​​បញ្ជូន​កូន​បុ្រសកាប់​ម្តាយ​ឯង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​​ព្រឹក​​នេះ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យបាន​បញ្ជូន​ជនសង្ស័យ​ជា​កូនបង្កើត​យក​កាំបិត​ប៉័ង​តោ​កាប់​ទៅ​លើ​ក្បាល​ម្តាយ​របស់​ខ្លួន​ចំនួន​២​កាំបិតបណ្តាល​ឲ្យ​រង​របួសធ្ងន់​ដេរ​ចំនួន​១៨​ថ្នេរ ទៅ​សាលាដំបូង​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា​ ​២០១៥​នេះ​ហើយ​។

លោក​វរសេនីយ៍ត្រី​ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹង​ថា​ ​យុវជន​ឈាមរាវ​មាន ឈ្មោះ អ៊ុំ អន អាយុ​៣២​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ​​។​

ជន​នេះ កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៧ វិច្ឆិកា​ ២០១៥​ កន្លង​ទៅ​​ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ទាញ​យក​កាំបិត​ប៉័ង​តោកាប់​ទៅ​លើ​ម្តាយបង្កើត​របស់​ខ្លួន​ឈ្មោះ​យ៉ែ​ម ឈ​ន អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​។

លោកនាយ​ការិយាល័យ​ក៏​បាន​បញ្ជាក់​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​នេះបាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ​គេ​ស្រា​វឹង​ស្រា រួច​មក​សុំ​លុយ​ម្តាយ​ដើម្បី​ទៅ​ទិញ​ស្រា​ផឹក​បន្ថែម​ទៀត តែ​ម្តាយ​គេ​មិន​ឲ្យ​ហើយ​បានយក​ដំបង​វាយ​គេ​ឲ្យ​របួស​ក្បាល​ អត់ទ្រាំ​មិន​បានគេ​ក៏​យក​កាំបិតប៉័ង​តោ​កាប់​ទៅ​លើ​គាត់​ត្រូវ​ចំ​ក្បាល​បណ្តាល​ឲ្យ​របួស ហើយ​​ត្រូវ​​​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​ឃាត់ខ្លួន​តែ​ម្តង​៕
   ​