ពលរដ្ឋ​រិះគន់​ករណី​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់​

​ប្រភពព័ត៌មាន​ពី​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា​មាន​ករណី​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុ​រលួយ​រវាង​មន្ត្រី​ជំនាញ និង​ថ្នាក់ដឹកនាំ​នៅក្នុង​អង្គភាព​ខាងលើ​ច្រើន​ឆ្នាំ​មកហើយ​ដែល​បញ្ហា​នេះ​វា​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​ការងារ​ជា​ប្រក្រតី​របស់​អង្គភាព​ខាងលើ​នោះទេ តែ​វា​ក៏​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​សមិទ្ធិផល​នានា​នៅក្នុង​ខេត្តពោធិ៍សាត់​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ថវិកា​ជា​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដែល​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់​ត្រូវគេ​សង្ស័យថា​មានការ​បាត់បង់​។

​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​កាលពីពេល​ថ្មីៗ​នេះ​បាន​រិះគន់ថា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់​ក្រោម​ការដឹកនាំ​របស់លោក ហួត បូ​និ​ត និង​បក្ខពួក​មិនបាន​សាងសង់​សមិទ្ធិផល​អ្វី​ជា​ដុំកំភួន​នៅក្នុង​ខេត្តពោធិ៍សាត់​នោះទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា នៅក្នុង​ខេត្ត​ផ្សេងៗ​មាន​សមិទ្ធិផល​ជាច្រើន​ត្រូវបាន​សាងសង់​ជា​បន្តបន្ទាប់ ខណៈ​ខេត្តពោធិ៍សាត់​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តិចតួច និង​មាន​ភាពយឺតយ៉ាវ​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា បើ​និយាយ​ពី​កញ្ចប់​ថវិកាជាតិ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រគល់​មកដល់​ដល់​ខេត្ត​នីមួយៗ​មាន​ចំនួន​មិន​ខុសគ្នា​ប៉ុន្មាន​នោះទេ តែ​ខេត្ត​ផ្សេងៗ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើនជាង​ខេត្តពោធិ៍សាត់​គួរ​ឲ្យ​កត់សម្គាល់​។​

ជុំវិញ​បញ្ហា​នេះ អតីតមន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់​មួយរូប​បាន​បង្ហើប​ថា ថវិកា​ភាគច្រើន​ត្រូវបាន​បាត់បង់​តាមរយៈ​ការ​បំប៉ោង​របាយការណ៍​រប​ស់​មន្ត្រី​ជំនាញ​នៅក្នុង​អង្គភាព​ខាងលើ និង​មេ​កើយ​របស់​ពួកគេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា គម្រោង​ទឹកស្អាត គម្រោង​ផ្លូវលំ ប្រព័ន្ធធារាសាស្ត្រ និង​គម្រោង​ផ្សេងៗ​ត្រូវបាន​មន្ត្រី​ខិលខូច​ក្នុង​អង្គភាព​ខាងលើ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ទទួលបាន​កញ្ចប់​ថវិកា​យកមកប្រើ​ប្រាស់ តែ​ភាពជាក់ស្តែង​ថវិកា​ភាគច្រើន​មិនបាន​យកទៅ​អភិវឌ្ឍន៍​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​នោះទេ​។

ចំពោះមុខ​បញ្ហា​នេះ អតីតមន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់​បាន​ពន្យល់​ថា​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អ​ភ​វិ​ឌ្ឍ​ន៍​ជនបទ និង​ក្រុម​សវនកម្ម​ផ្សេងទៀត​គួរតែ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ទាំងនេះ​ឡើងវិញ ព្រោះ​កន្លងមក​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​តែ​លើ​ឯកសារ​ចំណាយ​ប៉ុណ្ណោះ តែ​ពួកគេ​មិនបាន​ចុះ​ត្រួតពិនិត្យ​សំណង់​ផ្សេងៗ​ឲ្យ​បាន​ហ្មត់ចត់​នោះទេ ខណៈ​សំណង់​ដែល​ត្រូវបាន​សាងសង់​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​កម្ពុជា​គ្មាន​គុណភាព និង​ឆាប់​ខូចខាត​ទៅវិញ​ខុស​ប្រក្រតី​៕

SONY DSC

IMG_1636