ព្រៃឈើ​ក្នុងស្រុក​ចិត្រ​បុរី កំពុង​រង​ការបំផ្លាញ​ដោយសារ​ឡ​ដុត​ធ្យូង​របស់​ចិន

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ចាត់វិធានការ​ទប់ស្កាត់​ឡ​ដុត​ធ្យូង​របស់​ចិន​ជាបន្ទាន់ ព្រោះ​ឡ​ដុត​ធ្យូង​នោះ​កំពុង​នាំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ជំរុញ​ឲ្យ​លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី ចាត់វិធានការ​ទៅលើ​ឡ​ដុត​ធ្យូង​របស់​ចិន​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​តទៅទៀត​។ ជាពិសេស​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ក៏​គួរពិនិត្យមើល​ករណី​ជនជាតិ​ចិន​បង្កើត​ឡ​ដុត​ធ្យូង​នៅ​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ផងដែរ ព្រោះ​ឡ​ដុត​ធ្យូង​នោះ​ដំណើរការ​ប្រហែល​២​ខែ​មកហើយ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​បាន​បង្កើត​សិប្បកម្ម​ឡ​ដុត​ធ្យូង​ទ្រង់ទ្រាយ​ធំ​មួយកន្លែង​ក្នុងព្រៃ​ចម្ងាយ​ពី​ភូមិ​ល្អ ប្រមាណ​១០០០​ម៉ែត្រ​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​ខ្លះ​សង្ស័យថា អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក​ទទួលផល​ប្រយោជន៍​ពី​ជនជាតិ​ចិន ទើប​បណ្តោយ​ឲ្យ​មានការ​បង្កើត​សិប្បកម្ម​ឡ​ដុត​ធ្យូង ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ប្រសិនបើ​អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក​មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​បន្តទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា សិប្បកម្ម​ឡ​ដុត​ធ្យូង​របស់​ជនជាតិ​ចិន ចាប់ផ្តើម​ដំណើរការបាន​ប្រមាណ​២​ខែ​មកហើយ ដោយមាន​ឡ​ចំនួន​១៨​កំពុង​ធ្វើ​សកម្មភាព​ដុត​ធ្យូង ហើយ​គេ​កំពុង​ពង្រីក​បន្តបន្ទាប់​ទៀត​។ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូល​ព្រៃ​កាប់​ឈើ​ទាំង​ធំ​ទាំង​តូច ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ​និង​រទេះគោ​ក្របី​ជាដើម ចូលទៅក្នុង​សិប្បកម្ម​ឡ​ដុត​ធ្យូង​របស់​ជនជាតិ​ចិន ហើយ​សិប្បកម្ម​នោះ​មិនទាន់មាន​យីហោ​និង​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ករណី​នេះ​ជាបន្ទាន់ ដោយហេតុ​ថាបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ទេនោះ គឺ​ជន​ជាតិចិន​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​៕

a-china-d-500x281 a-china-c-500x281