លោកស្រី​ស៊ូ​ជី​៖ បើ​ប្រជាជន​លែង​ស្រលាញ់​អ្នក ជីវិត​នយោបាយ​អ្នកនឹង​ត្រូវ​បញ្ចប់​ហើយ​

​ទោះបី​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​០៨ ខែវិច្ឆិកា បាន​បង្ហាញថា​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា​ក៏ដោយ សភា​នីតិកាល​ថ្មី​មិនទាន់​ដំណើរការ​នូវ​នៅឡើយ​នោះទេ​។ មេបក្ស​ប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី ស៊ូ​ជី បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​ដើម្បី​ណែនាំ​ដល់​សមាជិក​ខ្លួន​ក្នុងការ​ត្រៀមខ្លួន​ដើម្បី​បម្រើប្រជាជន​និង​ថែមទាំង​បាន​ព្រមាន​ជាមុន​លើ​តំណាងរាស្ត្រ​ថ្មី​ត្រូវតែ​គោរព​តាម​បទបញ្ជា​។

​កាលពី​ចុង​សបា្តហ៍​កន្លងទៅ មេបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បើកប្រជុំ​ផ្ទៃក្នុង​មួយ​ដែលមាន​ការចូលរួម​ពី​តំណាងរាស្ត្រ​ជាង​ពីរ​រយ​នាក់​ដើម្បី​ណែនាំ ដោយ​រួមជាមួយ នឹង​ការព្រមាន​ទុកជាមុន​ចំពោះ​តំណាងរាស្ត្រ​មួយចំនួន​ដែលមាន​គំនិត​ទុ​ច្ច​រិ​ក​ក្នុង​តំណែង​របស់ខ្លួន ដ្បិត​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​លោកស្រី ត្រូវ​ដឹកនាំ​ប្រទេស​។​

​ក្នុង​សន្និសីទ​ការ​សែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោកស្រី Thet Thet Khaing ជា​តំណាងរាស្ត្រ​មួយរូប នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា បាន​ថ្លែងប្រាប់​ពី​ព័ត៌មាន​លម្អិត​នូវ​អ្វីដែល​លោកស្រី ស៊ូ​ជី បានលើកឡើង​ដែល​បាន​ភាគច្រើន គឺជា​សារ​ព្រមាន​តំណាងរាស្ត្រ​របស់ខ្លួន​។​

​តាម​ការអះអាង​របស់​លោកស្រី Thet Thet Khaing លោកស្រី​ស៊ូ​ជី បាន​ឲ្យ​សមាជិកសភា ត្រូវតែ​ចេះ​ធ្វើ​អ្វី​ដូច​ទៅនឹង​អ្វីដែល​ប្រជាជន​បានធ្វើ ពោលគឺ​សមាជិកសភា ត្រូវ​ស្គា​ល់ពី​គ្រប់​ស្ថានភាព​របស់​ប្រជាជន​។ លោកស្រី ស៊ូ​ជី ក៏បាន​បន្ថែមទៀតថា​ប្រសិនបើ​សភា​ចង់​ឲ្យ​ប្រជាជន​ធ្វើ​អ្វីមួយ​នោះ​គឺជា​សភា​ខ្លួនឯង​ផ្ទាល់​ត្រូវតែ​ដឹកនាំ និង​បង្ហាញ​ពី​គម្រូ​ល្អ​របស់ខ្លួន​ជាមុនសិន​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ លោកស្រី ស៊ូ​ជី បាន​ជំរុញ​ឲ្យ​សមាជិក​ខ្លួន​ត្រូវតែ​គោរព​តាម​វិន័យ និង​ឥរិយាបថ​ល្អ បើ​ដូច្នេះ​ទេ តំណាងរាស្ត្រ​ទាំងនោះ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ដ៏​តឹងរឹង​។ ជាពិសេស​នោះ ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​ជា​លើកដំបូង លោកស្រី ស៊ូ​ជី បាន​ក្រើនរម្លឹក​ដល់​សមាជិករ​បស់​ខ្លួន មិនត្រូវ​យកលុយ​ជាធំ​នោះទេ​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា « បើ​ប្រជាជន​លែង​ស្រលាញ់​អ្នក ដែល​សំដៅលើ​បក្ស​លោកស្រី នោះ ជីវិត​ន​យោ​យ​បាយ​របស់​អ្នក នឹងត្រូវ​បញ្ចប់​ហើយ​។ ហើយ​នេះ គឺមាន​សារសំខាន់​ជាង​ទឹកប្រាក់​ទៅទៀត​«​។

​សូមបញ្ជាក់​ផងដែរ​ថា សភា​មី​យ៉ាន់​ម៉ា​នីតិកាល​ថ្មី នឹងត្រូវ​ផ្តើម​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​នេ​។ ក្នុងនោះ​រដ្ឋាភិបាល​ថ្មី ដែល​រួមបញ្ចូល​ទាំង​ការជ្រើសរើស​ប្រធានាធិបតី​ថ្មី ក៏​នឹងត្រូវ​ចាប់ផ្តើម​ផងដែរ​។

​ដោយឡែក ការកោះប្រជុំ​ដែល​ភាគច្រើន​ជា​សារ​ព្រមាន​របស់លោក​ស្រី​ស៊ូ​ជី​ទៅកាន់​តំណាងរាស្ត្រ ដែលជា​សមាជិក​បក្សរ​បស់​លោកស្រី ក៏​មិនមែនជា​រឿង​អ្វីដែល​ត្រូវ​ភ្ងា​ក់​ផ្អើល​នោះដែរ​។ នោះ​ក៏​ព្រោះតែ ទាំង​ក្រសែភ្នែក​ប្រជាជន​មី​យ៉ាន់​ម៉ា និង​ទាំង​សហគមន៍​អន្តរជាតិ កំពុងតែ​តាមដាន​ការដឹកនាំ​របស់ លោកស្រី​ស៊ូ​ជី ក្នុងការ​កែប្រែ​ស្ថានភាព​មី​យ៉ាន់​ម៉ា​។ ក្នុង​ចំណុច​នេះ ក៏​មានន័យថា ប្រសិន​បក្ស លោកស្រី​មិនអាច​ដោះស្រាយ​បញ្ហា​ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​បាន​នោះទេ នោះ​ការតស៊ូ​របស់លោក​ស្រី​ស៊ូ​ជី ជាច្រើន​ឆ្នាំ​ហើយ​នោះ នឹងត្រូវ​បាត់បង់​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​