នៅ​ភ្នំពេញ ​អ្នកណា​ពាក់​មាសគេ​ថា​ «ស្រែ»?


នៅ​ភ្នំពេញ ​អ្នកណា​ពាក់​មាសគេ​ថា​ «ស្រែ»?

មាស​ជា​គ្រឿង​អលង្ការ​លំអ​កាយ​មាន​តម្លៃមួយ​ប្រភេទ​​ដ៏​ពេញនិយម​ ​ប៉ុន្តែ​​​បច្ចុប្បន្ន​ដោយសារ​ អ្នក​រស់​នៅ​​តំបន់​សេដ្ឋកិច្ច​​​​ធំ​​​ពិសេស​នៅ​​ភ្នំពេញ និយម​ពាក់​​គ្រឿង​ពេជ្រ ទើប​​មាន​មតិ​ខ្លះ​លើកឡើង​ថា ការ​ពាក់​មាស​ស្រោច​ខ្លួន​នៅ​ភ្នំពេញ «ស្រែ​ណាស់!»។

 

នៅ​ភ្នំពេញ ​អ្នកណា​ពាក់​មាសគេ​ថា​ «ស្រែ»?ប្រភពរូបភាព៖ livemint

 

ឆ្លើយ​តបនឹង​ការ​លើកឡើង​​​ខាង​លើ​យុវតី យឿង សៀកហង និយាយ​​ថា មិន​មែន​ជា​រឿង​ខ្មាសអៀន​អ្វី​នោះ​ទេ អ្វី​ដែល​សំខាន់គឺ​​មាន​លុយ​ទិញ​ទុក​ប្រើប្រាស់។ “ធ្លាប់​ឮ​គេ​និយាយ​​ដែរ​ហ្នឹង ព្រោះ​អី​អ្នក​ក្រុង​​ស៊ីវិល័យ គេ​ថា​ពាក់​មាស​ស្រែ តែ​ខ្ញុំ​អត់​គិត​ចឹង​ផង​ឱ្យ​តែ​មាន​លុយ​ទិញ​ទុក ព្រោះ​មាស​លក់​អត់​ខាត”។

ចំណែក​លោក សុង លី យុវជន​មក​ពី​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ថា ការ​ពិត​​នេះ​គ្រាន់​តែ​ជា​​ការ​យល់​ឃើញ​របស់​មនុស្ស​មួយ​ភាគ​តូច​ប៉ុណ្ណោះ គឺ​គ្មាន​អ្វី​ត្រូវ​ខ្មាស​គេ​ឡើយ។ “វា​គ្រាន់​តែ​ជា​ទស្សនៈ​របស់​អ្នក​ដែល​គ្មាន​មាស​ពាក់ និង​​អ្នក​​ចូល​ចិត្ត​ទិញ​ពេជ្រ​ពាក់​ប៉ុណ្ណោះ។ បើ​គិត​អ៊ីចឹង​​មាន​អ្នក​លក់​មាស​នៅ​ភ្នំពេញ​ធ្វើអី?”។ យុវជន សុង លី សង្កត់​ធ្ងន់​ថា លោកមិន​យល់​ស្រប​ចំពោះ​ទស្សនៈ​ខាងលើ​ឡើយ​។

 

ងាក​មក​ស្ដាប់​មតិ​របស់​យុវតី ងួន សុម៉ាលី វិញ កញ្ញា​ថា ពាក់​មាស​នៅ​ភ្នំពេញ​មិន​​មែន​ស្រែ​ទេ ប៉ុន្តែ​វា​ជារឿង​មួយ​ផ្សេងទៀត​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គួរប្រុងប្រយ័ត្ន គឺ​គ្មាន​សុវត្ថិភាព ព្រោះ​មាន​ជន​ឆ្លៀតឱកាស​ (ចោរ) ច្រើនពេក។ “ពី​មុន​ខ្ញុំ​ធ្លាប់​ពាក់​ចិញ្ចៀន​មាស​មួយ​វង់​ដែរ…វា​មិន​​ស្រែ​ទេ…គ្រាន់​តែ​គ្មាន​ឱកាស​ពាក់ ហើយ​ណា​មួយ ​មាន​ចោរ​ច្រើន​ណាស់… គ្មាន​សុវត្ថិភាព​ទេ”។

 

យល់​ស្របនឹង​ការ​លើក​ឡើង​លោក ផុន ម៉ាត់លី បាន​រៀបរាប់​ថា ពី​មុន​គេ​និយម​ពាក់មាស​​មែន ប៉ុន្តែ​ឥលូវ​មិន​សូវ​​ទេ ព្រោះ​គេ​ចូលចិត្ត​ពេជ្រ គ្រឿង​កាឡៃ ខ្សែ​ដៃ​ជ័រ​ជាដើម ចំណែក​​មាស​ជា​គ្រឿង​អលង្ការ ដែល​ពេញ​និយម​សម្រាប់​អ្នក​ជនបទ​ ស្រុកស្រែ​ចម្ការ។ លោក​បញ្ជាក់​ថា៖ “ប៉ុន្មាន​ឆ្នាំ​មុន​ខ្ញុំ​ក៏​ពាក់​ដែរ តែ​ពេល​នេះ​ឈប់​ហើយ​នៅ​ភ្នំពេញ ព្រោះ​ខ្មាស​គេ។ ពេល​មាន​កម្មវិធី​នៅ​ស្រែ ​ទើបពាក់​​”៕

 

ចុចអាន៖ បើ​ស្រលាញ់​នារី​ម្នាក់ អ្នក​​គិត​អតីតកាល​របស់​នាង​ទេ?​

ចុចអាន៖ មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ