តម្លៃ​ប្រេង​រំកិល​ចុះ​ដោយសារ​ក្ដី​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​លើស​លើ​ពិភពលោក

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​សុក្រ ទី​២៧ វិច្ឆិកា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​បន្តិច ដោយសារ​តែ​ក្ដី​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​លើស​នៅ​លើ​ពិភពលោក ស្រប​ពេល​បណ្តា​ពាណិជ្ជករ​ទាំង​ឡាយ​បាន​សម្លឹង​មើល​កិច្ចប្រជុំ​របស់​អង្គការ​ប្រេង OPEC នៅ​ស​ប្តា​ហ៍​ក្រោយ ព្រោះ​មាន​មន្ទិល​ថា បណ្តា​ក្រុមហ៊ុន​ផលិត​ប្រេង​នឹង​បន្ទាប​បរិមាណ​ទិន្នផល​ដែល​ខ្ពស់​នេះ ។

ចំពោះ​តម្លៃ​ហាងឆេង​ប្រេង​គោល​របស់​សហរដ្ឋអាមេរិក WTI សម្រាប់​ចែកចាយ​ក្នុង​ខែមករា ២០១៦ បាន​រំកិល​ចុះ​១,២៧​ដុល្លារ ឬ​លក់​ចេញ​១​បារ៉ែល​តម្លៃ​៤១,៧១​ដុល្លារ នៅ​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​ខ្លី​នៃ​ផ្សា​រមូល​ប​ត្រ​ក្រុង​ញូ​វ​យ៉​ក ។

រីឯ​ហាងឆេង​ប្រេង Brent ជា​តម្លៃ​ប្រេង​គោល​អន្តរជាតិ​វិញ ក្នុង​ខែមករា បាន​ធ្លាក់​ចុះ​៥៨​សេន ដោយ​លក់​ចេញ​ក្នុង​១​បារ៉ែល​តម្លៃ​៤៤,៨៨​ដុល្លារ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។

ចំណែក​សេដ្ឋវិទូ​ឯកទេស​ថាមពល លោក James Williams នៃ​ក្រុមហ៊ុន WTRG Economics ថ្លែង​ថា ៖ «​បច្ចុប្បន្ន​នេះ ទីផ្សារ​កំពុង​តែ​កាត់​បន្ថយ​កត្តា​ដែល​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​ដោយសារ​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​នៅ​លើ​ព្រំដែន​ស៊ី​រី ពី​សំណាក់​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​» ។

ស្រប​ពេល​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​លើស​ពី​តម្រូវការ​នោះ បណ្តា​ពាណិជ្ជករ​ទាំងឡាយ​បាន​ផ្តោត​ទៅ​លើ​កិច្ចប្រជុំ OPEC នៅ​ថ្ងៃ​សុក្រ​ក្រោយ​នេះ ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នេះ​កើត​មាន​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដែល​បាន​ព​ន្លឿ​ន​ល្បឿន​បន្ទាប់​ពី​អង្គការ OPEC សម្រេចចិត្ត​រក្សា​កម្រិត​ទិន្នផល​ដដែល​ក្នុង​ខែវិច្ឆិកា ២០១៤ ទោះបីជា​តម្លៃ​ចុះ​ខ្សោយ​ក៏​ដោយ ។

ចំណែក​ប្រធាន Lipow Oil Associates លោក Andy Lipow មាន​ប្រសាសន៍​ថា ៖ «​ទីផ្សារ​ប្រេង​ត្រូវ​ពឹងផ្អែក​លើ​កិច្ចប្រជុំ​ខាង​មុខ​នេះ​យ៉ាង​ប្រាកដ ហើយ​អីុរ៉​ង់​នឹង​ឆ្លើយ​តប​តាម​ទីផ្សារ​នៅ​ខែមករា​ឆ្នាំ​ក្រោយ ជាមួយ​ភាព​អាច​ទ្រទ្រង់​រួច​នៃ​បរិមាណ​ប្រេង​» ។

បណ្តា​ប្រទេស OPEC ទាំង​១២ ដែល​រាប់​ថា ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នោះ ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត នី​ហ្សេ​រី​យ៉ា វេ​ណេ​ស៊ុ​យ​អេ​ឡា និង​អីុរ៉ង់ ក៏​ស្ថិត​ក្នុង​ចំណោម​សមាជិក​អង្គការ​នេះ​ដែរ ដោយ​បាន​កំណត់​កាលបរិច្ឆេទ​ប្រជុំ​ទៀងទាត់​មួយ​នៅ​ទីក្រុង Vienna នៅ​ថ្ងៃ​ទី​៤ ធ្នូ ៕