ប៉ូលិស​ចាប់ខ្លួន​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន

កណ្តាល: សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន  ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ ពីបទ​“​ជួញដូរដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ដោយ​អនុវត្តតាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​សាលាដំបូង​ខេត្តកណ្តាល ។​

 ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅត្រង់ចំណុច​ភូមិ​បា​រ៉េ​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។​

​អធិការនគរបាល​ស្រុក​ស្អាង​លោក​វរសេនីយ៍ទោ សេង សុជាតិ បាន​ឲ្យ​ដឹងថា ជន​ត្រូវចោទ​ដែល​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចាប់ខ្លួន​នោះ​មានឈ្មោះ សុ​ត ឆែប ភេទប្រុស អាយុ​១៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ចុង​កោះគ ឃុំស្វាយ​ប្រទាល ស្រុក​ស្អាង ។​

​លោក​វរសេនីយ៍ទោ សេង សុជាតិ បាន​បន្តថា ជន​ត្រូវ​ចោទ​ខាងលើនេះ​មានឈ្មោះ​ក្នុងដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៦២៩ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ របស់លោក គឹមម៉េង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​បានសម្រេច​ចោទប្រកាន់ឈ្មោះ សុ​ត ឆែប ពីបទ “​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​”ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាលស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បានបញ្ជាក់​នៅក្នុងដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ថា បទ “​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” គឺជាបទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​៤០ នៃច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា​៤០​បាន​ចែងថា កា​រក្សាទុក ដឹកជញ្ជូនឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ស្ថិតនៅក្នុង​តារាង​ទី​១ និងទី​២ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ។ ក្រៅពី​ទោស​ដាក់ពន្ធនាគារជនល្មើស​នឹង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ពី​៤​លានរៀល​ទៅដល់​១០​លាន​រៀល ។​

​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​បញ្ជូនខ្លួន​ជន​ត្រូវ​ចោទ​ខាងលើនេះ​ទៅកាន់​ផ្នែក​អនុវត្ត​ដីកា នៃ​ស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕​

ប៉ូលិស​ចាប់ខ្លួន​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន

ប៉ូលិស​ចាប់ខ្លួន​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន