​ឃាត់​ខ្លួន​ជន​សង្ស័យ៥​នាក់​សង្ស័យ​ពាក់​ព័ន្ធ​ករណី​ស្ទាក់ប្លន់​រថ​យន្ត​ដឹក​ផ្លែ​ឈើ​នៅ​ខាង​កើត​ស្ពាន​ព្រែក​ព្នៅ

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​៥​នាក់​ត្រូវ​ក​ម្លាំង​កង​រាជ​អាវុធ​ហត្ថ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណ្ឌ​ជ្រោយ​ចង្វារ​​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣០ វិច្ឆិកា ដោយ​សង្ស័យ​ថា​ពាក់​ព័ន្ធករណី​ស្ទាក់​ប្លន់​រថយន្ត​ដឹក​ផ្លែ​ឈើ​​ឈប់​បត់​ជើង​កាល​ពី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​ខាង​កើត​ស្ពាន​ព្រែក​ព្នៅ​ក្បែរ​ស្ថានីយ​ទូរ​ទស្សន៍​លី​យ៉ុង​ផាត់​។

ទោះ​បី​ជា​យ៉ាង​ណា ​គេ​មិន​ទាន់​ដឹងថា ជន​ទាំង​៥នាក់​មាន​ពាក់​ព័ន្ធ​ករណី​ខាងលើ​ឬ​អត់​ទេ ព្រោះ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​នៅ​ឡើយ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ល្បាត​ក្បែរ​ចំណុច​ខាង​លើ​​ប្រទះ​ឃើញ​ជន​សង្ស័យ​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មើល​ទៅ​ភិន​ភាគ​ប្រហាក់​ប្រហែល​នឹង​ជន​សង្ស័យ​ដែល​ប្លន់​រថ​យន្ត​ដឹក​ផ្លែឈើ​​​ក៏​ឃាត់​ខ្លួន​តែ​ម្តង​។

ពេល​នេះ​សមត្ថ​កិច្ច​បញ្ជូន​ជន​សង្ស័យ​ទាំង៥​នាក់​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដើម្បី​សាក​សួរ​​។

​គួរ​រំលឹក​ថា សព​កម្មករ​លី​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ដើរ​រក​ឃើញ​ស្លាប់​អណ្តែត​ក្នុង​បឹង​កំប្លោក កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៩ វិច្ឆិកា ​នៅ​ចំណុច​ក្បែរ​ស្ថានីយទូរទស្សន៍​លី​យ៉ុ​ង​ផាត់ ស្ថិត​ក្នុងភូមិ​ព្រែក​តា​សេក សង្កាត់​ព្រែក​តា​រ័​ត្ន ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ជន​រង​គ្រោះ​ក្នុង​ចំណោម​កម្មករ​៤​នាក់​រត់គេច​ពី​ចោរ​ស្ទាក់​ប្លន់​រថយន្ត​តាម​ផ្លូវ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ វិច្ឆិកា ។

សព​មានឈ្មោះ​ប៊ុត ភារ​ម្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​លី និង​ដើរ​លក់​ផ្លែ​ឈើ​តាម​រថយន្ត មាន​ទីលំនៅ​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមា ខេត្តព្រៃវែង​ ៕