ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​​ អញ្ជើញគោរព​វិញ្ញាណក្ខន្ធ​សព​លោក​ ជ្រាង សុ​ផា​ន់

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ម៉ប់ សា​រិ​ន ប្រធាន​ក្រុម​ប្រឹក្សា​​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅ​​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ​ជ្រាង សុ​ផា​ន់ ​អភិបាលរង​រាជធានី​ភ្នំពេញ ​ដែល​កំពុង​តម្កល់​​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​គេហដ្ឋាន​នៃ​សព នា​ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ២០១៥ ​ស្ថិត​នៅ​ផ្ទះ​លេខ​៩២ ផ្លូវ​លេខ​​២ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​។

គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ បាន​លំឱនកាយវាចា​ចិត្ត​នៅ​ចំពោះ​មុខ​​កម្រងផ្កា ​ដើម្បី​​សម្តែង​នូវ​ក្តី​អា​ឡោះ​អាល័យ​ចំពោះ​ការ​បាត់បង់​សហការ​រី​ដែល​មាន​បទ​ពិសោធ​ ក្នុង​ការ​បំពេញការងារ​រួមចំណែក​អភិវឌ្ឍ​​រាជធានី​ភ្នំពេញ គឺ​លោក ​ជ្រាង សុ​ផា​ន់ ដែល​បានលាចាក​លោក​​​នេះ ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់ និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​លោក​ជំទាវ ​ហ៊ួ ណា​រី​ និង​បុត្រា/បុត្រី ចៅ​ៗ ​ព្រម​​ទាំង​ក្រុម​គ្រួសារ​របស់​សព​លោក ​ជ្រាង សុ​ផា​ន់ ដែល​បាន​បាត់បង់​ប្តី​ ឪពុក​ ​ឪពុកក្មេក និង​ជីតា​ជាទី​ស្រឡាញ់​ ។

គួរ​រំឭក​ថា លោក ​ជ្រាង សុ​ផា​ន់ បាន​ទទួលមរណភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ក្នុង​ជន្មាយុ​៥៦ឆ្នាំ​ ដោយ​រោគាពាធ​ ។ ​ក្នុង​មុខ​នាទី​ជា​អភិបាលរង​រាជធានី​ភ្នំពេញ លោក​ជ្រាង សុ​ផា​ន់ បាន​លះបង់​ប្រាជ្ញា​ ស្មារតី ចំណេះដឹង​ និង​ពេលវេលា​ ដើម្បី​បុព្វហេតុ​ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការ​លើក​កម្ពស់​​សោភណ្ឌ​ភាព និង​ការ​អភិវឌ្ឍ​ រាជធានី​ភ្នំពេញ សព​លោក ​ជ្រាង សុ​ផា​ន់​ នឹង​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ភូមិ​ជ័យ​ជំ​នះ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ​៕ ​