រឿង ​“វិស្សមកាល​មរណៈ” យ៉ាដាវ ថត​បាន​៥ថ្ងៃ​ឈប់​ថត


រឿង ​“វិស្សមកាល​មរណៈ” យ៉ាដាវ ថត​បាន​៥ថ្ងៃ​ឈប់​ថត

តារា​សម្ដែង ​កញ្ញា អេន យ៉ាដាវ ដែល​ធ្លាប់​អះអាង​​ថា ទើប​ហាត់​​ចេះ​ក្បាច់​គុន​ខ្មែរ​ចេះ​ជាង​១០​ក្បាច់ ដើម្បី​ថត​ខ្សែភាពយន្ត​រឿង​“វិស្សមកាល​មរណៈ”  នោះ បាន​ប្រាប់ Sabay វិញ​ថា នាង​ឈប់​ថត​រឿង​មួយ​នេះ​ហើយ ក្រោយ​ថត​បាន៥ថ្ងៃ។

 

 

រឿង ​“វិស្សមកាល​មរណៈ” យ៉ាដាវ ថត​បាន​៥ថ្ងៃ​ឈប់​ថត

 

 

មូលហេតុ​ដែល​នាំ​ឲ្យ អេន យ៉ាដាវ  សម្រេច​ឈប់​ថត​ត្រូវ​បាន​នាង​ប្រាប់​ថា មក​ពី​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា។ យ៉ាដាវ មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុម​ការងារ​ដែល​​ធ្វើ​ការ​មិន​ចុះ​​សម្រុង​​គ្នា​នោះ​ឡើយ ប៉ុន្តែ​នាង​លើក​ឡើង​ថា ស្ដាយ​ដែល​បាន​ខំ​ប្រឹង​​ចំណាយ​ពេល​ជា​ច្រើន ទាំង​ការ​ហាត់​ក្បាច់​គុនក៏​ដូច​ជា​ការ​ថត ដោយ​មិន​ខ្លាច​នឿយហត់ ខាត​ពេល​រក​ស៊ី ប៉ុន្តែ​ចុង​ក្រោយ បែរ​ជា​មិន​បាន​ដូច​ចិត្ត។

 

 

“ខ្ញុំ​អត់​ចង់​និយាយ​​ច្រើន​ទេ ខ្ញុំ​ប្រឹង​ខ្លាំង​ណាស់ ពិសេស​រឿង​ហាត់​ក្បាច់​គុន​ហ្នឹង តែ​ខ្ញុំ​ធ្វើ​អី​ក៏​ខុសៗ គេ​ចេះ​តែ​មើល​បំណាំ​ខ្ញុំ​រហូត” អេន យ៉ាដាវ ថ្លែង។តាម​ការ​​អះអាង​របស់​យ៉ាដាវ ការ​​សម្រេច​ចិត្ត​ឈប់​ថត​ទាំង​ដើម​ទី​នេះ គឺ​ស្ថិត​តាម​ការ​យល់​ព្រម​ទាំង​សង​ខាង ហើយ​ការ​ទូទាត់​តម្លៃ​ខ្លួន​នៃ​ការ​ថត ​ក៏​បាន​ទូទាត់​​រួច​គ្នា​ហើយ​ផង​ដែរ។
 

រឿង ​“វិស្សមកាល​មរណៈ” យ៉ាដាវ ថត​បាន​៥ថ្ងៃ​ឈប់​ថត
 

ផ្ទុយ​ពី​ការ​អះអាង​ខាង​លើ អ្នក​ស្រី ថុង ស៊ីវទៀង ម្ចាស់​​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ភាពយន្ត បញ្ជាក់​ថា មូលហេតុ​ដែល​​នាំ​ឲ្យ​ផលិតកម្ម​សម្រេច​ចិត្ត​​​ជ្រើស​តួ​ថ្មី​ជំនួស ក៏​ព្រោះ​តែ  យ៉ាដាវ សម្ដែង​មិន​ទាន់​​ដល់​នូវ​​​អ្វី​ដែល​ផលិតកម្ម​ចង់​បាន ហើយ​ម្យ៉ាង​ទៀត តារា​ស្រី​ម្នាក់​នេះ​ជាប់​​រវល់​ការ​រក​ស៊ី​ច្រើន មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ថត​ផង។

 

“ខ្ញុំ​ធ្វើ​កុន​ជាង​២០ឆ្នាំ​ហើយ​រឿង​អី​ខ្ញុំ​មិន​ដឹង សម្ដែង​មិន​ទាន់​ដល់​ទេ ខ្លាច​សង្សារ​​ប្រចណ្ឌ ព្រោះ​គាត់​យក​សង្សារ​​ទៅ​រហូត ហើយ​​មួយ​​ទៀត​ គាត់​​​រវល់​រឿង​រកស៊ី​ច្រើន ខ្ញុំ​ចង់​ធ្វើ​​រឿង​នេះ​ឲ្យ​​បាន​ល្អ ចឹង​សម្រួល​គ្នា​ដាក់​តួ​ថ្មី​ទៅ តែ​ខ្ញុំ​បាន​និយាយ​ជា​មួយ​គ្នា​ហើយ រឿង​ក្រោយៗ​ខ្ញុំ​យក​គាត់​​វិញ “។អ្នក​ស្រី ថុង ស៊ីវទៀង ថ្លែង​បញ្ជាក់។

 
តាម​ការ​អះអាង​របស់ អ្នក​ស្រី ថុង ស៊ីវទៀង តារា​ស្រី​ដែល មក​ជំនួស​តំណែង អេន យ៉ាដាវ​នោះ មាន​ឈ្មោះ​​ថា សូណា ហើយ​​ប្លង់​ដែល​បាន​ថត​ទាំង៥ថ្ងៃ​កន្លង​មក គឺ​ត្រូវ​ថត​សារ​ឡើង​វិញ​ទាំង​អស់។ ទោះ​ជា​បែប​នេះ​ក្ដី ម្ចាស់​ផលិតកម្ម​រូប​នេះ មិន​បាន​ស្ដាយ​ពេល​វេលា​ និង​ថវិកា​​ដែល​បាន​ចំណាយ​ទៅ​ឡើយ អ្វី​ដែល​ផលិតកម្ម​ចង់​បាន​​​នោះ គឺ​គុណភាព។
 

រឿង ​“វិស្សមកាល​មរណៈ” យ៉ាដាវ ថត​បាន​៥ថ្ងៃ​ឈប់​ថត
 

បច្ចុប្បន្ន​ខ្សែភាពយន្ត​រឿង ​“វិស្សមកាល​មរណៈ”  ដែល​បាន​ក្រុង​ពាលី​រហូត​ដល់​ទៅ២លើក​នេះ បាន​ដំណើរ​ការ​ថត​ប្រមាណ​ជា៦០ភាគ​រយ​មក​ហើយ ។ ខ្សែភាពយន្ត​​មួយ​នេះ គ្រោង​ចំណាយ ជាង៣ ម៉ឺន​ដុល្លារ  ហើយ​ក្រោយ​ពី​ថត​ចប់ នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។
អ្នក​ស្រី ថុង ស៊ីវទៀង បាន​សម្ដែង សុទិដ្ឋិនិយម​ថា រឿង​ “វិស្សមកាល​​មរណៈ”  នឹង​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង​ជាក់​ជា​មិន​ខាង ត្បិតអី​តារា​សម្ដែង ​ក៏​ដូច​​ជា​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ក្នុង​រឿង​នេះ អ្នក​ស្រី​បាន​ជ្រើសរើស​សុទ្ធតែ​ជា អ្នក​ដែល​មាន​សមត្ថភាព​ខ្លាំង​ទាំង​អស់៕
 

អត្ថបទ៖ ខុត សីហា