បឹងកេត របស់​កម្ពុជា ផ្តួល Yangon United FC របស់​មី​យ៉ាន់​ម៉ា ( ភូមា ) ៣ ទល់នឹង ០ កាលពី​យប់មិញ​

ភ្នំពេញ: ក្នុង​ការប្រកួត​កីឡាបាល់ទាត់ ក្នុង​ក្របខណ្ឌ​ជើងឯក Toyota Mekong Club ឆ្នាំ​២០១៥ កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៩​វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ ក្រុមបាល់ទាត់​កំពូល​តារាង​លី​ក​របស់​កម្ពុជា Boeung Ket Angkor FC បាន​ផ្តួល Yangon United FC របស់​មី​យ៉ាន់​ម៉ា ( ភូមា ) ៣ ទល់នឹង ០​។ ដូច្នេះ ក្រុមបាល់ទាត់ Boeung Ket Angkor FC ត្រូវ​ឡើងទៅ​ជួប​ជាមួយនឹង​ម្ចាស់​ជើងឯក Toyota Mekong Club ឆ្នាំ​២០១៤ គឺ​ក្រុម Becamex Binh Duong FC របស់​វៀតណាម នៅ​ថ្ងៃអាទិត្យ ទី​៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហាណូយ​។​

​ការប្រកួត​បាល់ទាត់​ជើងឯក "The Toyota Mekong Club Championship 2015" នាពេលនេះ មាន​ក្រុមបាល់ទាត់ ៥ ក្រុម មកពី ៥ ប្រទេស ដែល​ស្ថិត​នៅជាប់​ទន្លេមេគង្គ រួមមាន​៖ កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា​។ នៅ​ឆ្នាំ​២០១៥​នេះ ជា​ឆ្នាំ​ទី​២ ដែល​ក្រុមហ៊ុន​ឡាន តូ​យូ​តា បានជ្រើសរើស​យក​ក្រុមបាល់ទាត់​កំពូល​តារាង ក្នុងប្រទេស​និ​មួយៗ ដើម្បី​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ "The Toyota Mekong Club Championship" ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​។​

​កាលពី​ឆ្នាំ​២០១៤ "The Toyota Mekong Club Championship" មានតែ ៤ ប្រទេស​ចូលរួម​ប៉ុណ្ណោះ គឺ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។ ការប្រកួត​ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ប្រទេស​វៀតណាម​។ លទ្ធផល គឺ​ក្រុមបាល់ទាត់​កំពូល​តារាង​របស់​ប្រទេស​វៀតណាម Becamex Binh Duong FC បាន​លើក​ពាន "The Toyota Mekong Club Championship" ដោយ​យកឈ្នះ​ក្រុម Ayeyawady United FC របស់​មី​យ៉ាន់​ម៉ា ៤ ទល់នឹង ១​។​

​សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​ថ្មី នៅ​ឆ្នាំ​២០១៥​នេះ គឺ​កាលពី​ថ្ងៃអាទិត្យ ទី​១​វិច្ឆិកា ឆ្នាំ​២០១៥ ការប្រកួត​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ បឹងកេត អង្គរ របស់​កម្ពុជា បាន​យកឈ្នះ Lao Toyota FC របស់​ឡាវ ២ ទល់នឹង ០​។​

​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា Yangon United FC របស់​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ Lao Toyota FC ៥ ទល់នឹង ២​។​

​នៅ​យប់​ថ្ងៃអាទិត្យ ទី​២៩​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ Boeung Ket Angkor FC របស់​កម្ពុជា បាន​យកឈ្នះ Yangon United FC របស់​មី​យ៉ាន់​ម៉ា ( ភូមា ) ៣ ទល់នឹង ០​។​

​ដោយឡែក នៅ​ថ្ងៃអាទិត្យ ទី​៦​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម Becamex Binh Duong FC របស់​វៀតណាម ត្រូវ​ប្រកួត​ជាមួយ​ក្រុម Boeung Ket Angkor FC របស់​កម្ពុជា​។​

​ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២០​ធ្នូ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ គឺជា​ការប្រកួត​ផ្តាច់ព្រ័ត្រ រវាង BURIRAM UNITED FC របស់​ថៃ ជាមួយ​ក្រុមបាល់ទាត់ ដែល​ឈ្នះ​នៃ​ការប្រកួត នា​ថ្ងៃទី​៦​ធ្នូ​៕​