សមត្ថកិច្ច​អភិរក្ស​ជីវៈចម្រុះ​សីមា បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ដែល​មិន​បង់លុយ​តាម​ការកំណត់

កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​ការពារ​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ចំនួន​៤​គ្រឿង​យកមក​រក្សាទុក​នៅ​ស្នាក់ការ​របស់ខ្លួន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ប្រតិបត្តិ​ការដឹកនាំ​ដោយ​លោក ស្វាយ សុ​វណ្ណា ប្រធាន​ក្រុម​ល្បាត​អភិរក្ស​ជីវៈចម្រុះ​សីមា ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​លើកឡើងថា ធ្វើបាន​តិចតួច​ក្នុងខណៈដែល​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​សមត្ថកិច្ច​បង្ក្រាប​តែ​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ដែល​ម្ចាស់​មិន​បង់លុយ​តាម​ការកំណត់ ចំណែក​ម្ចាស់​រថយន្ត​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច គឺអាច​ធ្វើ​អ្វីៗ​ដោយ​គ្មាន​ការរំខាន​។

​សូមបញ្ជាក់ថា​កម្លាំង​ល្បាត​អភិរក្ស​ជីវៈចម្រុះ​សីមា បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​២​គ្រឿង​នៅ​ភូមិ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ បន្ទាប់មក​កម្លាំង​ល្បាត​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​ទៀត​នៅលើ​ផ្លូវជាតិ​លេខ​៧៦​អា ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា ស្ថិតនៅក្នុង​ឃុំ​ស្រែ​ខ្ទុ​ម និង​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​កែច្នៃ​១​គ្រឿង​ដឹកឈើ​ប្រណីត​នៅ​ចំណុច​ឃុំ​ឆ្នែង ស្រុក​កែវ​សីមា វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ដដែល​។ ក្នុងចំណោម​រថយន្ត​ដឹកឈើ​ប្រណីត​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ គឺមាន​រថយន្ត​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ទៀតផង ហើយ​សមត្ថកិច្ច​មិន​ហ៊ាន​វែកមុខ​ជនល្មើស​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ កាលពី​រំលងអធ្រាត្រ​និង​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា រថយន្ត​ទី​១-​ម៉ាក​ធុន​ដ្រា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-7911 រថយន្ត​ទី​២-​ម៉ាក​ឡង់​គ្រឺ​ស័​រ គ្មាន​ស្លាក​លេខ រថយន្ត​ទី​៣-​ម៉ាក​កាមរី​ស្វិត ពណ៌​កណ្ដុរ​ប្រមេះ គ្មាន​ស្លាក​លេខ និង​រថយន្ត​ទី​៤-​ម៉ាក​សាំ​យ៉ុង​កែច្នៃ គ្មាន​ស្លាក​លេខ​។ រថយន្ត​ទាំង​៤​គ្រឿង​នេះ ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញៗ ហើយ​នៅពេល​សមត្ថកិច្ច​បង្ក្រាប​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​បាត់អស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មកពី​ម្ចាស់​រថយន្ត​ដឹកឈើ​មិន​បង់លុយ​ឲ្យ​លោក ស្វាយ សុ​វណ្ណា ប្រធាន​ក្រុម​ល្បាត​អភិរក្ស​ជីវៈចម្រុះ​សីមា និង​លោក មាគ វុ​ឌ្ឍី ប្រធាន​គម្រោង​អភិរក្ស​ជីវៈចម្រុះ​សីមា ទើប​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​តែម្តងទៅ​៕

12309279_926943080732616_861803697_n 12319707_926943067399284_1038014012_n 12312208_926943100732614_212306366_n