​តើ​អ្នក​គួរតែ “​បូម​ទឹកភ្លោះ​” ទៅពិនិត្យ​ដែរ​ទេ​?

​តើ​អ្នក​គួរតែ “​បូម​ទឹកភ្លោះ​” ទៅពិនិត្យ​ដែរ​ទេ​?

​ការបូមទឹក​ភ្លោះ គឺជា​តេស្ត​មុន​សម្រាល​មួយ​ប្រភេទ ដែល​ធ្វើឡើង​នៅ​ចម្លោះ​សប្តាហ៍​ទី ១៦ ទៅ ទៅ ២០​។ វា​អាច​បញ្ជាក់​យ៉ាង​សុ​ក្រិត ចំពោះ​ភាពមិនធម្មតា នៃ​ក្រូម៉ូសូម​ក្នុង​ទារក ដែល​កំពុង​តែ​លូតលាស់​ដូចជា ជំងឺ មិន​គ្រប់ទឹក (Down Syndrome) និង​អាច​រកឃើញ ភាពមិនធម្មតា​នៃ​បញ្ហា​ហ្សែ​ន​ជាច្រើន​រយ​មុខ​ទៀត​ដែរ ដូចជា ជំងឺ Cystic Fibrosis ជំងឺ​គ្រាប់​ឈាម Sickle Cell និង​ជំងឺ Tay-Sachs ព្រម​ទាំង​ការ​ខូច​បំពង់​សរសៃប្រសាទ​ពី​កំណើត (​ដូចជា​ពក​ឆ្អឹងខ្នង និង​កើតមក​មិន​មាន​ក្បាល​)​។ ដោយសារ​តែ​ការបូមទឹក​ភ្លោះ​ទៅពិនិត្យ មាន​ការប៉ះពាល និង​ប្រឈម​ការ​រលូត​តិចតួច​ដែរ​នោះ ស្ត្រី​ដែល​ជ្រើសរើស​វា គួរតែ​ជា​អ្នក​ប្រឈមមុខ​ខ្ពស់ នឹង​បញ្ហា​ហ្សែ​ន និង​ក្រូម៉ូសូម​។

​តើ​ខ្ញុំ​គួរ​សម្រេចចិត្ត ថា​ធ្វើតេស្ត​នេះ ឬក៏​អត់​?
​ឥឡូវនេះ នៅ​មហាវិទ្យាល័យ​ឯកទេស​ខាង​រោគ​ស្ត្រី និង​សម្ភព​អាមេរិក (The American College of Obstetricians and Gynecologist) បាន​ណែនាំ​ថា ស្ត្រី​គ្រប់​អាយុ​ទាំងអស់ ត្រូវបាន​ផ្តល់​ជា​ជម្រើស សម្រាប់​ការពិនិត្យ​ផ្ទៃពោះ នៅ​ត្រីមាស​ទីមួយ និង​ទី​ពីរ ព្រម​ទាំង​ការ​ធ្វើ​តេស្ត​កំណត់​រោគវិនិច្ឆ័យ​។ គ្រូពេទ្យ ឬ​អ្នក​ប្រឹក្សា​ខាង​ជំងឺ​ហ្សែ​ន គួរតែ​ពិភាក្សា​អំពី​គុណសម្បត្តិ និង​គុណវិបត្តិ អំពី​ដំណើរការ​ទាំងនេះ​ជាមួយ​អ្នក​។ ប៉ុន្តែ ការសម្រេចចិត្ត​ធ្វើតេស្ត ឬក៏​អត់​នោះ គឺ​អាស្រ័យ​ទៅលើ ជម្រើស​ផ្ទាល់ខ្លួន​របស់​អ្នក​ទេ​។

​ស្ត្រី​ជា​ច្រើន​ជ្រើសរើស​ការពិនិត្យ បន្ទាប់មក ក៏​សម្រេចចិត្ត​ធ្វើតេស្ត កំណត់​រោគវិនិច្ឆ័យ ដោយ​ផ្អែក​ទៅលើ លទ្ធផល​ដំបូង​នៃ​ការពិនិត្យ​។ ស្ត្រី​ផ្សេងៗ​ទៀត បែរ​ជ្រើសរើស​ការ​ធ្វើ​តេស្ត កំណត់​រោគវិនិច្ឆ័យ​ភ្លាមៗ​តែម្តង (​ពួកគេ​ប្រហែលជា​ដឹងថា ពួកគេ​មាន​ការប្រឈមមុខ​ខ្ពស់ នឹង​បញ្ហា​ក្រូម៉ូសូម ឬ​បញ្ហា​ណាមួយ ដែល​មិន​អាច​រកឃើញ​ពេល​ពិនិត្យ ឬ​គ្រាន់តែ​មាន​អារម្មណ៍​ថា ចង់ដឹងឲ្យ​ច្រើន​ទៀត តាម​តែ​អាច​ធ្វើទៅបាន អំពី​ស្ថានភាព​កូន និង​ត្រូវ​រស់នៅ ជាមួយនឹង​ការ​ប្រឈមរ​លូត​តិចតួច​ក៏ដោយ ឲ្យតែ​អស់​ការសង្ស័យ​)​។ ប៉ុន្តែ ក៏​មាន​ស្ត្រី​មួយចំនួន​សម្រេច​ថា មិន​ធ្វើ​តេស្ត ឬ​ពិនិត្យ​អ្វី​ទាំងអស់​ដែរ​។​

​តើ​ដំណើរការ នៃ​ការ​ធ្វើ​តេស្ត​នោះ​មាន​អ្វី​ខ្លះ​ទៅ​?
​បើសិន​ជា​អ្នក ពិតជា​សម្រេចចិត្ត​បូម​ទឹកភ្លោះ ទៅពិនិត្យ​មែន អ្នក​អាច​រំពឹងទុក​ថា ដំណើរការ​របស់​វា ត្រូវ​ចំណាយ​ពេល​ប្រហែល ៣០ នាទី (​ការហូរ​ទឹកភ្លោះ​ចេញ​ដោយ​ខ្លួនឯង ប្រហែលជា​មិន​ដល់ ៣០ វិនាទី​ផង​)​។ គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​ដំណើរការ​នេះ នឹង​ប្រើ​អេកូ ដើម្បី​ចង្អុលបង្ហាញ កន្លែង​មាន​ទឹកភ្លោះ​ណា ដែល​មាន​សុវត្ថិភាព​ទាំង​កូន និង​សុក​។ បន្ទាប់មក ស្ថិតក្រោម​ការបង្ហាញរ​បស់​អេកូ គ្រូពេទ្យ​នឹង​ប្រើ​ម្ជុល​តូច​វែង និង​មាន​ប្រហោង​ចាក់​ពី​ពោះ រហូត​ដល់​ជញ្ជាំង​ស្បូន ដើម្បី​អាច​បូម​ទឹកភ្លោះ ក្នុង​ចំនួន​តិចតួច​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ឈឺចាប់ តឹង ឬ​មាន​សម្ពាធ​ណាមួយ ក្នុងពេល​បូម​ទឹកភ្លោះ​នេះហើយ​។ ភាព​មិន​ស្រួលខ្លួន​ទាំងនេះ មាន​លក្ខណៈ​ប្រែប្រួល ទៅ​តាម​ស្ត្រី​ម្នាក់ៗ ទោះបីជា​មាន​ផ្ទៃពោះ​ក៏ដោយ​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។