ACU នឹងចូលរួម ក្នុងកិច្ចប្រជុំ SEA-PAC ជាមួយបណ្តា ប្រទេសអាស៊ាន ក្នុងការពង្រឹង សមត្ថភាពការងារ ប្រឆំាងអំពើពុករលួយ

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆំាងអំពើពុករលួយ រួមនិងសមាជិក៤រូប ផ្សេងទៀត នឹងអញ្ជើញចូល រួមក្នុងកិច្ចប្រជុំលើកទី១១ នៃភាគីអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្ការ ទប់ស្កាត់ និងការប្រយុទ្ធប្រឆំាង អំពើពុករលួយ ឬហៅថាស៊ីផេក SEA-PAC (South East Asia Parties Against Corruption) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងបាន់ដា ស៊េរី ប៊ឺហ្គាវ៉ាន់ ប្រទេសប៊្រុយណេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆំាងអំពើពុករលួយ បានឲ្យដឹងថា កិច្ចប្រជុំស៊ីផេកលើកទី១១ នេះគឺជាឱកាសដ៏ល្អមួយ ដើម្បីឲ្យប្រទេសនីមួយៗក្នុងអាស៊ានបន្តពិភាក្សា និងចែក រំលែកបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងសមត្ថភាពការងារប្រឆំាងអំពើពុករលួយនៃទីភ្នាក់ងារ ឬស្ថាប័នប្រឆំាង អំពើពុករលួយរបស់ បណ្តាប្រទេសអាស៊ានដើម្បីជួយពង្រឹងការងារស្ថាប័នជាតិរបស់ខ្លួន ក៏ដូចជាកិច្ចសហប្រតិបត្តិការ តំបន់ក្នុង ចំណោមបណ្តាប្រទេសសមាជិកទំាងអស់ប្រកបដោយប្រសិទ្ធិភាព។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា កិច្ចប្រជុំស៊ីផេកលើកទី១១ ផ្តោតទៅលើប្រធានបទចំនួនពីរ ទី១.គឺការបង្ការអំពើពុករលួយតាមរយៈការអប់រំ និងទី២.ការបង្ការអំពើពុករលួយក្នុងចំណោមយុវជន។

បច្ចុប្បន្ននេះ SEA-PAC គឺជាស្ថាប័នប្រឆំាងអំពើពុករលួយអាស៊ាន ដែលមានសមាជិកទំាងអស់ចំនួន១០ គឺប្រទេសទំាង១០ក្នុងអាស៊ាន។

សូមបញ្ជាក់ថាភាគីកម្ពុជាដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ SEA-PAC នៅទីក្រុងបាន់ដា ស៊េរី ប៊ឺហ្គាវ៉ាន់ ប្រទេសប៊្រុយណេ មានចំនួន ៥រូប រួមមាន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆំាង អំពើពុករលួយ លោក យន់ ស៊ីណាត, លោក បញ្ហា អ៊ន, លោក ញ៉ែម បូរ៉ា និងលោកស្រី វត្តី ។