គ្រឿងញៀន​ហូរ​ចូល​ពី​ប្រទេស​ឡាវ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង នាំមក​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​

សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ចាត់វិធានការ​បង្ក្រាប​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់ ទៅលើ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ចែកចាយ​និង​ជួញដូរ​គ្រឿ​ញៀន ហើយ​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ខេត្តស្ទឹងត្រែង ពុំមាន​ការថយចុះ​នោះទេ ហើយ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​គ្រឿងញៀន​ហូរ​ចូល​ពី​ប្រទេស​ឡាវ​ឆ្លងកាត់​ច្រករបៀង ផ្លូវទឹក ផ្លូវគោក ខេត្តស្ទឹងត្រែង ត្រូវបាន​ឧក្រិដ្ឋជន​យកមកចែក​ចាយ​ដល់​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​យ៉ាង​រាលដាល​។ ប្រការនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវវ័យ​រាប់ពាន់​រាប់ម៉ឺន​នាក់​កំពុង​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ខូចអនាគត និង​បាត់បង់​អាយុជីវិត​។

បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ប្រចាំឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ជួញដូរ​គ្រឿងញៀន​ចំនួន​៤២​ករណី ចាប់ខ្លួន​ជនសង្ស័យ​៧៥​នាក់ ក្នុងនោះ​មាន​ជនជាតិ​ឡាវ​៥​នាក់ និង​ជនជាតិ​ចាម​ម្នាក់​។ ក្នុងការ​បង្ក្រាប​នោះ​សមត្ថកិច្ច​រឹបអូស​បាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​(​ម៉ា​ទឹកកក​) ២,២៩៩​គីឡូក្រាម និង​២១​កញ្ចប់​តូច ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ចំនួន​៣២១២​គ្រាប់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ គឺមាន​ការកើនឡើង​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ចាត់ទុកថា​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ទៀត​។

ចំណែក​របាយការណ៍រ​បស់​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៤៧​ករណី ធៀប​នឹង​ឆ្នាំ​២០១៤​កើនឡើង​២៨​ករណី​ស្មើ​៤០,៤២​ភាគរយ​។ ក្នុងនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧៤​នាក់ ដោយមាន​ជនជាតិ​ឡាវ​៣​នាក់ ជនជាតិ​ចាម​៣​នាក់ និង​ជនជាតិ​យួន​៤​នាក់​ផងដែរ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY)៦៥៩១​គ្រាប់ និង​ម៉ា​ទឹកកក​៤,៨៤៩​គីឡូក្រាម​។ តាមរយៈ​របាយការណ៍​របស់​កងរាជអាវុធហត្ថ​និង​នគរបាល​ខេត្តស្ទឹងត្រែង ត្រួសៗ​ដូច​ខាងលើនេះ​បង្ហាញថា គ្រឿងញៀន​ហូរ​ចូល​ពី​ប្រទេស​ឡាវ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាង​គួរ​ឲ្យ​ភ័យខ្លាច​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​។ ប្រការនេះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​៕

1514595_468838703254726_1161333917001613508_n image