កម្ពុជា​ស្នើ​ឱ្យ​រុ​ស្ស៊ី​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​នាំ​ចូល​ផលិតផល​កសិកម្ម

រាជធានី​ភ្នំពេញ ៖ រុ​ស្ស៊ី​បាន​យល់​ស្រប តាម​ការ​ស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​ជំរុញ​វិនិយោគិន​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ពិសេស​ជំរុញ​វិនិយោគិន​រុ​ស្ស៊ី​ឲ្យ​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​សហព័ន្ធ​រុ​ស្ស៊ី​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​សហព័ន្ធ​រុ​ស្ស៊ី ។ ម្យ៉ាងទៀត ស្នើ​ឲ្យ​ជួយ​សម្រួល​ដល់​ផលិតផល​កសិកម្ម​កម្ពុជា ហូរ​ចូល​ទៅ​សហព័ន្ធ​រុ​ស្ស៊ី​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក Dmitry Medvedev កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​រុ​ស្ស៊ី​ហាក់​មាន​ចំណាប់អារម្មណ៍​បោះទុន​វិនិយោគ​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ។

កាលពីដើម​ខែតុលា​កន្លង​មក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា លោក DMITRY TSVETKOV បានឱ្យ​ដឹង​ថា​៖ « វិនិយោគិន​រុ​ស្ស៊ី​បាន​សម្លឹង​ឃើញ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​មួយ​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​សេដ្ឋកិច្ច ពិសេស​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន ជាដើម »​។

លោក​មាន​សុទិដ្ឋិនិយម​ថា ៖ «​ខេត្ត​នេះ​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ ព្រោះ​មាន​លក្ខណៈ​ពិសេស​ច្រើន ដូច​ជា មាន​ព្រ​លាន​យន្តហោះ​ជា​ស្រេច ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​លំហែ​កម្សាន្ត​នៅ​ទី​នេះ​រួច ពួក​គេ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​បន្ត​ទៅ​ទស្សនា​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​» ។
យោង​តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ដែល​បាន​មក​ទស្សនា​នៅ​កម្ពុជា មាន​ចំនួន​៣៨.៦៤៤​នាក់ ធ្លាក់​ចុះ​៥៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​៨៣.៤០៥​នាក់ ។

ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​សហព័ន្ធ​រុ​ស្ស៊ី​ធ្វើការ​នាំ​អង្ករ​ចេញពី​កម្ពុជា ក៏​ដូច​ជា​វាយនភ័ណ្ឌ និង​ផលិតផល​ផ្សេង​ៗ​ទៀត​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ ធ្វើ​យ៉ាងណា ឱ្យ​មានការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​កម្ពុជា ឱ្យទៅ​ជា​ផលិតផល​សម្រេច​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​រុ​ស្ស៊ី ។

តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បង្ហាញ​ថា ប្រទេស​រុ​ស្ស៊ី​បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​នេះ មាន​ចំនួន​១.៧៩០​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ មាន​ចំនួន​៧.៣៦១​តោន ធ្លាក់​ចុះ​៧៥,៦៨​ភាគរយ ។

យោង​តាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​រុ​ស្ស៊ី បាន​ធ្លាក់​ចុះ​ពី​៦០,៤០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​ដល់​៤៨,១០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​។ ចំណែក​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​រុ​ស្ស៊ី​វិញ មាន​ចំនួន​សរុប​ប្រហែល​១០​លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៤ ៕