ប្រទះ​ឃើញ​​សព​ក្មេង​ស្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​ក្នុង​ស្រែ

ខេត្តពោធិ៍សាត់ ​៖​ ក្មេង​ស្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​រួច​អូស​សពយក​ទៅ​ចោល​ក្នុង​ស្រែ​ ​ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ វិច្ឆិកា ២០១៥​ នៅ​ចំណុច​ទួល​សា​រៀង​ ស្ថិត​ក្នុងភូមិ​សា​រៀង ​ឃុំ​ស្រែ​ស្ដុក ​ស្រុក​កណ្ដៀង​ ​​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​៥០០​ម៉ែត្រ​។

លោក​វរសេនីយ៍ត្រី​លីវ សេង​ហ៊ី​ម​ អធិការ​នគរបាល​ស្រុក​កណ្ដៀង​ឲ្យ​ដឹង​ថា​ សាកសព​ក្មេង​ស្រី​ដែល​គេ​ប្រទះ​ឃើញ​នោះ​ឈ្មោះ​សៅ សុខ​ អាយុ​១៥​ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដំបង​ឫស្សី​បែក​មុខ​ខ្ទេច​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រួច​ហើយ​បាន​អូស​យក​ទៅ​ចោល​ក្នុង​គុម្ព​សន្ទូង​ម្ដុំ​ទួល​សា​រៀង​។

​សមត្ថកិច្ច​បាន​សួរនាំ​ទៅ​ក្រុម​គ្រួសារ​ថា ក្មេង​ស្រី​នេះ​បាន​បាត់​ពី​ផ្ទះ​កាលពី​យប់​ថ្ងៃ​ទី​២៨​ ហើយ​ឪពុក​ ម្តាយ​ ​បងប្អូន​បាន​ដើរ​រក​ពេញ​មួយ​យប់​តែ​មិនឃើញ លុះ​ព្រឹក​ឡើង​ស្រាប់តែ​អ្នកស្រុក​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ស្រែ​តែ​ម្ដង​។​

លោក​អធិការ​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ធ្វើ​កោសល្យ​វិច័យ​រួច​បញ្ជាក់​ថា​ ក្មេង​ស្រី​នេះ​មិន​មានការ​រំលោភ​នោះ​ទេ​ គឺ​វាយ​សម្លាប់​តែ​ម្ដង ប៉ុន្តែ​មិនដឹង​ថា ​ជា​រឿង​គំនុំ​ ឫ​មួ​យក៏​ជន​ដៃដល់​ចាប់រំលោភ​មិន​បាន​សម្រេច​ហើយ​វាយ​សម្លាប់​ដើម្បី​បំបិទ​ភស្ដុ​តាង​នោះ​ទេ​។

សមត្ថកិច្ច​​​កំពុង​សហការ​គ្នា​ស្រាវជ្រាវ​ករណី​មនុស្សឃាត​ដោយ​ចេតនា​នេះ​ដើម្បី​វែកមុខ​រក​ឃាតករ​​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕ ​