គ្រាន់​តែ​ដើរ​លេង​កម្សាន្ត ក៏​អាច​បង្ការ​ជំងឺ​​ និង​ជួយ​សុខភាព​បាន​ដែរ

គ្រាន់​តែ​ដើរ​លេង​កម្សាន្ត ក៏​អាច​បង្ការ​ជំងឺ​​ និង​ជួយ​សុខភាព​បាន​ដែរ

មនុស្ស​គ្រប់​គ្នា​​តែង​មាន​ភាព​រីករាយ​​​ពេល​ទៅ​ដើរ​លេង​លំហែ​កាយ ដោយ​យល់​ថា​ការ​ដើរ​លេង​តាម​​​​តំបន់​ទេសចរណ៍​នានា​ ជា​ការ​សម្រាក​លំហែ​ខួរ​ក្បាល ​និង​ធ្វើ​​ឲ្យ​អារម្មណ៍​​ពួក​គេ​ស្រស់​ស្រាយ​ប្រសើរ​ឡើង​វិញ​​បន្ទាប់​ពី​​ចប់​ការងារ ឬ​សិក្សា​រួច។ ជា​ការ​ពិត​​ ការ​សិក្សា​​ស្រាវជ្រាវ​ជា​ច្រើន​​ក៏​បាន​បង្ហាញ​ដូច​ទៅ​នឹង​ទំនោរ​នៃ​ការ​ដើរ​កម្សាន្ត​របស់​មនុស្ស​ជា​ច្រើនដែរ​។
 

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះ​អាង​ថា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​​ ​មិន​ត្រឹម​តែ​​ជួយ​​លំហែ ​និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​​ជា​ផ្នែក​មួយ​​ជួយ​ដល់​សុខភាព​​បង្ការ​ពី​​ជំងឺ​ផ្សេង​ៗ​ទៀត​ផង។

​ 

គ្រាន់​តែ​ដើរ​លេង​កម្សាន្ត ក៏​អាច​បង្ការ​ជំងឺ​​ និង​ជួយ​សុខភាព​បាន​ដែរ
 
 
​​​​
១. ដំណើរ​កម្សាន្ត​ធ្វើ​ឲ្យ​អ្នក​ចេះ​​គ្រប់​គ្រង​អារម្មណ៍​ស្រ្តែស​ និង​គំនិត​អវិជ្ជមាន​​

 
ដំណើរ​កម្សាន្ត​មិន​ត្រឹម​តែ​ជួយ​មនុស្ស​ឲ្យ​រីករាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​ក៏​ជួយ​​អ្នក​ឲ្យ​ចេះ​គ្រប់​គ្រង​ បែង​ចែក​អារម្មណ៍​តប់ប្រមល់ និង​​ពេល​​វេលា​រីក​រាយ​ផ្សេង​ពី​គ្នា។ ​នេះ​បើ​​តាម​ការ​ស្រាវជ្រាវ​​មួយ​របស់​​​​សមាគម​ចិត្តវិទ្យា​សហរដ្ឋអាមេរិក។ ​បរិស្ថាន​​ប្លែក​ៗ​ជុំ​វិញ​ខ្លួន​ រួម​ជាមួយ​សកម្មភាពរីករាយ​​នៃ​ដំណើរ​កម្សាន្ត​​ អាច​ជួយ​នាំ​អារម្មណ៍​​មនុស្ស​ឲ្យ​ចាក​ឆ្ងាយ​ចេញ​ពី​ភាព​ស្រ្តែស​ និង​គំនិត​អាក្រក់​ៗ​ផ្សេងៗ។

 
២. ដំណើរ​កម្សាន្ត​ជួយ​បង្ការ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

 
​ផ្អែក​តាម​​លទ្ធផល​​ទិន្នន័យ​​​នៃ​ការ​ស្រាវជ្រាវ​របស់​ ​Marshfield Clinic ក្នុង​រដ្ឋ​​ Wisconsin សហរដ្ឋអាមេរិក ​​បាន​ឲ្យ​ដឹង​ថាអ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ អ្នក​កើត​ស្រ្តែស​​ស្មុគ​ស្មាញ​ក្នុង​ចិត្ត ភាគ​ច្រើន​គឺ​​មាន​ដំណើរ​កម្សាន្ត​ខ្លួន​ឯង​តិច​ជាង​​១​ដង​ក្នុង​រយៈ​ពេល​​ពីរ​ឆ្នាំ។ ផ្ទុយ​​ទៅ​វិញ​​ អ្នក​ដែល​​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន ជាក់​ស្ដែង​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ គឺ​មាន​បញ្ហា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​តិច​តួច​ជាង​អ្នក​​ពុំ​សូវ​ធ្វើ​ដំណើរ​កម្សាន្ត។

 
លោក​ស្រី​​ដុកទ័រ Margaret J. King ប្រធាន​​មជ្ឈមណ្ឌល​សិក្សា​វប្បធម៌​ និង​ការ​ស្រាវជ្រាវ​​នៅ​សហរដ្ឋអាមេរិក ក៏​បាន​យល់​ស្រប​ជា​មួយ​ការ​របាយការណ៍​ខាង​​លើ ដោយ​បន្ថែម​ថា​ការ​​ដើរ​លេង​ នឹង​ជួប​នូវ​បទ​ពិសោធន៍​ថ្មី​ៗ បរិស្ថាន​ជុំ​វិញ​ខ្លួន​ប្លែក​ៗ និង​នាំ​អារម្មណ៍​សុខភាព​ផ្លូវ​ចិត្ត​បាន​ប្រសើរ។ ដំណើរ​កម្សាន្ត​​នាំ​ឲ្យ​មនុស្ស​យល់​ដឹង​នូវ​វប្បធម៌​ប្លែកៗ ចេះ​រំងាប់​កំហឹង និង​​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ។

 

គ្រាន់​តែ​ដើរ​លេង​កម្សាន្ត ក៏​អាច​បង្ការ​ជំងឺ​​ និង​ជួយ​សុខភាព​បាន​ដែរ
 

 
៣. ដំណើរ​កម្សាន្ត​ជួយ​បង្ការ​អ្នក​ពី​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះ​ដូង

 
​មនុស្ស​​ចាស់​ស្លាប់​ដោយ​សារ​​ជំងឺ​គាំង​បេះ​ដូង​មាន​ច្រើន​ករណី​ក្នុង​មួយ​ឆ្នាំ​ៗ។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​​ថា​ អ្នក​​ធ្វើ​ដំណើរ​កម្សាន្ត​​តិច​តួច​ក្នុង​មួយ​ឆ្នាំ​ៗ ​មាន​អត្រា​ជំងឺ​បេះ​ដូង​៣០​ភាគរយ​។ ដោយ​ឡែក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​​កម្សាន្ត​ច្រើន​​​ក្នុង​មួយ​ឆ្នាំ​ៗ​គឺ​​មាន​អត្រា​ជំងឺ​បេះ​ដូង​មាន​តែ​២១​ភាគ​រយ​ប៉ុណ្ណោះ​។ អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​​ សកម្ម​ច្រើន​ជាងអ្នក​មិន​ធ្វើ​ដំណើរ​កម្សាន្ត ដូច​​ជា​ទៅ​ឡើង​ភ្នំ ទៅ​ដើរ​កម្សាន្ត​ ទៅ​ជិះ​ស្គី ឬ​ទៅ​មុជ​ទឹក​មើល​បាត​សមុទ្រជាដើម។ សកម្មភាព​ទាំង​អស់​នេះ​បាន​ជួយ​​ទាំង​រាង​កាយ​ឲ្យ​ស្វាហាប់​ និង​សុខភាព​ខួរ​ក្បាល​ផង​ដែរ។​​​​​​​​​​​​
 

៤.​​ដំណើរ​កម្សាន្ត​​​​​ជួយ​បង្កើន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​​បាន​ប្រសើរ
 

ការ​ស្រាវជ្រាវ​​​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Surrey ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០០២ ​​បាន​បង្ហាញ​ឲ្យ​​ឃើញ​ថា មុន​​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​​​​​មនុស្ស​​​ភាគ​ច្រើន​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្នុង​ចិត្ត​​​ខុស​ប្លែក​​​ពី​ធម្មតា។ សកម្មភាព​បែប​នេះ​​​​គឺ​ធ្វើ​ឲ្យ​សុខុមាលភាព​ផ្លូវ​ចិត្ត​បាន​ប្រសើរ​ តាម​រយៈ​ភាព​រីករាយ​​នោះ​ និង​ប្រសើរ​ជាង​​អ្នក​​មិន​សូវ​ជា​ធ្វើ​ដំណើរ​កម្សាន្ត។

 
ស្រប​ជា​មួយ​គ្នា​​នេះ​ការ​សិក្សា​​​មួយ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ដោយ​សាកលវិទ្យាល័យ Cornell ក៏​​បាន​បង្ហាញ​​​ដូច​ការ​ស្រាវជ្រាវ​ខាង​លើ​ដែរ​ថាដំណើរ​កម្សាន្ត​ដោយ​គ្រោង​ទុក ព្រម​ជាមួយ​​ភាព​រីក​រាយ​​កើត​មាន​អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​​ បាន​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​​ ដែល​វា​បាន​ជួយ​ដល់​សុខភាព​ដូច​គ្នា​​នោះ​ដែរ៕

 

 គ្រាន់​តែ​ដើរ​លេង​កម្សាន្ត ក៏​អាច​បង្ការ​ជំងឺ​​ និង​ជួយ​សុខភាព​បាន​ដែរ

 
គ្រាន់​តែ​ដើរ​លេង​កម្សាន្ត ក៏​អាច​បង្ការ​ជំងឺ​​ និង​ជួយ​សុខភាព​បាន​ដែរ

 

 
ចុចអាន៖ ដើរ​​កម្សាន្ត​តាម​​ទីកន្លែង​ធម្មជាតិ​ ជួយ​​សុខភាព​ខួរ​ក្បាល​​​បាន​ប្រសើរ

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lifehack