ចាក់​ដី​​លុប​ប្រឡាយ​បឹងក្រពើ សង្ស័យ​បង្កប់​ដោយអំពើពុក​រលួយ​រាប់​លានដុល្លារ​

រាជធានីភ្នំពេញ ៖ ឧកញ៉ា​ទី ពិសិដ្ឋ ពេលនេះ​ត្រូវ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ឬ​ប្រមាណ​លើ​សពី​៥០០គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ដំណាក់ធំ សង្កាត់ស្ទឹង​មានជ័យ រាជធានីភ្នំពេញ ចោទប្រកាន់​ថា បានរំលោភ​យកប្រឡាយ​បឹងក្រពើ ដោយចាក់ដី​បំពេញ​អស់ទៅ​ហើយ ចាក់ទាំង​យប់​ចាក់ទាំងថ្ងៃ ។

​អ្នក​រស់នៅ​អម​សងខាង​ប្រឡាយ​បឹងក្រពើ ដែល​អ្នកខ្លះថា ជា​កន្ទុយ​បឹងក្រពើ ឃើញរថយន្ត​ដឹក​ដី​ចាក់​បំពេញ​ទាំងយប់​ទាំង​ថ្ងៃ​បែប​នេះ គេ​នាំគ្នា​ប្តឹង ដើម្បីឱ្យ​បញ្ឈប់​ការរំលោភ​ ប៉ុន្តែ​​ពាក្យ​បណ្តឹង​ម្តងហើយ​ម្តងទៀត កប់បាត់​នៅ​កន្លែ​ងទទួល​ ហាក់​ដូចខ្លាច​អំណាច​ឧកញ៉ា ទី ពិសិដ្ឋ ។

អភិបាល​ខណ្ឌ​មានជ័យឆ្លើយថា ឃើញគេ​ចាក់ដីលុប​ដែរ តែ​គាត់​អត់ហ៊ានទេ ។ ចៅ​សង្កាត់​ស្ទឹង​មានជ័យ ក៏ឆ្លើយ​ដូចគ្នា​ដែរ ដោយ​និយាយថា ខ្ញុំ​រដ្ឋអំណាច​ថ្នាក់​ក្រោម មិនហ៊ាន​រារាំង​ការ​រំលោភ​ដ៏​អា​ក្រក់នេះទេ ។

ចំណែក​លោកប្រធាន​ភូមិ​និយាយថា គាត់​ឈឺ​ចាប់​ជាមួយប្រជាជន ប៉ុន្តែ​ធ្វើ​ម៉េច​បើ​គេ​អត់​និយាយជាមួយ​ផង ។ រដ្ឋអំណាច​ភូមិ​ដំណាក់ធំនិយាយថា ប្រឡាយ​​បឹង​ក្រពើ​ដែល​លុប​នេះ មាន​ទំហំជិត​៣ហិកតា​ ដែល​អ្នកភូមិ​រស់​នៅ​អម​សងខាង​ អត់​ហ៊ាន​រំលោភ​ផង​ ស្រាប់តែ​ឧកញ៉ា​ ទី ពិសិដ្ឋ មកពី​សង្កាត់អូរប្ញស្សី​រំលោភ​យកអស់​។

កោះសន្តិភាព​មិន​​ទាន់​ស្វែង​រក​ការ​បំភ្លឺ​ណា​មួយ​ច្បាស់លាស់​បាន​នៅឡើយទេ ទាំងអ្នក​រំលោភ​ ទាំងអ្នក​ឱ្យ​គេរំលោភ ។

គួរកត់សម្គាល់​ថា ប្រឡាយ​បឹង​ក្រពើ​មាន​ប្រវែង​ជាង​៣០០ម៉ែត្រ មិន​មែន​ជា​ស្រះ​ទឹក មិន​មែនជា​អណ្តូង ហើយ​ក៏​មិន​​មែន​កម្ម​សិទ្ធិ​​បុគ្គ​លិក​ឯក​ជន​ណាម្នាក់ឡើយ ។ ដូច្នេះ​ ការ​ចាក់​ដីលុបរំលោភ​យក​ដោយរលូនបែបនេះ មានគេនិយាយពីមាត់​មួយ​ទៅ​មាត់​មួយថា បានបង្កប់​ទៅ​ដោយអំពើ​ពុករលួយរាប់លានដុល្លារ​ ទើបសម្រេច ។

ផ្ទៃដី​ដែលរំលោភ​នេះ មានទំហំដែល​លោក​ម្ចាស់​ថ្លើម​ថ្លៃ​​សុរិយោដីវាស់ប្រគល់​មាន​២៣.២៤៨ម៉ែត្រការ៉េ ដែល​បច្ចុប្បន្ន​​មាន​តម្លៃ​​ហាង​ឆេង​ប្រមាណ​១.០០០​ដុល្លារ ក្នុង​មួយម៉ែត្រ​ការ៉េ ។