​លោក អុឹម ឈុនលឹម ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​វេទិកាសាធារណៈ

ខេត្ត​មណ្ឌល​គិរី ៖ ​លោក​ទេស​រដ្ឋមន្ត្រី អ៊ឹម ឈុ​ន​លឹ​ម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តក្រចេះ​-​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​វេទិកាសាធារណៈ​ប្រចាំខែ​វិ​ច្ចិ​កា និង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដើម្បី​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោ​បាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​​​ នៅ​សាល​ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី  ។

នៅ​ក្នុង​កិច្ចប្រជុំ​​ខាង​លើនេះ​ ​លោក​ អេ​ង ប៊ុ​ន​ហ៊ា​ង អភិបាលខេត្ត បាន​​ជម្រាប​​ជូន​​​របាយការណ៍​សម្រាប់​ខែវិ​ចិ្ឆ​កា ​ឆ្នាំ​២០១៥ នៅ​ក្នុង​ក្រុង​/ស្រុក​ទាំង​​៥របស់​ខេត្ត​ បាន​ចំនួន ​៥​ដង ក្នុង​នោះ​បាន​ប្រារព្ធ​នៅ​តាមបណ្តា​ឃុំ​ចំនួន​​៤ និង​សង្កាត់​ចំនួន​​១ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន៤៥៩​នាក់ បញ្ហា​ប្រឈម​ដែលប្រជាពលរដ្ឋ​បាន​លើក​ឡើង​ចំនួន៣២​ករណី បាន​ដោះស្រាយ​ និងបំភ្លឺ​ជូនបងប្អូន​បាន​ចំនួន​ទាំង៣២​ករណី​ ។

​លោកទេស​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​វេទិកាសាធារណៈ​នេះ ​​ដើម្បី​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ជាតិ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​រាល់សំណូមពរ ឫ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ខិតខំ​រក​វិធានការ ដោះស្រាយ​ជូន​ពួក​គាត់ ហើយ​អ្វី​ដែល​មិន​បាន​ដោះស្រាយ ត្រូវ​ណែនាំ​ពន្យល់​នូវ​គម្រោង​របស់​មន្ទីរ​ស្ថាប័ន​នីមួយៗ ដើម្បី​ឲ្យ​ពួក​គាត់​បានដឹង​ចៀស​វាង​សន្យា​ចោល​ ។

​នា​ព្រឹក​ថ្ងៃ​​ដដែល​នោះ​ដែរ ​លោក​ទេស​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​ប្រគល់​អណ្តូង និង​សំណេះសំណាល​ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស នៅ​បឋម​សិក្សា​ពូរ​ឡា ស្ថិត​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ​។ ​លោក​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត់​ទឹក​ប្រើប្រាស់​តាម​សាលា ក៏​ដូច​ជា​នៅ​អនុ​វិទ្យាល័យ​មួយ​ចំនួន​តាម​រយៈក្រុមការងារ​ថ្នាក់​ជាតិ ក៏​ដូច​ជា​ថ្នាក់​ខេត្ត​ចុះ​ធ្វើ​វេទិកាសាធារណៈ​កន្លង​មក​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ។ ​​​លោក​ទេស​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា ការ​ផ្តល់​ជា​អណ្តូងទឹក​នេះ​ជា​លើក​ទី​៨ ក្នុង​ចំណោម​អណ្តូង​២១​​ ហើយ​​លោក​នឹង​បន្ត​ចុះ​ប្រគល់​អណ្តូងទឹក​ទាំង​២១​ឃុំ​/សង្កាត់​ទូ​ទាំង​ខេត្ត ​​ហើយ​អណ្តូង​ដែល​បាន​ផ្តល់​ឲ្យ​នេះ គឺជា​ថវិកាដែល​លោកបាន​​កៀរ​គរ​ពី​សប្បុរសជន​នានា ដែល​ជួយ​គាំទ្រ​លើ​វិស័យ​អប់រំ​នេះ ​​​លោក​ទេស​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់ សិស្សា​នុ​សិស្ស​ទាំងអស់ ត្រូវ​ខិតខំរៀន​សូត្រ ធ្វើ​យ៉ាងណា​​ឱ្យ​ក្លាយជា​សិស្ស​ល្អ មិត្ត​ល្អ និង​កូន​ល្អ ​។​    ​    ​    ​    ​   

លោក​ទេស​រដ្ឋមន្ត្រី អ៊ឹម ឈុ​ន​លឹ​ម  បាន​ឧបត្ថម្ភ​សៀវភៅ​វច​នា​នុ​ក្រម និង​សម្ភារកីឡា​ដល់សាលា​បឋម​សិក្សា​ពូរ​ឡា និងសិស្សានុសិស្ស​ម្នាក់​ៗ​ទទួល​បាន ប៊ិ​ក និង​សៀវភៅ និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ម្នាក់​ៗ ទទួល​បានអាវរ​ងារ​ចំនួន​១​​ ។ ឆ្លៀត​នា​ឱកាស​នោះ​ដែរ ​លោកទេស​រដ្ឋមន្ត្រី ​បាន​ជួប​សំណេះសំណាល និង​ប្រគេន​បច្ច័យ​មួយ​ចំនួន​ដល់​ព្រះ​តេជគុណ​នៅ​វត្ត​មង្គល​គិរី​ព្រឹក្សា​រាម (ហៅ​វត្ត​អូរ​រាំង ) ​ថ្នាំ​ថ្វី​ហ្វី​ចំនួន​៤​កេសដល់​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​បន្ត​ចុះ​ចែក​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កងកម្លាំង​ផង​ដែរ ​៕​