ប្រាក់​យន់​ចិន​នឹង​ត្រូវ​ដោះ​ដូរ​ពាណិជ្ជកម្ម​ដោយ​សេរី និង​អាច​ប្តូរ​រូបិយប័ណ្ណ​បាន​នៅ​ឆ្នាំ​2020

ប្រទេស​ចិន ៖ ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ចិន​ឲ្យ​ដឹង​ថា ប្រាក់​យន់​របស់​ចិន​នឹង​អាច​ប្តូរ​ជាមួយ​រូបិយប័ណ្ណ​ដទៃ​ទៀត ព្រមទាំង​អាច​ជួញដូរ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ដោយ​សេរី​ផង​ដែរ​នៅ​ចុងឆ្នាំ​២០២០ ខាង​មុខ​នេះ ។

បើ​តាម​ការ​ស្រង់​សម្តី​របស់​អគ្គទេសាភិបាល​ធនាគារ​ប្រជាជន​ចិន លោក Zhou XiaoChuan ឱ្យ​ដឹង​ថា ៖ «​គម្រោង​ជាង​១/៣ នៃ​ប្រាក់​ដែល​ត្រូវ​បង់​ឲ្យ​ចិន នឹង​ត្រូវ​បាន​ទូទាត់​សង​ជា​ប្រាក់​យន់​តែ​ម្តង​» ។

លោក​បន្ត​ថា ៖ «​យើង​នឹង​ជំរុញ​ប្រាក់​យន់​ចិន​ដើម្បី​ប្តូរ និង​ប្រើប្រាស់​បាន​ដោយ​សេរី​សម្រាប់​សម្រួល​ដល់​ការ​ប្រើប្រាស់​ជាមួយ​បណ្តា​ប្រទេស​ជិតខាង និង​ការ​រើប​ឡើង​នៃ​ទីផ្សារ​មុន​ពេល​ពង្រីក​ខ្លួន​ចូល​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​» ។

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក Zhou XiaoChuan នេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រាក់​យន់​បាន​បញ្ចូល​ទៅ​ក្នុង​ចំណោម​រូបិយប័ណ្ណ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ។ ការ​ដាក់​បញ្ចូល​នេះ​ចាត់ទុកជា​ជំហាន​គន្លឹះ​ដែល​ផ្លាស់​ប្តូរ​មួយ​អាច​ទទួលយក​បាន ស្រប​ពេល​រូបិយប័ណ្ណ​បម្រុង​ទុក​នៅ​លើ​ពិភពលោក​ដូច​ជា ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រាក់​យេ​ន​ជប៉ុន ប្រាក់​ផោន​អង់គ្លេស និង​អឺ​រ៉ូ ។

ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​នេះ ចិន​នឹង​ជំរុញ​ការ​ផ្តួចផ្តើម​ធ្វើ​ផ្លូវ និង​ខ្សែក្រវាត់​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​ត​ភ្ជាប់​ពាណិជ្ជកម្ម ព្រមទាំង​វិនិយោគ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក ស្រប​ពេល​មានការ​សម្រួល​នូវ​ការ​ធ្វើ​និយ័ត​កម្ម​រូបិយប័ណ្ណ​បរទេស​តាម​ព្រំដែន​ផង​ដែរ ។

លោក Zhou XiaoChuan សង្កត់ធ្ងន់​ថា ៖ «​សារសំខាន់​ក្នុង​ការ​កសាង​ប្រសិទ្ធភាព​ប្រព័ន្ធ​សន្តិសុខ​ហិរញ្ញវត្ថុ គឺជា​ការ​ពិ​ណ៌​នា​ពីសារ​សំខាន់​របស់​សន្តិសុខ​ជាតិ ។ ការ​កែទម្រង់​រូបិយប័ណ្ណ គឺ​ស្ថិត​ក្នុង​ចំណោម​ទិស​ដៅ​ធំ​ៗ​ចំនួន​១៧ ដែល​បង្កើត​ឡើង​ដោយ​ធនាគារកណ្តាល​» ។

ក្រៅពី​នេះ ក៏​រាប់​បញ្ចូល​ការ​ជំរុញ​នូវ​តួនាទី​ប័ណ្ណបំណុល និង​សិទ្ធិ​ទទួល​បាន​ភាគលាភ​ស្មើគ្នា​ក្នុង​ការ​បង្កើន​មូលធន​សាជីវកម្ម ការ​អភិវឌ្ឍ​ទីផ្សារ​ប័ណ្ណបំណុល​បៃតង​សម្រាប់​គម្រោង​មូលនិធិ​ជួយ​ទ្រទ្រង់​បរិស្ថាន ការ​បង្កើត​ទិន្នន័យ​គាំទ្រ​ដល់​ហិរញ្ញវត្ថុ​អុ​ី​ន​ធើ​រ​ណេ​ត និង​អនុញ្ញាត​ឲ្យ​មានការ​បើក​ធនាគារឯកជន​កាន់តែ​ច្រើន ៕