​ធនាគារជាតិ​នៃ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ អគារ​សាខា​ថ្មី​នៅ ខេត្តកំពត​

​កំពត: អគារ​សាខា​ធនាគារជាតិ នៃ​កម្ពុជា​ខេត្តកំពត កម្ពស់​ពីរ​ជាន់ក​ន្លះ ត្រូវបាន​សម្ពោធ​ដាក់ ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី សាធារណជន​មកលើ ប្រព័ន្ធ​ធនាគារ នៅក្នុង​ខេត្ត​មួយ​នេះ​។​

​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​អធិបតី និង​កាត់​ខ្សែបូសម្ពោធ ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​នេះ ដោយមាន​ការចូលរួម​ពី លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​កំពត​និង​លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​។​

​លោក ម៉ុ​ញ ឈិន នាយក​សាខា​ធនាគារជាតិ នៃ​កម្ពុជា​ខេត្តកំពត បាន​មាន ប្រសាសន៍ថា អគារ​ថ្មី​នេះ ចាប់ផ្តើម​ដំណើរការ សាងសង់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ ប្រើពេល​សាងសង់​ចំនួន ១​ឆ្នាំ ២​ខែ សាងសង់​រួច​មុន​ផែនការ​៤​ខែ​។ អគារ​នេះ​ត្រូវបាន​សាងសង់ឡើង តាម​រចនាបថ​សម័យ អាណានិគមនិយម​បារាំង មាន​លក្ខណៈ​ដូច​អគារ​សាខា​ខេត្តបាត់ដំបង បច្ចុប្បន្ននេះ​។​

​លោកនាយក បាន​បន្តថា អគារ​ថ្មី​នេះ មាន​កម្ពស់​ពីរ​ជាន់ក​ន្លះ​។ ជាន់​ផ្ទាល់​ដី មាន​៥​បន្ទប់ បន្ទប់​ការិយាល័យ​រូបិយវត្ថុ .​ការិយាល័យ​ប្រតិបត្តិការ​. បន្ទប់​ស្រាល់ជ្រើស ឃ្លាំង​បោះផ្សាយ និង​បេឡា​ប្រតិបត្តិការ​។ នៅ​ជា​ន់ទី​១ មាន​៩​បន្ទប់ ក្នុងនោះ​មាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក​.​បន្ទប់​នាយិការ​រង​. បណ្ណាល័យ .​បន្ទប់​នាយក .​ការិយាល័យ​គណនេយ្យ​២​បន្ទប់​. បន្ទប់​ប្រជុំ .​បន្ទប់​IT . និង​បន្ទប់​អនាម័យ​២​បន្ទប់​។​

​លោក​បាន​បញ្ជាក់ថា ការសម្រេចបាន​នូវ​សមិទ្ធ​ខាងលើនេះ កើតឡើង​ដោយ​ធនាគារជាតិ នៃ​កម្ពុជា​ខេត្តកំពត មាន​មន្ត្រី​បុគ្គលិក ដែលមាន​ស្មារតី សាមគ្គី​គ្នា ជា​ប្រពៃណី មានការ​ទទួលខុសត្រូវ​ខ្ពស់ សហការគ្នា​ល្អ ជាប់​ជាប្រចាំ មាន​ភាព​អំណត់​មោះមុត អក​ប្បក​រិ​យា ទន់ភ្លន់ សុភាពរាបសារ រហ័សរហួន និង​ប្រុងប្រយ័ត្ន​ខ្ពស់ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ការផ្តល់​សេវាកម្ម ជូន​គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ​។ ទាំងនេះ​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ បូកផ្សំ​នឹង​មតិ​ណែនាំ​របស់​ថ្នាក់ដឹកនាំ ជាពិសេស​អគ្គទេសាភិបាល ធ្វើ​ឲ្យ ការងារ​យើង ទទួលបាន​ជោគជ័យ​ថែមទៀត​។​

​លោក ជា ចាន់តូ បាន​ថ្លែងអំណរគុណ យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា គ្រប់​ថ្នាក់ ដែល​បាន​សហការគ្នា កសាង​សមិទ្ធផល​យ៉ាងច្រើន ជូន​ធនាគារជាតិ​នៃ​កម្ពុជា ជាពិសេស​បានរួម​ចំណែក​អភិវឌ្ឍ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន និង​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត ពី​សាធារណ​ជនជាតិ​. អន្តរជាតិ​។ ជាមួយគ្នានេះ លោក​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​អភិបាល​ខេត្តកំពត និង​ខេត្ត​កែប តំណាង​មន្ទីរ​.​អង្គភាព និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ជុំវិញ​ខេត្តកំពត ខេត្ត​កែប ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ និង​បង្ក​បរិយាកាស​ល្អ ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ប្រកប​អាជីវកម្ម ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ ស្មារតី​កិច្ចសហប្រតិបត្តិការ ជា​ប្រពៃណី​នេះ គឺជា​កត្តា​គន្លឹះ ធ្វើ​ឲ្យ​ការងារ​របស់​យើង ទទួលបាន​ជោគជ័យ​ជានិច្ច​។​

​លោក​អគ្គទេសាភិបាល បាន​មានប្រសាសន៍ថា អគារ​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា​ខេត្តកំពត​នេះ គឺជា​ផ្នែក​មួយ នៃ​ការរួមចំណែក អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១១-២០២០ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ និង​ចូលរួម​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាពិសេស​ជាការ​កសាង​សមិទ្ធផល ផ្នែក​សង្គម និង​វិស័យ​ធនាគារ​ថ្មី​មួយ បន្ថែមទៀត សម្រាប់​ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និវត្តជន និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​ខេត្តកំពត និង​ខេត្ត​កែប ប្រើប្រាស់​។​

​លោក​បាន​វាយតម្លៃ​ខ្ពស់​ថា អគារ​សាខា​ធនាគារជាតិ នៃ​កម្ពុជា​ខេត្តកំពត ត្រូវបាន​សាងសង់​ថ្មី​នេះ នឹង​ឆ្លើយតប បាន​យ៉ាង​ល្អប្រសើរ ចំពោះ ការរីកចម្រើន​នៃ សកម្មភាព​សេដ្ឋកិច្ច​ខេត្ត នាពេល​បច្ចុប្បន្ន និង​តម្រូវ​ការចាំបាច់​នានា ក្នុងការ​គ្រប់គ្រង និង​សម្រួល​ប្រតិបត្តិការ រូបិយវត្ថុ សំដៅ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​លោក ជា ចាន់តូ បាន​បញ្ជាក់ថា អគារ​ថ្មី​នេះ ត្រូវបាន​សាងសង់ឡើង ដោយ​គ្រប់​បន្ទប់ធ្វើការ បំពាក់​នូវ​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​អគារ ត្រូវបាន​បំពាក់​ដោយ ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​។

​ចាប់ពី​ថ្ងៃនេះ​តទៅ សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពត នឹង​បន្ត​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការផ្តល់សេវា​រូបិយវត្ថុ និង​ជួយ​សម្រួល​ដល់ ការប្រតិបត្តិ​ការទូទាត់ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ទីរ​.​អង្គភាព របស់​រដ្ឋ​គ្រឹះស្ថាន ធនាគារ​និង​ហិរញ្ញវត្ថុ និង​សាធារណជន​ទូទៅ ព្រមទាំង​ធ្វើជា​ឃ្លាំង​ផ្ទុក​ទ្រព្យសម្បត្តិ​រដ្ឋ ប្រចាំ​ខេត្តកំពត និង​ខេត្ត​កែប​៕V​/S

​ធនាគារជាតិ​នៃ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ អគារ​សាខា​ថ្មី​នៅ ខេត្តកំពត​

​ធនាគារជាតិ​នៃ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ អគារ​សាខា​ថ្មី​នៅ ខេត្តកំពត​

​ធនាគារជាតិ​នៃ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ អគារ​សាខា​ថ្មី​នៅ ខេត្តកំពត​

​ធនាគារជាតិ​នៃ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ អគារ​សាខា​ថ្មី​នៅ ខេត្តកំពត​

​ធនាគារជាតិ​នៃ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ អគារ​សាខា​ថ្មី​នៅ ខេត្តកំពត​