សាលាឧទ្ធរណ៍ បើកសវនាការ​លើ​ប្តឹង​ទាស់​សាលក្រម​សាលាដំបូង ឲ្យ​លោក ហុង សុខ​ហួរ និង​មេធាវី​ផ្តល់​ឯកសារ​បន្ថែម​

ភ្នំពេញ: ដូច​ការគ្រោងទុក តុលាការ​សាលាឧទ្ធរណ៍ បាន​បើកសវនាការ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ លើ​បណ្តឹង​របស់លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​បាន​ប្តឹង​ទាស់​ទៅនឹង​សាលក្រម​ចាត់​របៀប​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ សាលក្រម​នោះ បានទាមទារ​ឲ្យ​លោក ហុង សុខ​ហួរ ផ្តល់​ឯកសារ​បន្ថែម និង​ការទាមទារ​ផ្ត​ល់កំ​ព្យូ​ទ័​រ ដែល​បាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក​ឯកសា​រ​។​

​ក្នុង​សវនាការ​នៅ​តុលាការ​សាលាឧទ្ធរណ៍​នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​នេះ មានតែ​វត្តមាន​របស់លោក​មេធា​វី ជូ​ង ជូ​ងី ប៉ុណ្ណោះ​។ ចំណែក​លោក​ហុង​សុខ​ហួរ មិនត្រូវ​បាន​គេ​នាំខ្លួន​ពី​ពន្ធនាគារ មក​ចូលរួម​សវនាការ​តុលាការ​សលា​ឧទ្ធរណ៍​នោះទេ​។​

​ទាក់ទង​សំណុំរឿង​លោក​ហុង​សុខ​ហួរ ដែល​បាន​បង្ហោះ​ឯកសារ​ក្លែងក្លាយ​នូវ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម នៅតាម​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ ដើម្បី​សាកសួរ​ពី​រឿង​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​។​

ការចេញ​ដីកា​បង្គាប់​ឲ្យ​លោក​សមរង្ស៊ី ចូលខ្លួន​នេះ គឺពាក់ព័ន្ធ​ការ​បង្ហោះ​សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្លែងក្លាយ និង​វីដេអូ​ឃ្លី​ប​នៅលើ​ផេ​ក Facebook របស់លោក សម រង្ស៊ី​។ ការ​បង្ហោះ​ឯកសារ​ព្រំដែន​នោះ ដែលជា​ដើមចម ដែល​សមត្ថកិច្ច​បានធ្វើ​ការចាប់ខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។

​សំណុំ​រឿងនេះ ក៏មាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុម​ជំនួយ​លោក​ហុង សុខ​ហួរ និង​ក្រុមបច្ចេកទេស​កាន់​ផេ​កលោក​សម រង្ស៊ី ផងដែរ​។ ដោយ​ក្រុម​នេះ បានដឹងខ្លួន​ជាមុន ក៏បាន​នាំគ្នា​គេចខ្លួន​ទៅ​ក្រៅប្រទេស​។​

លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ចំនួន ៣ បទល្មើស​៖ ទី​១ បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២.​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣.​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វ៉ឹ​ក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕​