វិធី​លាង​សម្អាត​ពោះវៀនធំ​

វិធី​លាង​សម្អាត​ពោះវៀនធំ​

​មាន​វិធី​៣​យ៉ាង​ដែល​អ្នក​អាច​ប្រើ​បាន​ដើម្បី​លាង​សម្អាត​ពោះវៀន​ធំ ធ្វើឱ្យ​មាន​សុខភាព​ល្អ​។​

ក​- តាមរយៈ​ចំណីអាហារ​
១- ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​
 
​ជាតិ​សរសៃ​អាច​ប្រៀប​បាន​ទៅ​នឹង​អំបោស​ដែល​អ្នក​ប្រើ​ដើម្បី​បោសសម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​អីចឹង​ដែរ​។ វា​ជា​សារជាតិ​ចិញ្ចឹម​រាងកាយ​ដែល​មិន​ត្រូវបាន​រំលាយ​ទេ ក៏​ប៉ុន្តែ​វា​ជួយ​ឱ្យ​ពោះវៀន​កន្ត្រាក់​បានល្អ និង​ជួយ​សម្អាត​ពោះវៀន​។ ការ​ញ៉ាំ​ជាតិ​សរសៃ​អាចជួយ​លាង​សម្អាត​ពោះវៀនធំ​បាន​។​
​ជាតិ​សរសៃ​មាន​នៅក្នុង​គ្រាប់​ធញ្ញជាតិ ផ្លែ​ស្ត្រ​ប៊ែ​រី ផ្លែ​ប៉ោម សណ្តែក និង​បន្លែស្រស់​។ អ្នក​ត្រូវ​ញ៉ាំ​ជាតិ​សរសៃ​ឱ្យបាន​ពី​២០​ទៅ​៣៥​ក្រាម​ក្នុង​១​ថ្ងៃៗ​។ វា​មិន​គ្រាន់តែ​មាន​រសជាតិ​ឆ្ងាញ់​តែ​ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​ជួយ​ធ្វើឱ្យ​មាន​សុខភាព​ល្អ និង​ជួយ​ឱ្យ​ស្រក​ទម្ងន់​ទៀតផង​។​
 

២- ផឹកទឹក​ឱ្យ​ច្រើន​
 
​ទឹក​សំខាន់​ណាស់ វា​ធ្វើឱ្យ​សរីរាង្គ​ទាំងអស់​មាន​ដំណើរការ​បានល្អ​។ អ្នក​បាន​ឮ​ហើយ ថា​គេ​ឱ្យ​ផឹកទឹក​ឱ្យបាន​៨​កែវ​ក្នុង​១​ថ្ងៃ​៖ តាមពិតទៅ បរិមាណ​ទឹក​ប៉ុនណា​មិន​សំខាន់​ទេ សំខាន់​គឺ​កាលណា​នោម​ទៅ ទឹកនោម​មាន​ពណ៌​លឿងខ្ចី​និង​ថ្លា នោះ​គឺ​ល្អ​ហើយ​។ បើ​ទឹកនោម​ពណ៌​រាង​ក្រ​ម៉ៅ អ្នក​ត្រូវ​ផឹកទឹក​ថែមទៀត​។​
​និយាយ​ពី​ផឹកទឹក​នេះ សុរា​និង​កាហ្វេ​មិន​ចាត់បញ្ចូល​ជា​មួយ​ផង​ទេ ព្រោះ​វា​ធ្វើឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ទៅ​វិញ​ទេ​។ ផឹកទឹក​ច្រើន វា​ជួយ​មិន​ឱ្យ​ទល់លាមក​ផងដែរ​។​

៣- ញ៉ាំ​ចំណី​ជូរ​ផ្អូម
 
​ដូចជា​ជ្រក់ យ៉ា​អួរ គឹមឈី ។​ល​។ ព្រោះ​វា​ជួយ​ធ្វើ​សំយោគ​សារជាតិ​ចិញ្ចឹម​មួយចំនួន រំលាយ​ជាតិពុល និង​បង្កើន​បាក់តេរី​ល្អ​នៅក្នុង​ពោះវៀន​។​

៤- ញ៉ាំ​បន្លែ​បៃតង​ឱ្យ​ច្រើន​
 
​ជាតិ​ក្លរ៉ូ​ហ្វ៊ីល​ដែល​ធ្វើឱ្យ​បន្លែមា​ន​ពណ៌​បៃតង ក៏​ជួយ​លាង​សម្អាត​និង​បន្ធូរ​ជាលិកា​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ផងដែរ​។​
 

​ខ​- តាមរយៈ​ការផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​
១- ការធ្វើ​សកម្មភាព​រាង​កាយ​
 
​ការ​នៅ​ស្ងៀម​មិន​បញ្ចេញ​កម្លាំងកាយ​សោះ​អាច​ធ្វើឱ្យមាន​បញ្ហា​ក្នុង​ការរំលាយ​អាហារ ដូចជា​ទល់លាមក​ជាដើម​។ ការ​ហាត់ប្រាណ ដោយ​គ្រាន់តែ​ដើរ​ត្រឹមតែ​កន្លះ​ម៉ោង​រាល់ថ្ងៃ អាច​ជួយ​ឱ្យ​ចលនា​រំលាយ​អាហារ​មាន​ដំណើរការ​ល្អ និង​ធ្វើឱ្យ​មាន​សុខភាព​ល្អ​បាន​។​

២- ប្រើ​ថ្នាំ​បញ្ចុះ​
 
​មាន​ថ្នាំ​បញ្ចុះ​៣​ប្រភេទ​៖
-​    ​ថ្នាំ​ជា​ជាតិ​សរសៃ ញ៉ាំ​សម្រាប់​បង្គ្រប់​ជាតិ​សរសៃ ដូចជា​Metamucil និង Citrycel
-​    ​ថ្នាំ​ដែល​ជួយ​ធ្វើឱ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា Dulcolax និង​Senokot
-​    ​និង​ថ្នាំ​ព្យាបាល​ការ​ទល់លាមក ដូចជា Milk of Magnesia Haley’s M-O​។​
 

​មុន​នឹង​ប្រើ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​។​

គ​- ដោយ​រក​គ្រូពេទ្យ​
១- ការ​បូម​លាមក​
 
​អ្នក​ប្រហែល​ធ្លាប់​បាន​ជួប​ហើយ កាលណា​កូនក្មេង​មិន​ជុះ គេ​ចិត​សាប៊ូ​ឱ្យ​តូច រួច​យក​ទៅ​សុល​នៅ​រន្ធ​គូ​ថ បំបែក​លាមក​ឱ្យ​វា​បែក​ចេញ​មក​។ ជួនកាល​គេ​បាញ់​ប្រេង​បន្តិច​តាម​រន្ធ​គូ​ថ ក៏មាន​។​

ក៏​ប៉ុន្តែ​សូម​ប្រើ​វិធី​នេះ​តែ​កាលណា​អ្នក​បាន​អនុវត្ត​វិធី​ទាំងពីរ​ខាងលើ​រួចហើយ នៅតែ​គ្មាន​ប្រសិទ្ធភាព​។​

២- ការបាញ់ទឹក​លាង​
 
​នៅពេល​ខ្លះ ដែល​អ្នក​មាន​ការ​ទល់​លាមក​ខ្លាំង អ្នក​អាច​ទៅ​រក​គ្រូពេទ្យ​ឱ្យ​គេ​ជួយ​បាញ់​ទឹក​លាង​ពោះវៀនធំ​តែម្តង​។ ក៏​ប៉ុន្តែ​គេ​មិនសូវ​ប្រើ​វិធី​នេះ​ទេ ព្រោះ​ការ​បូម​លាមក​ច្រើន​តែ​គ្រប់គ្រាន់​ហើយ​។​

​ការលាង​ពោះវៀនធំ​តាម​វិធី​ទី​១​និង​ទី​២​ជា​វិធី​ល្អ​។ វិធី​ទី​៣ ដែល​ត្រូវ​អនុវត្ត​តែ​នៅក្នុង​ករណី​ទល់លាមក​ធ្ងន់ធ្ងរ អាចមាន​ផលវិបាក​បន្ទាប់បន្សំ​មួយចំនួន ដូចជា​ធ្វើឱ្យ​វិលមុខ ក្អួតចង្អោរ ហើយក៏​អាច​ធ្វើឱ្យ​មាន​ការបង្ក​រោគ​ផងដែរ​។ ចំពោះ​វិធី​ចុងក្រោយ​គេ​បង្អស់​វិញ វា​អាច​ធ្វើឱ្យ​បាត់បង់​បាក់តេរី​ល្អ​ដែល​ជួយ​ដល់​ការរំលាយ​អាហារ ដូច្នេះ​ត្រូវ​អនុវត្ត​តែ​ក្នុងករណី​ចាំបាច់​បំផុត​បាន​ហើយ​។​

ដកស្រង់​ពី WikiHow និង​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។