ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​សកម្មជន​បរិស្ថាន​នៅ​ទីក្រុង​ប៉ារីស​គ្រា​ដែលមាន​សន្និសីទ​អាកាស​ធាតុ

ប៉ារីស​៖​​ប៉ូលិស និង​បាតុករ​ដែលជា​សកម្មជន​បរិស្ថាន​បាន​ប៉ះទង្គិច​គ្នា​នៅក្នុង​ទីក្រុង​ប៉ារីស បន្ទាប់ពី​មានការ​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ឈ្មោះ La République ដើម្បីទាមទារ​ឲ្យ​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ​កាលពី​ម្សិលមិញ​។ ការប្រមូលផ្តុំ​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​បំពាន​ទៅលើ​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ឲ្យ​ស្ថិតនៅក្នុង​ភាពអាសន្ន ដែល​បារាំង​បានដាក់ ចាប់តាំងពី​មាន​ភេរវកម្ម កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​។​

​សកម្មជន​បរិស្ថាន​គ្រោង​រៀបចំ​ក្បួន​ដង្ហែ​ដ៏​ធំ​មួយ នៅ​ទីក្រុង​ប៉ារីស​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ប្រទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​អាកាសធាតុ​នៅ​ថ្ងៃ​ចន្ទ​នេះ​ចរចា​គ្នា​ឲ្យ​បានជា​កិច្ចព្រមព្រៀង ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​គម្រោង​ដើរ​ដង្ហែ​ក្បួន​នេះ​ត្រូវបាន​គេ​លុបចោល​ទៅវិញ ដោយសារតែ​ក្រុងប៉ារីស ក៏ដូចជា កន្លែង​ផ្សេងទៀត នៅ​ទូទាំងប្រទេស​បារាំង​កំពុង​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន ហើយ​ច្បាប់​ស្តីពី​ការប្រកាសអាសន្ន​នេះ​ហាមឃាត់​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​នៅ​ទីសាធារណៈ​។​

​គួរ​បញ្ជាក់ថា ការប្រមូលផ្តុំ​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី ក្រោម​ការឃ្លាំមើល​ពី​សំណាក់​កងកម្លាំង​ប៉ូលិស​។ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​មួយ​ស្រាប់តែ​បាន​កើតមានឡើង ក្រោយពី​បាតុករ​មួយក្រុម​តូច​ភាគច្រើន​បិទមុខ​ជិត​បាននាំគ្នា​គប់​ដុំថ្ម ដប និង​ស្បែកជើង ទៅលើ​ប៉ូលិស ហើយ​ប៉ូលិស​ក៏បាន​ធ្វើ​ការតបត​ទៅវិញ ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក មុននឹង​ចូលទៅ​បំបែកហ្វូង​បាតុករ​៕

ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​សកម្មជន​បរិស្ថាន​នៅ​ទីក្រុង​ប៉ារីស​គ្រា​ដែលមាន​សន្និសីទ​អាកាស​ធាតុ