​ចោរ​១​ក្រុម ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ប្តី​ប្រពន្ធ ២​នាក់ បានសម្រេច

​កំពត: ចោរប្លន់​ប្រដាប់អាវុធ ១​ក្រុម មាន​គ្នា​៣​នាក់  ជិះ​ម៉ូតូ​ស្មាស់ ២​គ្រឿង ប្រើ​អាវុធ AK ១​ដើម បាន​ស្ទាក់ផ្លូវប្លន់​យក​ម៉ូតូ ២​នាក់​ប្តី​ប្រពន្ធ បានសម្រេច​ហើយ​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មាន​រិ​ទ្ធិ ស្រុក​ដងទង់ ខេត្តកំពត​។

​ជនរងគ្រោះ​ជា​ប្តី ឈ្មោះ​អ៊ួ​ង សូ​ណា​ង អាយុ​២៨​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ​សែម ណាវ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដំណាក់​អំពិល ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​។​

​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ក្រុមចោរប្លន់​មាន​គ្នា ៣​នាក់ ជិះ​ម៉ូតូ​ស្មាស់ ២​គ្រឿង ប្រើ​អាវុធ​AK ១​ដើម បាន​ស្ទាក់ផ្លូវ​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ ជិះ​ឌុប​គ្នា ២​នាក់​ប្តី​ប្រពន្ធ បានសម្រេច​។ ម៉ូតូ​នោះ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ អត់​ពាក់​ស្លាក​លេខ ១​គ្រឿង​។

​ក្នុង​សកម្មភាព​ប្លន់​នេះ ពួកក្រុម​ចោរ បាន​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​របួសស្រាល ហើយ​ពួកវា បាន​គំរាម​យក​ម៉ូតូ ពី​ជនរងគ្រោះ រួច​ជិះ​យកទៅ​បាត់ ដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់ថា នៅ​ម៉ោង​ប្រមាណ ៧​និង​១៩​នាទី យប់ ថ្ងៃទី​២៩ ខែវិច្ឆិកា ដដែល ក៏​កើតមាន​ករណី​ប្លន់​ប្រដាប់អាវុធ​ដែរ ដែល​កើតឡើងនៅផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ​មួយកន្លែង របស់​ជនរងគ្រោះ ឈ្មោះ អ៊ូ យ៉ា​ត ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ស្ថិតក្នុង​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​ក្រុមចោរប្លន់​មាន​គ្នា ៤ នាក់ ជិះ​ម៉ូតូ​សង់ ១​គ្រឿង ប្រើ​អាវុធ AK ១​ដើម និង​ពូថៅ ១​ដើម បានធ្វើ​សកម្មភាព​ប្លន់ តែ​មិនបាន​សម្រេច​ទេ ត្រូវ​បែកការណ៍ ខណៈ​មាន​ភ្ញៀវ​ចូល​ទិញ​ឥ​វ៉ាន់ ជាមួយ​ផងដែរ ហើយ​ពួកវាក៏​គេចចេញ រួច​ឡើង​ជិះ​ម៉ូតូ ទៅ​ទិស​ខាងជើង សំដៅ​ចូលទៅក្នុង​ទឹកដី​ស្រុក​ដងទង់ បាត់ទៅ​៕V​/S

​ចោរ​១​ក្រុម ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ប្តី​ប្រពន្ធ ២​នាក់ បានសម្រេច