គ្រូ Yangon United ​ថា ​ក្រុម​លេង​​ល្អ​តែ​តង់​ទី​មួយ ​ដល់​ទី​២​ដូច​មិន​មែន​លេង​បាល់

គ្រូ Yangon United ​ថា ​ក្រុម​លេង​​ល្អ​តែ​តង់​ទី​មួយ ​ដល់​ទី​២​ដូច​មិន​មែន​លេង​បាល់

លោក Emerson Alcantara ​គ្រូ​បង្វឹក​របស់​ក្រុម Yangon United ​របស់​មីយ៉ាន់ម៉ា​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លេង​របស់​កូន​ក្រុម​ខ្លួន​ឡើយ ដោយ​បាន​បញ្ជាក់​ថា​លេង​ល្អ​បាន​តែ​តង់​ទី​មួយ តែ​ដល់​តង់​ទី​ពីរ​ដូច​បាត់​ទម្រង់​ប្រយុទ្ធ លេង​មិន​ដូច​រាល់​ដង​ទេ។

 គ្រូ Yangon United ​ថា ​ក្រុម​លេង​​ល្អ​តែ​តង់​ទី​មួយ ​ដល់​ទី​២​ដូច​មិន​មែន​លេង​បាល់លោក Emerson Alcantara ​គ្រូ​បង្វឹក​របស់​ក្រុម Yangon United

 

នៅ​តង់​ទី​មួយ ខាង​កីឡាករ​ក្រុម Yangon United ​មាន​ទម្រង់​លេង​ល្អ​ ​សឹងតែ​លេង​នៅ​មុខ​ទី​របស់​ក្រុម​បឹង​កេត​អង្គរ​ទៅ​ហើយ ថែម​ទាំង​មាន​បាល់​ស៊ុត​បុក​បង្គោល​ទី​ដល់​ទី​២​ដង​ថែម​ទៀត។ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ ​បឹង​កេត​អង្គរ​បែរ​ជា​អាច​មាន​ប្រៀប​ជាង​វិញ ដោយ​អាច​រក​បាន​៣​គ្រាប់​និង​មាន​ឱកាស​២​ទៅ​៣​ដង​បន្ថែម​ថែម​ទៀត តែ​មិន​សម្រេច។

 

លោក Emerson ​បាន​និយាយ​ចំពោះ​រឿង​ខាង​លើ​ថា​៖ “នៅ​តង់​ទី​មួយ​ក្រុម​របស់​ខ្ញុំ​ លេង​តាម​អ្វី​ដែល​បាន​រៀប​ចំ​ទុក និង​បាន​បង្កើត​ឱកាស​ច្រើន។ ដល់​តង់​ទី​២ អ្វី​គ្រប់​យ៉ាង​ប្រែប្រួល​ទាំង​ស្រុង កីឡាករ​លេង​មិន​ស៊ី​ចង្វាក់​គ្នា បាត់បង់​ទម្រង់​ប្រយុទ្ធ សឹង​តែ​លេង​ដូច​មិនមែន​លេង​បាល់​ទៅ​ហើយ។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ការ​លេង​ទម្រង់​វាយ​បក​របស់​បឹង​កេត​មាន​ប្រសិទ្ធភាព អាច​យក​ឈ្នះ​ក្រុម​របស់​ខ្ញុំ​បាន”។

 

ទាក់ទិន​នឹង​បម្រែបម្រួល​ទម្រង់​លេង​នេះ​ដែរ គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា​មិនមែន​មក​ពី​បាត់បង់​កីឡាករ​សំខាន់ César Augusto ​សញ្ជាតិ​ប្រេស៊ីល​នោះទេ។ លោក​ទទួល​ស្គាល់​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ជួយ Yangon United ​ច្រើន​មែន​នៅ​ពេល​មាន​វត្តមាន​របស់​គេ ប៉ុន្តែ​ចាញ់​ប្រកួត​ជាមួយ​បឹង​កេត​មិនមែន​មក​ពី​អវត្តមាន​របស់​គេ​ឡើយ។ ( César ​ជា​ខ្សែ​ប្រយុទ្ធ​ដំបូងគេ​របស់ Yangon ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ដល់​១០០​គ្រាប់​នៅ​លីក​មីយ៉ាន់ម៉ា ប៉ុន្តែ​គេ​ទើបតែ​ផ្លាស់​ចេញ​ទៅ​អឺរ៉ុប​ប៉ុន្មាន​ថ្ងៃ​មុន​ Yangon United ​មក​ប៉ះ​បឹង​កេត​នេះ​ទេ)៕

 

អត្ថបទ៖ មុន្នី រម្យ