សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ពី​សារៈសំខាន់​នៃ​ការអនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៦

ភ្នំពេញ: ​យោងតាម​គេហទំព័រ​ផ្លូវការ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា រដ្ឋសភា​នឹង​ពិនិត្យ​អនុម័ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សំរាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ នៅថ្ងៃនេះ​។

​សម្តេច​ ហ៊ុនសែន បាន​លើកឡើងថា សង្ឃឹមថា​រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​នេះ​ដើម្បី​រាជរដ្ឋាភិបាល​ដឹកនាំ​ចាត់ចែង​ការងារ​លើ​គ្រប់​វិស័យ​បន្តទៀត ក្នុងនោះ​ក៏មាន​ការ​តម្លើង​បៀវត្ស​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា និង​និវត្តន៍​ជន​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សង្កត់ធ្ងន់ថា ច្បាប់​ថវិកា​ឆ្នាំ​២០១៦​ក៏​លុបចោល​ផងដែរ​នូវ​ពន្ធ តាម​របប​ម៉ៅការ ដើម្បី​សម្រួល​ដល់​អាជីវករ​តូចតាច ដែល​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​ជិវិត​។ សម្តេច​បន្ថែមថា ច្បាប់​នេះ​ក៏​នឹង​លុបចោល ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ មួយចំនួន​ដូចជា ទោចក្រយានយន្ត ត្រី​ចក្រ​យាន្ត​យន្ត ត្រាក់ទ័រ គោយន្ត និង​ជល​យាន្ត​តូចៗ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ និង​លើក​កំពស់​ជីវភាព​ប្រជាជន​។ ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ជា​ចុង​ខ្សែ​ពីរ​នៃ​ចំណង​មួយ ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណារ​ទាប​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា យើង​បាន​នឹង​កំពុងមាន​សន្តិភាព និង​ស្ថេរភាព​ខាង នយោបាយ​ល្អ ដែលជា​មូលដ្ឋាន​សំរាប់​ការលូតលាស់​ខាង សេដ្ឋកិច្ច សង្គម ដែល​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​សំរេច​គោលដៅ​ដែល​យើង​បានដាក់​ចេញ​៕

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ពី​សារៈសំខាន់​នៃ​ការអនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៦