រដ្ឋសភា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦

ភ្នំពេញ: នៅ​ទីបំផុត រដ្ឋសភា បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ ដោយ​សម្លេង ៦៦ លើ ៦៦ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ​។ បន្ទាប់ពី​អនុម័ត​ច្បាប់​នេះ​រួច សភា​ក៏បាន​បន្ត​ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ស្ថិតិ ជា​បន្តទៀត​។​
​    ​
​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ មាន ៥​ជំពូក និង​មាន ១៦​មាត្រា​។ កិច្ចប្រជុំ​របស់​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ មាន​កូរ៉ុម​ចំនួន ៦៦​រូប ជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំងមានវត្តមានរបស់សម្តេចហ៊ុនសែន​។

ចំណែក​សមាជិក​រដ្ឋសភា ជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៥​រូប មិនបាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​ទេ​។

​បើទោះបីជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើពហិកា មិន​ចូលរួម​ប្រជុំ​សភា​ក៏ដោយ ក៏​ដំណើរការ​នៃ​ការប្រជុំ​សភាពេញអង្គ នៅតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

នៅក្នុង​សេចក្តីថ្លែងហេតុ នៃ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិការណ៍​ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ទទួលផល​ពីស​ន្តិ​ភាព ឯកភាព​ទឹកដី ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​។ រាជរដ្ឋាភិបាល​បាន​បន្ត​ដោះស្រាយ ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម​ដោយ​ភាពស្មោះត្រង់ ព្រមទាំង​ការពង្រឹងលទ្ធិប្រជាធិប​តេយ្យ នី​តិ​រដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​។

​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​ក៏​កំពុងតែបន្ត​អនុវត្ត​ការកែទម្រង់​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ឆ្លើយតប​ទៅ​និង​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន ដូចដែល​មានចែង​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​នៅក្នុង​បរិការណ៍​នៃ​វិ​វត្ត​ឥតឈប់ឈរ ដែល​ពេលខ្លះ​មាន​សភាព​ស្មុគស្មាញ ទាំង​ក្នុង និង​ក្រៅប្រទេស​។

ច្បាប់​ថវិកា​ឆ្នាំ​២០១៦ បានកំណត់​ពី​ការលុបចោល​នូវ​ពន្ធ​តាម​របប​ម៉ៅការ ដើម្បី​សម្រួល​​ដល់​អាជីវករ​តូចតាច ដែល​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​ជិវិត​។ ច្បាប់​នេះ ក៏​នឹង​លុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​មួយចំនួន ដូចជា ទោចក្រ​យានយន្ត ត្រី​ចក្រ​យាន្ត​យន្ត ត្រាក់ទ័រ គោយន្ត និង​ជល​យាន្ត​តូចៗ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ និង​លើក​កំពស់​ជីវភាព​ប្រជាជន​៕​