ចាំមើល​បទបញ្ជា​របស់​អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសិទ្ធភាព​ឬ​អត់​?

​ថ្មីៗ​នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានចេញ​បទបញ្ជា​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​តាំងទី​លំនៅ​មិន​ស្របច្បាប់​ក្នុង​តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ សម្រាប់​រក្សា​ប្រភព​ទឹកស្អាត​ឲ្យ​រុះរើ​ផ្ទះ​ឬ​សំណង់​ផ្សេងៗ​ចេញពី​តំបន់​នោះ ឲ្យ​បាន​មុន​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​កម្ទេច​សំណង់​ទាំងនោះ​ចោល​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​និង​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ពុំមាន​ជំនឿ​លើ​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នោះទេ ព្រោះ​កន្លងមក​បទបញ្ជា​ឬ​វិធាន​ការដែល​លោក យន្ត មីន ដាក់ចេញ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា​ការដែល​អាជ្ញាធរខេត្ត​ដាក់ចេញ​នូវ​វិធានការ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ឬ​សំណង់​ផ្សេងៗ​ចេញពី​តំបន់ហាមឃាត់ ដោយ​ពុំមាន​ដំណោះស្រាយ​សមស្រប​គឺអាច​ធ្វើ​ឲ្យ​វិធានការ​នោះ​ទទួល​បរាជ័យ​។ មន្ត្រី​សង្គម​ស៊ីវិល​បានផ្តល់​ជា​មតិ​ថា មុននឹង​អាជ្ញាធរខេត្ត​ព្រះសីហនុ រុះរើ​លំនៅដ្ឋាន​និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ គួរ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ឬរ​កដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទីជម្រក​ពិតប្រាកដ​។ ប្រសិនបើ​អាជ្ញាធរខេត្ត​ព្រះសីហនុ មិន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប ហើយ​ចាត់វិធានការ​រុះរើ​ផ្ទះសម្បែង​និង​សំណង់​ផ្សេងៗ​នាពេល​ឆាប់ៗ​ខាងមុខនេះ អាច​នាំ​ឲ្យ​មានការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ជាមិនខាន​។

មជ្ឈដ្ឋាន​នានា​ពុំមាន​ជំនឿ​លើ​ចំណាត់ការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នោះទេ​ហើយ​វាយតម្លៃថា វិធាន​ការចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នឹង​ទទួល​បរាជ័យ​ទាំងស្រុង ប្រសិនបើ​ពុំមាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ប្រជាពលរដ្ឋ​។ មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើង​ដែរ​ថា តាម​ពិនិត្យ​ជាក់ស្តែង​អភិបាលខេត្ត​ព្រះសីហនុ មាន​វិធានការ​តែ​ទៅលើ​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​ដីស​ង់​ទីជម្រក​ពិតប្រាកដ ហើយ​មិន​ហ៊ាន​ប៉ះពាល់​អ្នកមាន​លុយ អ្នកមានអំណាច ឬ​មន្ត្រីជាន់ខ្ពស់ ដែល​រំលោភ​យក​ដី​អនុក្រឹត្យ​លេខ​៧៦ ពុះ​ច្រៀក​ជា​ឡូត៍​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ប្រសិនបើ​អាជ្ញាធរខេត្ត​ព្រះសីហនុ មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​ដីធ្លី​នៅ​តំបន់​អនុក្រឹត្យ​៧៦ គឺ​ត្រូវ​ចាត់វិធានការ​លើ​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រីជាន់ខ្ពស់​តាមច្បាប់​ជា​ធរមាន មិនមែន​គំរាម​តែ​ទៅលើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​បែបនេះ​ឡើយ​៕

H111315AY-P1លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ image