ក្រុម​យុវជន​សភា​ត្រាប់​ជំរុញ​រដ្ឋាភិបាល​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង

យុវជន​នៃ​សភា​យុវជន​ត្រាប់ ធ្វើ​សន្និសីទ​យុវជន​ស្ដីពី​អនុសាសន៍​របស់​យុវជន ក្នុង​ការ​ជំរុញ​ឲ្យ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី “ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង” នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់ ក្នុង​គោលដៅ​ដើម្បី​អាច​គ្រប់គ្រង​ការ​លក់​ស្រា និង​អាច​កាត់​បន្ថយ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ស្ថិត​នៅ​លេខ​រៀង​ក្រោយ​គេ ព្រោះ​បច្ចុប្បន្ន​មាន​សេចក្ដី​ព្រាង​ច្បាប់​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ ម្ល៉ោះ​ហើយ​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ប្រជុំ​ត្រួត​ពិនិត្យ និង​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត។

ក្រុម​យុវជន​នៃ​សភា​យុវជន​ត្រាប់ គ្រោង​នឹង​ធ្វើ​ញត្តិ​ដាក់​ទៅ​កាន់​រដ្ឋសភា​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋសភា ពន្លឿន​ការ​ប្រជុំ​ត្រួត​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​យុវជន​ក្នុង​សន្និសីទ​នោះ គឺ​ជំរុញ​ឲ្យ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី “ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង” ដោយ​យុវជន​ទាំង​នោះ​ទទូច​ស្នើសុំ​ជា​ថ្មី​ទៅ​កាន់​រដ្ឋាភិបាល ឲ្យ​បង្កើត​ផែនការ​ជាក់លាក់​ក្នុង​ការ​កំណត់​ពេលវេលា​នៃ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ ក្នុង​ន័យ​ការពារ​សុខភាព​សាធារណៈ សណ្ដាប់ធ្នាប់​សង្គម កាត់​បន្ថយ​បញ្ហា​អសន្តិសុខ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង និង​អាច​គ្រប់គ្រង​ការ​លក់​ស្រា​ដែល​អាជីវករ​ដាក់​លក់ និង​ផ្សព្វផ្សាយ​លក់​បែប​អនាធិបតេយ្យ​នា​ពេល​បច្ចុប្បន្ន​នេះ។

អនុប្រធាន​ទី​២ នៃ​សភា​យុវជន​ត្រាប់ កញ្ញា រស់ ស្រីពៅ និយាយ​ថា ស្រា​គឺ​ជា​ប្រភព​នៃ​បញ្ហា​ធំ​មួយ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន។ យុវជន​មួយ​ចំនួន​សេព​សុរា លះ​បង់​ការ​សិក្សា មិន​ស្តាប់​មាតា​បិតា បង្ក​ជា​បញ្ហា​ផ្សេងៗ ធ្វើ​ឲ្យ​សង្គម​មាន​ភាព​ល្អក់កករ និង​បណ្ដាល​ឲ្យ​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​បាត់បង់​ឱកាស​ដើម្បី​ក្លាយ​ជា​កោសិកា​សំខាន់​សម្រាប់​សង្គម។

កញ្ញា​បន្ត​ថា បរិបទ​នៃ​គំនិត​ចាស់​គំរឹល​មួយ​ចំនួន បាន​បណ្ដាល​ឲ្យ​ស្ត្រី​ទទួល​ទាន​ស្រា​ដោយ​មិន​ដឹង​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព មាន​ជា​រួម ស្ត្រី​ដែល​ទើប​សម្រាល​កូន​ខ្ចី ត្រូវ​បាន​ចាស់ៗ​ខ្លះ​តម្រូវ​ឲ្យ​ផឹក​ស្រា​ដើម្បី​សុខភាព​ស្បូន​ល្អ ប៉ុន្តែ​តាម​ពិត គឺ​ការ​ផឹក​ស្រា​ក្រោយ​ពេល​សម្រាល​កូន គឺ​មិន​មាន​ផល​ល្អ​ឡើយ​សម្រាប់​ស្ត្រី​ជា​ម្តាយ៖ «ជា​ស្ត្រី​ទោះ​បី​គាត់​ម្តាយ​ក៏ដោយ ជា​ប្រពន្ធ​ក៏ដោយ នៅ​ពេល​ដែល​ប្ដី​គាត់​ស្រវឹង គឺ​មក​រក​ប្រពន្ធ អ៊ីចឹង​គាត់​ជា​អ្នក​រងគ្រោះ»

ទន្ទឹម​គ្នា​នេះ វិទ្យុ​អាស៊ីសេរី ទទួល​បាន​លិខិត​របស់​ក្រុមហ៊ុន​រក​ស៊ី​គ្រឿង​ស្រវឹង​ធំ​មួយ​ប្រចាំ​កម្ពុជា ដោយ​ក្នុង​លិខិត​នោះ​សរសេរ​ស្នើសុំ​ជួប​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​កែប្រែ​មាត្រា​មួយ​ចំនួន ដែល​មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង​លើ​ឈ្មួញ​អ្នក​រក​ស៊ី​គ្រឿង​ស្រវឹង និង​អរគុណ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​នោះ​ដែល​បាន​ផ្តល់​ឱកាស​បាន​ជួប​ពិភាក្សា​គ្នា។

សេចក្តី​ថ្លែងការណ៍​រួម​ក្នុង​សន្និសីទ​របស់​យុវជន​នៃ​សភា​យុវជន​ត្រាប់ ដាក់​ការ​សង្ស័យ​ថា ប្រហែល​ឈ្មួញ​រក​ស៊ី​គ្រឿង​ស្រវឹង​ដែល​យក​ស្រា​ទៅ​លក់​ពង្វក់​ស្មារតី​ប្រជាជន មាន​លុយ​ក្នុង​ដៃ ហើយ​យក​លុយ​នោះ​សូក​មន្ត្រី​ជាន់​ខ្ពស់​ដែល​មាន​អំណាច ដើម្បី​ខ្ទប់​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ឲ្យ​ស្ថិត​នៅ​ក្រោម​គំនាប​ដប​ស្រា និង​ប្រាក់​ដុល្លារ ប៉ុន្តែ​អត់​ខ្វល់​ពី​សុខភាព​ប្រជារាស្ត្រ​ជា​ធំ។

តំណាង​គណៈកម្មការ​ច្បាប់​នៃ​សភា​យុវជន​ត្រាប់ លោក ជា ចំរុង លើក​ឡើង​ថា ស្រា​គឺ​ជា​បញ្ហា​ក្នុង​សង្គម ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ បង​តូច​បង​ធំ ចោរ​លួច ចោរ​ឆក់ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តាម​សហគមន៍។ ស្រា​អាច​បណ្ដាល​ឲ្យ​យុវជន​ដែល​មាន​ការ​អប់រំ​តិចតួច និង​ខ្វះ​មូលដ្ឋាន​នៃ​ការ​ត្រិះរិះ​ពិចារណា​បែប​ស៊ី​ជម្រៅ ធ្វើ​សកម្មភាព​ដែល​ខុស​នឹង​ច្បាប់​ដែល​សង្គម​កំពុង​លុប​បំបាត់​នោះ មាន​ជា​អាទិ៍ ការ​រំលោភ​សេពសន្ថវៈ ការ​បង្ក​ហិង្សា​ពេល​មាន​ពិធី​បុណ្យ​ទាន​ផ្សេងៗ​តាម​សហគមន៍៖ «យើង​ឃើញ​ជាក់ស្តែង​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើ​ហិង្សា​ហ្នឹង​ផ្សេងៗ​ហ្នឹង គឺ​សុទ្ធ​សឹង​កើត​ចេញ​ពី​ការ​សេព​គ្រឿង​ស្រវឹង»

លោក​បន្ថែម​ថា ប្រការ​នេះ​អាច​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ក្រ​កាន់​តែ​ក្រ សុខភាព​មិន​ល្អ​ឈឺ បណ្ដាល​ឲ្យ​ពិការ និង​ស្លាប់ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​ការ​ផឹក​ស្រា ហើយ​មិន​អាច​គ្រប់គ្រង​ស្មារតី​ខ្លួន​ឯង​បាន​ល្អ​ប្រសើរ​ក្នុង​ពេល​បើកបរ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ធ្លាប់​មាន​គម្រោង​ប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​ម្តង​ហើយ ប៉ុន្តែ​ដោយសារ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ជាប់​រវល់ ជា​ហេតុ​បណ្ដាល​ឲ្យ​ការ​ប្រជុំ​មិន​អាច​ដំណើរ​ការ​បាន។ លោក​បន្ត​ថា សេចក្តី​ព្រាង​ច្បាប់​នេះ បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​រៀង​ក្រោយ​គេ ម្ល៉ោះ​ហើយ​មិន​ដឹង​ថា​ថ្ងៃ​ណា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រជុំ​ត្រួត​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​នោះ​ទេ។

សេចក្តី​ព្រាង​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង មាន ១១​ជំពូក និង ៣៩​មាត្រា មាន​គោល​បំណង​ការពារ​សុខភាព​សាធារណៈ បរិស្ថាន និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច និង​សង្គម ចាត់​វិធានការ​ក្នុង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ចូលរួម​របស់​សាធារណជន​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង និង​ហាម​មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ និង​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ ទិញ​ស្រា​ផឹក​នោះ​ឡើយ។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៤ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​គ្រឿង​ស្រវឹង​មាន​ជាង ៦០០​ករណី (៦១៨​ករណី) ដែល​ចំនួន​នេះ​ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់​ពី​ការ​បើកបរ​លើស​ល្បឿន​ដែល​កំណត់​ដោយ​ច្បាប់។

យុវជន​ទាំង​នោះ​លើក​ឡើង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​ត្រិះរិះ​ពិចារណា​ដោយ​យក​សុខភាព​ប្រជាជន និង​សុខភាព​សាធារណៈ​ជា​ធំ ដោយ​ជំរុញ​ឲ្យ​ប្រជុំ​ត្រួត​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​មិន​គួរ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ ស្ថិត​នៅ​ក្រោម​គំនាប​កំប៉ុង​ស្រាបៀ និង​ប្រាក់​ដុល្លារ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។