ស្នេហា​មួយ​នៅ​​វិទ្យាល័យ


ស្នេហា​មួយ​នៅ​​វិទ្យាល័យ

វា​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ខ្ញុំ​ រៀន​គួរ​ត្រៀម​ចូល​ទី​១២​ ពេល​វ៉ាកង​ធំ​។ ស្រី​ស្អាត​ម៉ារីដា​ជា​សិស្ស​សាលា​ផ្សេង​តែ​នាង​មក​រៀន​គួរ​ថ្នាក់​ជាមួយ​ខ្ញុំ​ដែរ។

 

គ្រាន់​តែ​ឃើញ​នាង​ភ្លាម​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ឃើញ​ស្រី​សួគ៌​ ព្រោះ​នាង​ស្អាត​ខ្លាំង​ណាស់​ ហើយ​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​ចាប់​អារម្មណ៍​នាង អ្នក​ណា​ៗ​ក៏​ចាប់​អារម្មណ៍​ដែរ​ តែ​ខ្ញុំ​មិន​ហ៊ាន​គិត​អ្វី​ច្រើន​ទេ​ ព្រោះ​ខ្ញុំ​មិន​មាន​សម្ភារៈ​ទំនើប​ដូច​គេ។

 

តែ​មាន​ថ្ងៃ​មួយ​ខ្ញុំ​បាន​ បង្ហោះ​រូប​ក្នុង Facebook ក៏​ឃើញ​នាង​ចូល​ comment ថា «ស្អាត​ប៊ីប៊ី»។ ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ព្រោះ​មិន​ដឹង​ថា​នាង​ជា​ Friend ក្នុង​ Facebook តាំង​ពី​ពេល​ណា​មក​ទេ។

 

ចាប់​ពី​ពេល​នោះ​មក​ ពួក​យើង​ចាប់​ផ្ដើម​ស្គាល់​គ្នា​ ហើយ​តែង​តែ​chat ជាមួយ​គ្នា​រាល់​យប់​ ប៉ុន្តែ​ពេល​ជួប​គ្នា​នៅ​ខាង​ក្រៅ​មិន​ទាន់​និយាយ​រក​គ្នា​ទេ។

 

ពេល​ចេញ​ពី​រៀន​ ខ្ញុំ​សម្រេច​ចិត្ត​និយាយ​រក​នាង​ជា​លើក​ដំបូង​ទាំង​ញ័រញាក់​ តែ​ខំធ្វើ​ធម្មតា​កុំ​អោយ​គេ​មើល​ងាយ « Hello ចេញ​ពី​ហ្នឹង​ទៅ​ផ្ទះ​មែន?» នាង​ក៏​តប​ «ហ្នឹង​ហើយ! មាន​ទៅ​ណា​ទៀត?»។ រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់​ដោយ​ញញឹម​ផង។

 

លុះ​យប់​ថ្ងៃ​ដដែល​ ខ្ញុំ​សម្រេច​ចិត្ត​ chat សុំ​លេខ​ទូរសព្ទ​នាង​ នាង​ក៏​សួរ​ថា​យក​ធ្វើ​អី? ខ្ញុំ​ថា​ទុក​សួរ​មេរៀន ទើប​នាង​ព្រម​អោយ។ បាន​លេខ​នាង​ភ្លាម​ខ្ញុំ​ក៏​ទូរសព្ទ​ទៅ​នាង​ភ្លាម​ បបួល​និយាយ​ដល់​ម៉ោង​គេង​។ ពេល​ទំនេរ​ពួក​យើង​ក៏​តែង​តែ​ និយាយ​ជាមួយ​គ្នា។

 

 

ស្នេហា​មួយ​នៅ​​វិទ្យាល័យ

 

(រូបតំណាង)

 

ថ្ងៃ​មួយ​ខ្ញុំ​ក៏​ដាច់​ចិត្ត​សួរ​នាង​ថា «លើស​ពី​Friend បាន​អត់?» ។ នាង​ឆ្លើយ​ថា​សុំ​ពេល​ ១ ឆ្នាំ​សិន។ ចាប់​ពី​ថ្ងៃ​នោះ​មក​នាង​ចាប់​ផ្ដើម​សួរ​ខ្ញុំ​ជា​ច្រើន​ទាក់ទង​នឹង​រឿង​ស្នេហា​ ហើយ​នាង​ក៏​ប្រាប់​ដែរ​ថា​ នាង​ពេញ​ចិត្ត​នូវ​ចម្លើយ​របស់​ខ្ញុំ។ ការ​និយាយ​បែប​នេះ​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ រំភើប​និង​ស្រឡាញ់​នាង​កាន់​តែ​ខ្លាំង​ រហូត​ដល់​អស់​ពី​បេះ​ដូង​ ចង់​បាន​នាង​ជា​គូ​អនាគត​​ ព្រោះ​យើង​និយាយ​គ្នា​សុទ្ធ​តែ​បង​ អូន ដូច​ជា​គូ​សង្សារ​ទៅ​ហើយ។

 

សាលា​រៀន​គួរ​ក៏​ផ្អាក​មួយ​ថ្ងៃ​ ម៉ារីដា​ទៅ​អង្គុយ​នៅ​មាត់​ទន្លេ​ជាមួយ​មិត្ត​របស់​នាង​ ហើយ​ក៏​ទូរសព្ទ​បបួល​​ខ្ញុំ​ទៅ​ដែរ ខ្ញុំ​ឯ​ណា​បដិសេធ​នោះ​ ស្រី​ស្អាត​បបួល​ទៅ​ហើយ។

 

ពេល​ដល់​ពួក​យើង​ជជែក​គ្នា​ នាង​មិន​ហ៊ាន​មើល​មុខ​ខ្ញុំ​ទេ តែ​សុខ​ចិត្ត​លួច​មើល​មុខ​ខ្ញុំ ចំណែក​ខ្ញុំ​វិញ​មើល​មុខ​នាង​មិន​ដាក់​ភ្នែក​ឡើយ​ កម្រ​មាន​ឱកាស​បាន​មក​អង្គុយ​មើល​មុខ​ស្រី​ស្អាត​ណាស់។

 

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​គេ​ប្រាប់​ថា​ជិត​ដល់​ថ្ងៃ​កំណើត​គេ​ហើយ គឺ​ថ្ងៃ​ ៥ ខែ​ កញ្ញា​ តែ​អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​ខក​ចិត្ត​នោះ​គឺ​គេ​ធ្វើ​មុន​មួយ​ថ្ងៃ​ (មិន​ដឹង​ថា​គេ​ប្រាប់​ខុស​ ឬ យ៉ាង​ណា​នោះ​ទេ) ធ្វើ​អោយ​ខ្ញុំ​ធ្វើ​អី​ក៏​មិន​កើត​ គិត​ថា​ចង់​ទិញ​ ប៉ោងប៉ោង​ surprise នាង​ប៉ុន្តែ​អ្វីៗ​ត្រូវ​រលាយ​អស់​ ដោយ​សារ​គេ​ធ្វើ​ចប់​អស់​បាន​គេ​តេ​ប្រាប់​ខ្ញុំ។

 

ខ្ញុំ​ក៏​ប្រញាប់​ទៅ​ជួប​នាង​នៅ​មាត់​ទន្លេ ដោយ​បបួល​លីហួ​មិត្តភ័ក្ដិ​ខ្ញុំ​​ទៅ​ដែរ នៅ​ទី​នោះ​មាន​ទាំង​មិត្តភ័ក្ដិ​នាង​ទៀត សរុប​ទាំង​អស់​គ្នា​ប្រាំបី​នាក់ ស្រី​ប្រាំ​ប្រុស​បី។

 

ពួក​យើង​បាន​ទិញ​ទឹក​ក្រូច​ផឹក ហើយ​ខ្ញុំ​ផឹក​មួយ​កែវ​ពីរ​នាក់​នាង។ វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​ និង មាន​សេចក្ដី​សុខ​ជាង​គេ។

 

 

មិន​យូរ​ប៉ុន្មាន​ផង នាង​ដឹង​ថា​សង្សារ​ចាស់​ខ្ញុំ​គឺ​ជា​មិត្តភ័ក្ដិ​របស់​នាង​ ហើយ​នាង​ក៏​បាន​ប្រាប់​រឿង​រ៉ាវ​របស់​នាង​ថា​ នាង​មាន​សង្សារ​រួច​ហើយ​ ដឹង​លឺ​ដល់​ចាស់ទុំ​អស់​ហើយ គេ​ជា​អ្នក​មាន​ទៀត​ផង គ្រាន់​តែ​នៅ​ឆ្ងាយ​ពី​គ្នា​ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​អស់​ចិត្ត​ស្រឡាញ់​ពី​គ្នា​ទេ ដូច្នេះ​នាង​មិន​អាច​ទៅ​ស្រឡាញ់​ជាមួយ​អ្នក​ណា​ដែរ និយាយ​រួម​គឺ​មិន​អាច​ស្រឡាញ់​ខ្ញុំ​បាន​ទេ។

 

 

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ ទូរសព្ទ​គេ​call លែង​ចូល​ chat លែង​ តប​ ជួប​មុខ​គ្នា​លែង​និយាយ​ដូច​មុន​។ ក្រោយ​មក​ក៏​ឮ​ដំណឹង​មក​ថា​ សង្សារ​គេ​ត្រឡប់​មក​វិញ​ហើយ​ ឃើញ​ពួក​គេ​ដើរ​លេង​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង។

 

 

ចាត់​ទុក​ថា​ជា​សុបិន្ត​មួយ​ចុះ អោយ​តែ​មនុស្ស​ដែល​យើង​មាន​សេចក្ដី​សុខ​យើង​ក៏​សប្បាយ​ចិត្ត​ជាមួយ​គេ​ដែរ​ ធ្វើ​ម៉េច​បើ​យើង​មក​ក្រោយ​គេ?

 

ចុចអាន៖ ​ពេលវេលា​ធ្វើ​ឲ្យ​កល្យាណមិត្ត​ខ្ញុំ​ ក្លាយ​ជា​មិត្ត​ស៊ី​មិត្ត

ចុចអាន៖ ស្រឡាញ់​ដូច​គ្នា
អត្ថបទ៖ រ៉ា


 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ