លោក អេង ឆៃអ៊ាង ថាកិច្ចប្រជុំសភា គ្មានCNRP ដូចសម្លរ អត់ដាក់គ្រឿង

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ របស់គណបក្ស សង្រ្គោះជាតិ (CNRP) និងជាប្រធាន គណៈកម្មការទី១ នៃរដ្ឋសភា លោក អេង ឆៃអ៊ាងបានថ្លែងនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ថា កិច្ចប្រជុំរដ្ឋសភា ដើម្បីពិនិត្យអនុម័តច្បាប់ ស្ដីពីហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែលគ្មានវត្តមានសមាជិក CNRP ប្រៀបបីដូចជាសម្លរ ដែលមិនបានបង់គ្រឿងអ្វីទាំងអស់ ។

លោកបានសរសេរនៅក្នុង ផេកហ្វេសប៊ុកផ្ទាល់ខ្លួនថា “កិច្ចប្រជុំរដ្ឋសភាខ្មែរថ្ងៃនេះ មិនមានវត្តមាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រៀបដូចសម្លដែលមានតែទឹក និង ត្រី គ្មានអំបិល បន្លែ និងគ្រឿងផ្សំដទៃទៀត” ។

គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី ៣០ វិច្ឆិកា  បានបើកកិច្ចប្រជុំ ស្ដីពីការពិនិត្យអនុម័តច្បាប់ ស្ដីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដោយមានតែសមាជិករដ្ឋសភាគណបក្សកាន់អំណាច ដែលបក្សប្រឆាំងធ្វើពហិកាមិនចូលរួមប្រជុំ៕