​ប្រទេស​កម្ពុជា​ត្រូវបាន​រាប់បញ្ចូល​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកយកព័ត៌មាន​បរិស្ថាន​

​កាលពីពេល​ថ្មីៗ​នេះ​របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​ដោយ​អ្នកកាសែត​គ្មាន​ព្រំដែន​ដែលមាន​មូលដ្ឋាន​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា កម្ពុជា​គឺជា​កន្លែង​គ្រោះថ្នាក់​បំផុត​ក្នុងការ​ធ្វើការ​ជា​អ្នកកាសែត​បរិស្ថាន​។ របាយការណ៍​ដែលមាន​ចំណងជើង​ថា បរិយាកាស​អរិភូត​សម្រាប់​អ្នកកាសែត​បរិស្ថាន និយាយ​រៀបរាប់​អំពី​ការយាយី ការចាប់​ដាក់គុក និង​ការសម្លាប់​អ្នកកាសែត​ទូទាំង​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​២០១០ ហើយ​ចាត់ទុក​ប្រទេស​កម្ពុជា​ដែលមាន​ឃាតកម្ម​៤​លើក​ក្នុង​បណ្ដា​ឃាតកម្ម​១០​លើក​បានកើត​ឡើង​ថា ជា​កន្លែង​ដ៏​គ្រោះថ្នាក់​បំផុត​។​

​របាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា​អ្នកកាសែត​ផ្នែក​បរិស្ថាន​៤​រូប​ដែល​ត្រូវ​ឃាត​ការសម្លាប់​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១០ គឺមាន លោក សួន ចាន់ ត្រូវ​វាយ​ឲ្យ​ស្លាប់​ដោយ​មនុស្ស​មួយក្រុម​ក្នុងពេលដែល​លោក​ចុះ​យក​ព័ត៌មាន​ទាក់ទិន​នឹង​ការនេសាទ​ខុសច្បាប់​នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ឆ្នាំ​២០១៤ លោក ហង្ស សេរី​ឧត្ដម ត្រូវគេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ឃ្លុប​ឡាន​របស់លោក​ដោយមាន​ស្នាម​កាប់​នឹង​ពូថៅ​ចំក្បាល បន្ទាប់ពី​យក​ព័ត៌មាន​ទាក់ទង​នឹង​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តរតនគិរី ក្នុង​ឆ្នាំ​២០១២ លោក តាំង ទ្រី ដែល​ត្រូវ​ទាហាន​ម្នាក់​បាញ់​ចំក្បាល​ពេល​ចុះ​ស៊ើបអង្កេត​ការកាប់​ឈើ​ខុសច្បាប់​នៅ​ខេត្តក្រចេះ​ក្នុង​ឆ្នាំ​២០១៤ ហើយ​លោក ឈុត វុទ្ធី ជា​សកម្មជន​បរិស្ថាន​ត្រូវបាន​កងរាជអាវុធហត្ថ​បាញ់​ស្លាប់​ក្នុងពេលដែល​លោក​នាំ​អ្នកកាសែត​បរទេស​ទៅ​ទីតាំង​កាប់​ឈើ​នៅ​ខេត្តកោះកុង​។​

​ជុំវិញ​បញ្ហា​នេះ​សកម្មជន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បញ្ជាក់ថា អ្នកកាសែត​ដែល​តាមដាន​ការជួញដូរ​ឈើ​ខុសច្បាប់​គឺ​ប្រថុយ​គ្រោះថ្នាក់​ខ្លាំងណាស់​នៅ​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ភាគច្រើន​ត្រូវ​រង​ការបំភិតបំភ័យ​តាម​គ្រប់​រូបភាព​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អ្នកកាសែត​ដែល​សរសេរ​ព័ត៌មាន​អំពី​ការការពារ​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ ការកាប់បំផ្លាញ​ព្រៃឈើ អាជីវកម្ម​ធនធានធម្មជាតិ និង​ការបំពុល​បរិស្ថាន  ជាពិសេស​នៅពេលដែល​ពួកគេ​បកអាក្រាត​ពី​សកម្មភាព​ខុសច្បាប់​នៃ​ក្រុម​ឧស្សាហកម្ម បទឧក្រិដ្ឋ​រៀបចំ​តាម​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​មន្ត្រី​រដ្ឋាភិបាល គឺជា​រឿង​គ្រោះថ្នាក់​បំផុត​។ ក្រុមមន្ត្រី​សិទ្ធិមនុស្ស​បានបញ្ជាក់​ថា​អ្នកកាសែត​ដែល​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​កម្ពុជា​កន្លងមក​ភាគច្រើន​មិនទាន់​ទទួលបាន​ភាពយុត្តិធម៌​នៅឡើយ​ទេ​៕

3BA7AECB-FA96-4A25-898E-3DD8FE4971F5_w640_r1_s CHut-Vuthy-320x239