លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា​ប្រាក់ចំណូល និង​ប្រាក់កម្ចី​ថវិកាជាតិ​ត្រូវមាន​តុល្យភាព​គ្នា​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ មាន​លក្ខណៈ​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ មានការ​កើនឡើង​ទាំង​ចំណូល មានការ​កើនឡើង​ទាំង​ចំណាយ និង​ការខ្ចី​ឥណទាន​បរទេស ចំនួន ៧00 លាន អេស​ឌី​អ ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ចំណូល​មានការ​កើនឡើង​ខ្លះ ក៏ប៉ុន្តែ​មិនទាន់បាន​ពេញលេញ​ត្រឹមត្រូវ​នោះទេ​។  ភាពជា​វិជ្ជមាន​ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ ជាពិសេស​មានការ​ដំឡើង​កញ្ចប់​ថវិកាជាតិ លើ​វិស័យ​អប់រំ​។ ត្រូវខិតខំ​បង្កើន​ចំណូល កាត់បន្ថយ​ចំណាយ​មិនចាំបាច់ ដោយ​រៀបចំ​ធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ ពិតប្រាកដ​។​

​ចំពោះមុខ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា​ជាគោលការណ៍​រូបលោក​គាំទ្រ​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​សាធារណៈ តែ​ប្រាក់ចំណូល និង​ប្រាក់កម្ចី​ត្រូវតែមាន​តុល្យភាព​គ្នា ហើយ​តុល្យភាព​ដែល​ល្អ​បំផុត គឺ​ការប្រមូល​ពន្ធគយ​ត្រូវធ្វើ​ឲ្យ​បាន​ពេញលេញ និង​ល្អប្រសើរ ព្រមទាំង​ការកាត់បន្ថយ​ការចំណាយ​មិនចាំបាច់​។ លោក យ៉ែម បុញ្ញ​ប​ទ្ធិ បាន​បញ្ជាក់ថា បើទោះជា​មាន​ចំណុច​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ ជារួម​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គាំទ្រ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ថវិកាជាតិ​ឆ្នាំ​២០១៦ ទេ​។​

​ជុំវិញ​បញ្ហា​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានលើកឡើង​ដែរ​ថា ការយកចិត្តទុកដាក់​លើ​គុណភាព​គ្រូបង្រៀន ដោយមាន​ការដំឡើង​ប្រាក់ខែ មាន​គម្រោង​បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព និង​ពង្រឹង​គរុកោសល្យ​គ្រូបង្រៀន​បន្ថែម ហើយ​បន្ថែម​អធិការកិច្ច ទាំង​អធិការកិច្ច​ខាងក្នុង និង​អធិការកិច្ច​ខាងក្រៅ ទាំងនេះ​តម្រូវ​ឲ្យ​មាន​មធ្យោបាយ​គ្រប់គ្រាន់ ក្នុងការ​ធ្វើកំណែទម្រង់​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្ថែមថា ឈរលើ​មូលដ្ឋាន​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ឲ្យ​មាន​គុណភាព​ពិតប្រាកដ តាមរយៈ​វិស័យ​អប់រំ ដែលជា​ឧបករណ៍​ដ៏​សំខាន់បំផុត សម្រាប់​អនាគត​យុវជន និង​ការអភិវឌ្ឍ​ប្រទេសជាតិ​៕

12239532_1022634617800003_307295471321266567_n