Sanchez របួសក្នុងពេល Arsenal ស្មើ ខណៈ Liverpool ឡើងឈរលេខ៦

Arsenal បាន​បាត់​បង់​ខ្សែ​បម្រើ Alexis Sanchez និង​ខ្សែ​ការ​ពារ Laurent Koscielny ដោយ​សារ​តែ​បញ្ហា​របួស​ក្នុង​ពេល​បញ្ចប់​ក្នុង​លទ្ធ​ផល​​ស្មើ ១-១ នៅ​លើ​ទឹក​ដីក្រុម Norwich City កាល​ពី​ថ្ងៃ​អាទិត្យ​​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​តាម​ស្មើ​ពិន្ទុ​ជា​មួយ​នឹង​ក្រុម Manchester City ដែលកំពុងនាំមុខនៅ​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League​។ Sanchez បាន​ជួយ​ឲ្យ Mesut Ozil រក​បាន​គ្រាប់​បាល់​បើក​ឆាកនៅ​នាទី ទី​៣០​​សម្រាប់​ក្រុម Arsenal នៅ​កីឡ​ដ្ឋាន Carrow Road ប៉ុន្តែ ក្រោយពី កីឡាករ Lewis Grabban បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញនៅ​ជិត​បញ្ចប់​តង់​ទី​១ ខ្សែ​បម្រើអន្តរ​ជាតិ​​ស៊ី​លី​ដ៏​មាន​ឥទ្ធិពល​រូប​នេះ បាន​​ជួប​បញ្ហា​របួស​រសៃ​ពួរ​គន្លាក់​ជើង​។
1
ខ្សែ​ការ​ពារ​កណ្តាល Koscielny បាន​ចាក​ចេញ​ពី​ទីលាន​ប្រកួត​​រួច​ជា​ស្រេច ក្រោយ​ពី​ត្រូវ​បាន​ជំនួស​​​ដោយ​កីឡាករ Gabriel នៅ​នាទី ទី​១១ ដែល​ធ្វើ​ឲ្យ​លោក Arsene Wenger អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal មាន​កីឡាករ​​ពីក្រុម​ជម្រើស​ដំ​បូង​រហូត​ដល់​ទៅ​៧បាក់​​ក្នុង​បញ្ជី​កីឡាករ​របួស​។ គ្រូ​បង្វឹក​​សញ្ញាតិ​បារាំង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​នឹង​​​មិន​ប្រើ​ប្រាស់​រូប​គេនៅ​ថ្ងៃ​នេះ​ឡើយ ប៉ុន្តែ រូបគេ​មាន​អារម្មណ៍​ល្អ​នៅ​មុន​ពេលការ​ប្រកួត​។ រូប​គេ​បាន​ប្រកាស​ថា គេ​មិនមាន​បញ្ហា​ឡើយ​»​។ លោក Wenger ក៏​បាន​ប្រកាស​ផង​ដែរ ខ្សែ​បម្រើ Santi Cazorla បាន​បញ្ចប់​ការ​ប្រកួត​នេះ​​ដោយ​មាន​​បញ្ហា​របួស​ជើង និង​បាន​និយាយ​ថា រូប​​គេ Sanchez និង Koscielny សុទ្ធ​សឹង​​ត្រូវ​ទទួល​ការ​ធ្វើ​តេស្ត​​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម Liverpool បាន​ជួប​ភាព​រីក​រាយ​ជាង​​ទៅលើ​ព័ត៌​មាន​របួស​របស់​កីឡាករ​ក្នុង​ពេល​ពួក​គេ​​ទទួល​ជ័យ​ជម្នះ ១-០ លើ​ក្រុម​​ធ្លាក់​​ទម្រង់លេង Swansea City ខណៈ​ដែល​ពួក​គេ​​បាន​ស្វាគមន៍​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់​គ្លេស Jordan Henderson និងខ្សែ​ប្រយុទ្ធ Daniel Sturrige ពី​បញ្ហា​របួស​វិញ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia