ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១២

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១២

​ការ​ញោច ឬ​រ៉េ​ផ្លិច គឺជា ការអភិវឌ្ឍន៍​ដ៏​អស្ចារ្យ​បំផុត នៅក្នុង​សប្តាហ៍​នេះ​។ ម្រាមដៃ​របស់​កូន​អ្នក នឹង​ចាប់ផ្តើម​បើក និង​បិទ ម្រាមជើង​រួញ សាច់ដុំ​ភ្នែក​ជ្រួញ ហើយ​មាត់​គេ នឹង​មាន​ចលនា​ដូច​ការ​ជញ្ជក់ កាន់តែ​ឆាប់​។ តាមពិត បើសិន​ជា​អ្នក យក​ម្រាមដៃ​ចុច​ក្បាលពោះ កូន​នឹងធ្វើ​រំញោច​តប​វិញ ប៉ុន្តែ អ្នក​មិន​អាច​មាន​អារម្មណ៍​ដឹង​ទេ​។ ពោះវៀន​របស់គេ ដែល​លូតលាស់​យ៉ាង​លឿន បាន​លយ​ចូលទៅក្នុង​ទង​សុក និង​ចាប់ផ្តើម​ធ្វើ​ចលនា ក្នុង​ប្រហោង​ពោះ​គេ​ហើយ ចំណែកឯ​តម្រងនោម​វិញ នឹង​ចាប់ផ្តើម​បញ្ចេញ​ទឹកនោម ទៅក្នុង​ប្លោកនោម​។

​ជាមួយគ្នានេះដែរ ក្នុង​ខួរក្បាល​របស់​កូន កោសិការ​សរសៃប្រសាទ កំពុងតែ​បំបែក​ខ្លួន​យ៉ាង​លឿន ចំណែក​ឯ​ចុង​បញ្ជូន​វិញាណ​សរសៃប្រសាទ កំពុង​តែ​បង្កើត​រូបរាង​យ៉ាង​អស្ចារ្យ​ដែរ​។ មុខ​របស់​គេ មើល​ទៅ​ដូច​មនុស្ស​មែនទែន​ហើយ ព្រោះ​ភ្នែក​កំពុងតែ​ធ្វើ​ចលនា ហើយ​ត្រចៀក ក៏​នៅ​ទីតាំង​ត្រឹមត្រូវ​ដែរ​។ ចាប់ពី​ក្បាល​ដល់​កំប៉េះគូថ កូន​របស់​អ្នក គ្រាន់តែ​មាន​ប្រវែង​ខ្លួន​វែង​ជាង ៥​សង់ទីម៉ែត្រ (​ទំហំ​ប៉ុន​ផ្លែ​ក្រូចឆ្មារ​) និង​មាន​ទម្ងន់ ១៤,១៧៥ ក្រាម​ប៉ុណ្ណោះ​។
​ឥឡូវនេះ ស្បូន​របស់​អ្នក បាន​លូតលាស់​ដល់​ចំណុច​មួយ ដែល​គ្រូពេទ្យ​អាច​ស្ទាប​ដឹង កំពូល​របស់​វា​ហើយ ដែល​ស្ថិតនៅ​ពោះ​ផ្នែក​ខាងក្រោម និង​លើ​ឆ្អឹងថ្ងាស​ក្រោម​។ អ្នក​ប្រហែលជា​ត្រៀម​សម្លៀកបំពាក់ សម្រាប់​ការ​មាន​ផ្ទៃពោះ​រួចហើយ ជាពិសេស បើសិន​អ្នក​មិនមែនជា ស្ត្រី​ទើប​មាន​ផ្ទៃពោះ​ដំបូង​។ បើសិនជា​ពោះ​នៅតែ​តូច ហើយ​មិន​ទាន់​ត្រៀម​សម្លៀក​បំពាក់ ពេល​មាន​ផ្ទៃពោះ​ទេ អ្នក​ក៏​សម្គាល់​ដឹងថា ចង្កេះ​រាង​ធំ​ជាង​មុន និង​ត្រូវការ​សម្លៀក​បំពាក់​រលុងៗ​ដែរ​។

​អ្នក​ប្រហែលជា​ចាប់ផ្តើម មាន​អារម្មណ៍​ក្រ​ហាម​ដើមទ្រូង (​អាហារ​មិន​កិន​) ចាប់ពី​ចុងដង្ហើម​ឡើងដល់ បំពង់​ក​ខាងក្រោម​។ ស្ត្រី​ជា​ច្រើន មាន​អាការៈ​បែប​នេះ​ជា​លើកដំបូង ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​អ្នក​ដែល​ធ្លាប់​មាន អាការៈ​នេះ​ពីមុនមក ប្រហែល​ជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ហើយ​។ ក្នុងពេល​មាន​ផ្ទៃពោះ សុក​ផលិត​អ័រម៉ូន​ប្រូ​ហ្សេ​សស្តេ​រ៉ូន (Progesterone) កាន់តែច្រើន ធ្វើឲ្យ​ប្រឹ​សនៅ​ចម្លោះ​ក្រពះ និង​បំពង់ Esophagus សម្រាក ឬ​ធូរ ដូច្នេះ​ពេល​អ្នក​គេង អាស៊ី​ក្រពះ ងាយ​នឹង​ច្រាល​មក​បំពង​ក និង​បណ្តាល​ឲ្យ​អ្នក មាន​អារម្មណ៍​ក្រហាយ​ទ្រូង​។ ចំពោះ​មនុស្ស​ស្រី​ភាគច្រើន បញ្ហា​បែប​នេះ​មិន​ចាប់ផ្តើម (​ឬ​កាន់តែ​ធ្ងន់ធ្ងរ​)​កើតឡើង​ទេ លុះត្រា​ដល់ពេល​មាន​ផ្ទៃពោះ ព្រោះ​ពេលនោះ ស្បូន​កំពុងតែ​លូតលាស់ ចាប់ផ្តើម​រុញ​ក្រពះ​ឡើងលើ​។ អាការៈ​គ្មាន​ផាសុកភាព ប្រហែលជា​មាន​លក្ខណៈ​ស្រាល ដល់​ធ្ងន់ធ្ងរ និង​ទ្រាំលែងបាន​។

​សកម្មភាព​ដែល​ត្រូវធ្វើ នៅក្នុង​សប្តាហ៍​នេះ​
​និយាយ​អំពី ការចំណាយ​របស់​កូន ៖
​ ចូរ​អង្គុយ​ពិភាក្សា​ជាមួយ​ប្តី អំពី​របៀបរបប​នៃ​ការចាយវាយ សម្រាប់​សមាជិក​ថ្មី​របស់​អ្នក ដូចជា សម្លៀក​បំពាក់ អាហារ ខោ​ទឹកនោម និង​ប្រដាប់​លេង​។ ចូរ​គិត​ត្រួសៗ​ថា កន្លែង​ណា​ដែល​អ្នក អាច​សម្រួល​ការចំណាយ​របស់​អ្នក ដែល​ជា​តម្រូវការ​របស់​កូន​បាន​។ ឥឡូវនេះ ចូរ​ពិចារណា​ផ្លាស់ប្តូរ​ការចំណាយ​មួយចំនួន​ទៅ ហើយ​ចាប់ផ្តើម​បើក​គណនី​យ​ធានា​គារ​សន្សំ​លុយ សម្រាប់​កូន​ផង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។