គ្រូបង្វឹករបស់ក្លិប Valencia លាលែងពីតំណែង

លោក Nuno Espirito Santo គ្រូបង្វឹករបស់ក្រុម Valencia បានបញ្ចប់រយៈពេល១៧ខែរបស់លោកក្នុងនាមអ្នកចាត់ការទូទៅរបស់ក្លិបមួយនេះតាមរយៈការលាលែងពីតំណែង។ នេះបើយោងទៅតាមការបញ្ជាក់ប្រាប់របស់លោកកាលពីថ្ងៃអាទិត្យ។ ក្រោយពីបានរងបរាជ័យ ១-០ ក្រោមស្នាដៃក្រុម Sevilla លោក Santo បានឲ្យដឹងថា៖ «វាគឺជាកិត្តិយសមួយក្នុងការក្លាយជាគ្រូបង្វឹករបស់ Valencia។ នៅថ្ងៃស្អែកនេះ ជាមួយនឹងប្រធានក្លិប និងម្ចាស់ក្លិប វានឹងមានកិច្ចប្រជុំមួយដើម្បីជម្រះពីអនាគត»។
1
ការរងបរាជ័យរបស់ក្រុម Valencia នៅលើទឹកដីនៃកីឡដ្ឋាន Sanchez Pizjuan គឺជាការរងបរាជ័យជាលើកទី៨របស់ពួកគេក្នុងចំណោមការប្រកួត២០លើកនៅរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់បានជួយឲ្យក្រុមវិលទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League វិញជាលើកទី១ក្នុងរយៈពេល៣ឆ្នាំកាលពីរដូវកាលមុនក្រោមគម្រោងដ៏មានមហិច្ឆតាដែលត្រូវបានផ្តល់មូលនិធិដោយម្ចាស់ក្លិបសញ្ជាតិសិង្ហបុរីលោក Peter Lim។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេបានបរាជ័យក្នុងការបង្កើតភាពខ្លាំង ខណៈដែលពួកគេកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៩នៅលើតារាង La Liga និងចាំបាច់ត្រូវតែផ្តួលក្រុម Lyon ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៃក្របខ័ណ្ឌ Champions League ដើម្បីមានឱកាសណាមួយក្នុងការឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ។ លោក Santo បានបញ្ជាក់ថា៖ «ខ្ញុំបានពិភាក្សាដោយឯកជនជាមួយនឹងម្ចាស់ក្លិប ប្រធានក្លិប ហើយយើងសុទ្ធសឹងយល់ព្រមថា Valencia គឺជាគម្រោងមួយសម្រាប់បច្ចុប្បន្ន និងអនាគត ហើយខ្ញុំមិនចង់ឲ្យគម្រោងនោះឈប់ឡើយ។ ខ្ញុំចង់ឲ្យ Valencia វិលទៅក្លាយជាក្លិបមួយក្នុងចំណោមក្លិបដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុប»៕

ប្រភពព័ត៌មាន៖ Channel News Asia