ភ្ញៀវ​ទេសចរ​ងាក​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​តាម​ខេត្ត​ក្នុង​ពិធីបុណ្យ​អុំទូក

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​កន្លង​មកនេះ ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​មិន​មាន​ពិធី​ប្រណាំងទូក​នោះ បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ងាក​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​តាម​បណ្ដា​ខេត្ត​វិញ ដូច​ជា ខេត្តកំពត មណ្ឌលគិរី សៀមរាប ព្រះ​សីហ​នុ និង​រតនគិរី ជាដើម ។

ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​នោះ​មាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​៣​កន្លែង រមណីយដ្ឋាន​វប្បធម៌​២​កន្លែង រមណីយដ្ឋាន​ធម្មជាតិ​៧​កន្លែង និង​រមណីយដ្ឋាន​កែ​ច្នៃ​១​កន្លែង ។ តាម​របាយការណ៍​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុង​រយៈ​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពត​មាន​ចំនួន ១.១៧១.៨៧០​នាក់ កើនឡើង ២៥,៨៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​៩៣១.១៦១​នាក់ ក្នុង​នោះ ទេសចរ​អន្តរជាតិ​មាន​ចំនួន​១៣៥.៩៥១​នាក់ កើនឡើង​៣៩,០៤​ភាគរយ ទេសចរ​ក្នុងស្រុក​មាន​ចំនួន​១.០៣៥.៩១៩​នាក់ កើនឡើង​២៤,៣០​ភាគរយ ។

បើ​តាម​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូល​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ទឹកដី​ខេត្តកំពត​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​ចំនួន​សរុប​៤០.៧៥៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​៣៨.៩៩១​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​១.៧៦២​នាក់ ។

ចំណែក​ខេត្តមណ្ឌលគិរី​វិញ បើ​តាម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត លោក ងិ​ន សុ​វិមាន ឱ្យ​ដឹង​ថា គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​មាន​ចំនួន​១០.៣៨៦​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​១០.០៦៧​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​៣១៩​នាក់ ។ តួលេខ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន គឺ​កើនឡើង​៧,៩៤% ក្នុង​នោះ​ភ្ញៀវ​ជាតិ​កើនឡើង​៧,៣០% និង​ភ្ញៀវ​អន្តរជាតិ​កើនឡើង​៣២,៩១% ។

ដោយឡែក​ខេត្តសៀមរាប​ជា​ខេត្ត​វប្បធម៌​ប្រវត្តិសាស្ត្រ ដែល​មាន​រមណីយដ្ឋាន​ទេសចរណ៍​ល្បី​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ទូ​ទាំង​ពិភពលោក បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៨៣.៧២៨​នាក់ កើនឡើង​ប្រមាណ​៨,៩២% បើ​ធៀប​នឹង​ឆ្នាំ​មុន មាន​ចំនួន​២៣.១២៨​នាក់ កើនឡើង​ប្រមាណ​៦,៧៣% ។

ចំណែក​ខេត្ត​ព្រះ​សីហ​នុ​វិញ បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន​៩៨.១០៣​នាក់ កើនឡើង​ប្រមាណ​១៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

នៅ​រាជធានី​ភ្នំពេញ ថ្វី​ដ្បិតតែ​គ្មាន​ពិធី​ប្រណាំងទូក​ក្តី បុ​៉​ន្តែ​គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​ម្នា​ជា​ច្រើន​កុះករ​បាន​មក​កម្សាន្ត​ក្នុង​ពេល​រាត្រី ដោយសារ​តែ​មានការ​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ផ្សេង​ៗ ផ្ទាំងទស្សនីយភាព​ល្ខោនបាសាក់​រាជធានី​ភ្នំពេញ និង​ការ​លក់ទំនិញ​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ចរាចរណ៍​នៅ​តាម​ដង​វិ​ថី​មួយ​ចំនួន​មាន​សភាព​កកកុញ​ផង​ដែរ ។

តាម​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​ខាង​មុខ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន និង​តំបន់ឆ្នេរ ឱ្យ​បាន​២​លាន​នាក់ ក្នុង​នោះ​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន នឹង​រៀបចំ​ច្បាប់​គ្រប់គ្រង​តំបន់ឆ្នេរ​ឱ្យ​បាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង និង​ជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​-​សង្គម ដោយ​បាន​នាំ​មក​នូវ​ចំណូល​ជូន​ជាតិ ផ្តល់​ឱកាស​ការងារ ចូលរួម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព ។

នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​បាន​កំណើន​ក្នុង​អត្រា​៧​ភាគរយ ជាមួយនឹង​ការ មក​ដល់​នៃ​ទេសចរ​អន្តរ​ជាតិប្រមាណ​៤​លាន​៥​សែន​នាក់ បង្កើត​ឱកាស​ការងារ​ប្រមាណ​៦២​ម៉ឺន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ​ជិត​៣០០០​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។ តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០២០ ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​អាច​កើនឡើង​ដល់​៧,៥​លាន​នាក់ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥០០០​លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​បាន​ជិត​១​លាន​នាក់ ។ នេះ​បើ​យោង​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ៕