មន្រ្ដីជលផល ព្រះសីហនុ រកឃើញ ជំងឺប៉ារាសិតម្យ៉ាង ដែលបណ្ដាលឲ្យត្រីងាប់

ភ្នំពេញ៖ មន្រ្ដីរដ្ឋបាលជលផល ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានសហការជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វាវីវប្បកម្មសមុទ្រ បានចុះពិនិត្យការចិញ្ចឹមត្រីក្នុងបែល ជាលក្ខណៈគ្រួសារ នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ក្នុងនោះ បានរកឃើញជំងឺប៉ារាសិតម្យ៉ាង មានឈ្មោះថា Amyloodinaum Ocellatumd ដែលធ្វើឲ្យត្រីពិបាកដកដង្ហើម មិនស៊ីចំណី អស់រំអិលហែលលើផ្ទៃទឹក ដែលជាដើមចមនាំឲ្យត្រីងាប់។

យោងតាមរបាយការណ៍ របស់មន្រ្ដីរដ្ឋបាលជលផលក្រុងព្រះសីហនុ បានឲ្យដឹងថា ត្រីរបស់ប្រជាពលរដ្ឋ មិនស៊ីចំណីរយៈពេល ពីរបីថ្ងៃរួចមកហើយ ក្រោយពីមានភ្លៀងរួចមក ផ្ទៃទឹកមានការប្រែប្រួលទៅជាពណ៌ត្នោត។ ការចុះត្រួតពិនិត្យ គុណភាពទឹកជាក់ស្ដែងឃើញថា គុណភាពទឹកល្អបង្គួរកំហាប់អំបិល មានកម្រិត ២៧,៥ភាគរយផល , សងប៉ូតុងស្យែអ៊ីដ្រូសែន (pH) ៧,៤ , សីតុណ្ហភាពទឹក២៨,៥អង្សាសេ ,  អាម៉ូញាក់ NH3 0.009mg/l ,  អាម៉ូញ៉ូម NH4  0.5mg/l , នីទ្រីត NO2Omg/l , ព្រមទាំងបានយកសំណាក (គំរូ) ត្រីមានជម្ងឺមកពិនិត្យ នៅមជ្ឈមណ្ឌលស្រាវជាវ និងអភិវឌ្ឍន៍វាវីវប្បកម្មសមុទ្រ។

យោងតាមប្រភពដដែលបន្ដទៀតថា នៅលើស្រកីត្រីមានប៉ារាសិត Amyloodinaum Ocellatum តោងជុំជិតស្រកីត្រី ដែលបង្កទៅជាជម្ងឺ Amyloodinaum spp ធ្វើឲ្យត្រីពិបាកដកដង្ហើម មិនស៊ីចំណី អស់រំអិលហែលនៅលើផ្ទៃទឹក រួចបណ្ដាលឲ្យងាប់។ ប៉ារាសិតនេះជាប្រភេទ មួយកាចសាហាវ មានលក្ខណៈជាជីវិតក្រាំង (ពងមានសំបករឹងព័ទ្ធពីក្រៅហៅថា Cyst )  ការបន្ដពូជដោយផ្ដាច់ខ្លួនភ្លាមៗ តាមកង់នីមួយ នៅពេលជួបលក្ខខណ្ឌ សមស្របណាមួយ នៃមជ្ឈដ្ឋានរស់នៅរបស់វា។ ក្នុងលក្ខខណ្ឌមិនសមស្របវារស់នៅជាជីវិតក្រាំង ជំងឺនេះឆ្លងពីកន្លែងមួយទៅកន្លែងមួយ។

មួយវិញទៀតតាមរយៈ Cyst វាអាចឆ្លង និងសម្លាប់គ្រប់វារីសត្វទាំងទឹកសាបនិងទឹកប្រៃ៕