ លោក​រំពឹងថា វិស័យ​កីឡាហែលទឹក​កម្ពុជា នឹងមាន​ភាព​រីកចម្រើន​កាន់តែខ្លាំង ខណៈ​ខេត្តកំពង់ចាម គឺ​សំបូរ​ទៅដោយ​ធនធាន​កីឡាករ កីឡាការិនី​ហែល​ទឹកជា​ច្រើន ដែលជា​ទិសដៅ​ដ៏​សំខាន់ ដែល​ជំរុញ​ឲ្យ​សហព័ន្ធ​បង្កើត​អាង​ហែល​ទឹក​នៅ​ខេត្តកំពង់​ចាម​នេះ ដើម្បី​ចម្រាញ់​រក​អត្ត​ព​លិ​កមាន​ទេពកោសល្យ សម្រាប់​ត្រៀម​ប្រកួត SEA Games ឆ្នាំ​២០២៣ នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សូមជម្រាបថា មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន នឹង​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​ហែល​ទឹក សម្រាប់​កីឡាករ​ហែល​ទឹក និង​លោតទឹក និង​សម្រាប់​ការប្រកួត​ប្រជែង ហែល​ទឹក និង​លោតទឹក​ថ្នាក់​តំបន់​៕​