អ្នកភូមិដាច់ស្រយាល ក្នុងឃុំព្រែកខ្សាច់ ​ទទួលរថយន្តពីរគ្រឿង និងផ្លូវលំមួយខ្សែ

ភ្នំពេញ៖ ក្រុមហ៊ុន កោះកុង អេសអ៊ីហ្សិត បានប្រគល់រថយន្តពីរគ្រឿង និងបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែ តភ្ជាប់សហគមន៍ទៅផ្លូវជាតិ ៤៨ ឲ្យប្រជាពលរដ្ឋ មកពីភូមិដាច់ស្រយាលចំនួន ៣ ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

ពិធីបើកការដ្ឋានសាងសង់ផ្លូវលំ និងប្រគល់រថយន្ត ឲ្យតំណាងសហគមន៍ ធ្វើឡើង ក្រោមអធិបតីរបស់លោក ប៊ុន លើត អភិបាលខេត្តកោះកុង លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិលវ៉ាយភី ហ្គ្រុប ដែលគ្រប់គ្រងក្រុមហ៊ុន កោះកុង អេសអ៊ីហ្សិត និងអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា។

ក្នុងពិធីនេះ លោក ប៊ុន លើត អភិបាលខេត្តកោះកុង មានប្រសាសន៍ថា ភូមិចំនួន ៣ គឺភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយសែន ជាតំបន់ដាច់ស្រយាលជាងគេនៅក្នុងស្រុកគិរីសាគរ ហើយកន្លងមក អ្នកភូមិជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរទៅទីរួមខេត្តដើម្បីទទួលសេវាសុខាភិបាល ដោយសារតំបន់នេះគ្មានផ្លូវគោកតភ្ជាប់ទៅទីរួមខេត្តឡើយ។

លោកអភិបាលខេត្តបន្តថា ផ្លូវលំមួយខ្សែជាអំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ នៅពេលរួចរាល់ជាស្ថាពរ នឹងជួយសម្រួលបានយ៉ាងច្រើន ដល់ការធ្វើដំណើរទៅរកសេវាសំខាន់ៗ។

ក្នុងពិធីនេះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ថា ក្រុមហ៊ុនមានបំណងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ដើម្បី កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អ្នកឧកញ៉ា បានសន្យាថា នឹងអភិវឌ្ឍសហគមន៍ឃុំព្រែកខ្សាច់នេះ ឲ្យកាន់តែល្អជាងមុន និងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរជាងមុនថែមទៀត។
បន្ទាប់ពីទទួលយករថយន្ត តំណាងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋសម្ដែងការរីករាយ និងបានសន្យាថា នឹងប្រើប្រាស់អំណោយនេះដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។

នៅចុងបញ្ចប់នៃពិធី ឧកញ៉ា លី យ៉ុងផាត់ បានទទួលយកសំណើរបស់លោកគ្រូអ្នកគ្រូ នៅក្នុងឃុំព្រែកខ្សាច់ ដោយយល់ព្រមសាងសង់អគារសាលារៀនថ្មីមួយខ្នង មាន ៦បន្ទប់ ដើម្បីកូនចៅអ្នកភូមិបានរៀនសូត្រសមរម្យ៕

អ្នកភូមិដាច់ស្រយាល ក្នុងឃុំព្រែកខ្សាច់ ​ទទួលរថយន្តពីរគ្រឿង និងផ្លូវលំមួយខ្សែ

អ្នកភូមិដាច់ស្រយាល ក្នុងឃុំព្រែកខ្សាច់ ​ទទួលរថយន្តពីរគ្រឿង និងផ្លូវលំមួយខ្សែ