សភា​សហភាព​អឺរ៉ុប តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​

កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋសភា​កម្ពុជា ដឹកនាំ​ដោយ​លោក ហេង សំរិន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ចោទ​សភា​សហភាព​អឺរ៉ុប​ថា ធ្វើការ​វាយតម្លៃ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ពាក់ព័ន្ធ​សំណុំរឿង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សជំទាស់ និង​មន្ត្រី​គណបក្ស​នេះ​មួយចំនួនទៀត ធ្វើឡើង​ដោយ​បុរេវិនិច្ឆ័យ​ពុំមាន​មូលដ្ឋាន​អព្យាក្រឹត និង​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុមអ្នកវិភាគ​នយោបាយ​បាន​រិះគន់ថា រដ្ឋសភា​ដឹកនាំ​ដោយ​លោក ហេង សំរិន កំពុង​ព្យាយាម​បិទបាំង​ការពិត​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្នុងខណៈដែល​សភា​សហ​ភាព​អឺរ៉ុប​បាន​តាមដាន​យ៉ាង​ដិតដល់​គ្រប់​រឿងរ៉ាវ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​ករណី​សភា​សហភាព​អឺរ៉ុប ព្រមាន​កាត់ផ្តាច់​ជំនួយ​ពី​កម្ពុជា​នោះ ជាការ​សម្រេចចិត្ត​ផ្ទាល់​របស់​សភា​សហគម​ន៍​អន្តរជាតិ​មួយ​នេះ មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​លោក សម រង្ស៊ី ឡើយ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​«​យើង​យល់ឃើញថា នោះ​ជាការ​សម្រេចចិត្ត​របស់​សភា​សហគមន៍​អឺរ៉ុប យើង​ពុំមាន​ឥទ្ធិពល​អ្វី​ដើម្បី​ទៅ​បង្គាប់បញ្ជា​លើ​សភា​សហគមន៍​អឺរ៉ុប​ទេ​។ យើង​គិតថា​សភា​សហគមន៍​អឺរ៉ុប ប្រហែលជា​បាន​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​»​។ ស្រប​នឹង​ការលើកឡើង​របស់លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ដូចខាងលើ គឺ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​បញ្ជាក់ថា សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​បិទបាំង​ការពិត​បានឡើយ ជាពិសេស​ការគំរាមកំហែង​លើ​គណបក្សជំទាស់​។

អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា បាន​វាយតម្លៃថា លោក សម រង្ស៊ី មេដឹកនាំ​គណបក្សជំទាស់ ពុំមាន​ឥទ្ធិពល​អ្វី​ក្នុង​ការជំរុញ​ឲ្យ​សភា​សហភាព​អឺរ៉ុប ព្រមាន​កាត់​ជំនួយ​៤៣៥​លាន​ដុល្លារ​សម្រាប់​កម្ពុជា​នោះទេ​។ សេចក្តីសម្រេចចិត្ត​រប​ស់​សភា​សហភាព​អឺរ៉ុប គឺ​កើតឡើង​ក្រោយពេល​គេ​តាមដាន​ដោយ​យកចិត្តទុកដាក់ ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មានន័យថា​សហគមន៍​អន្តរជាតិ​មើលឃើញ​ការពិត​ដោយ​ខ្លួនឯង​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ហ៊ាន​ទទួលស្គាល់​ការពិត​ចំពោះ​ទង្វើ​របស់ខ្លួន​ដែល​នាំ​ឲ្យ​សភា​សហភាព​អឺរ៉ុប​ព្រមាន​ផ្ដាច់ជំនួយ​៤៣៥​លាន​ដុល្លារ​អាមេរិក​។

អ្នកវិភាគ​នយោបាយ​បាន​ទទួលស្គាល់ថា ការព្រមាន​កាត់​ផ្តាច់ជំនួយ​៤៣៥​លាន​ដុល្លារ គឺជា​សិទ្ធិ​របស់​សភា​សហភាព​អឺរ៉ុប ដែល​បាន​មើលឃើញ​ការពិត​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។ មានន័យថា ប្រសិនបើ​ជំនួយ​ត្រូវបាន​កាត់ផ្តាច់​មែន ជាការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​កម្តៅ​នយោបាយ​កើនឡើង​និង​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សជំទាស់​តាម​គ្រប់​រូបភាព​។ រាល់​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅលើ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សជំទាស់ ព្រមទាំង​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​មិនអាច​បិទបាំង​ការពិត​បានទេ ព្រោះ​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ជាច្រើន​មាន​ស្ថានទូត និង​ស្ថាន​តំណាង​នៅក្នុង​ប្រទេស​កម្ពុជា​៕

Pic18 Pic19 Pic20