គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២៣​នាក់

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍របស់​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​៧​នាក់​បាន​ស្លាប់​១៦​នាក់​រងរបួស​ធ្ងន់​និង​៧​នាក់ រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ចំនួន​១៣​លើក​(​យប់ ៨​លើក​)​នៅ​ថ្ងៃទី​២៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥​ម្សិលមិញ​។

​    ​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៥​គ្រឿង រថយន្ត​ធុន​តូច​៣​គ្រឿង រថយន្ត​ធុន​ធំ​៤​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​២​លើក​, ស្រវឹង​៥​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក និង​មិន​ប្រកាន់​ស្តាំ​១​លើក​។

​     ជាមួយគ្នានេះ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​ម្សិលមិញ​នគរបាល​ចរាច​រណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​១១១៨​គ្រឿង (​រថយន្ត​ធំ​៦៦៥​គ្រឿង​) ស្មើនឹង​១១១៨​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៦៨២​គ្រឿង ស្មើនឹង ៦៨២​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៤៣៦ គ្រឿង​ស្មើនឹង​៤៣៦​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ៩៧៩​គ្រឿង​៕

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២៣​នាក់