ពលរដ្ឋ​មួយ​ភូមិ​ពុល​តា​ប៉ែ​ក្នុង​ពិធីបុណ្យ​ដា​នៅ​ស្រុក​កំពង់ត្រាច

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំង​ចាស់​បាន​នាំ​គ្នា​ហូប​តា​ប៉ែ ហើយ​ពុល​ក្អួត ចុកពោះ និង​រាករូស​ពេញ​ភូមិ ហើយ​ត្រូវ​បាន​សាច់ញាតិ​រៀង​ៗ​ខ្លួន​នាំ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច ។ ហេតុការណ៍​ពុល​តា​ប៉ែ​នេះ​កើតឡើង​នៅ​ក្នុង​ពិធីបុណ្យ​ដា​របស់​អ្នក​ភូមិ​ម្នាក់​​នៅ​ក្នុងភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ ។

ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ឈ្មោះ មាន ខ្នា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​កោះ​ត្រាច បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ម្នាក់​បាន​និមន្ត​លោក​ឆាន់ ដែល​អ្នក​ភូមិ​និយម​ហៅ​ថា បុណ្យ​ដា នោះ ហើយ​បាន​ហៅ​អ្នក​ភូមិ​កោះ​ត្រាច​ទាំងអស់​ចូលរួម​បុណ្យ​នោះ​ដែរ ។ អ្នក​ភូមិ​ភាគច្រើន​បាន​ហូប​តា​ប៉ែ មុន​ពេល​លោក​ឆាន់ ស្រាប់តែ​ម្នាក់​ៗ​មាន​អាកា​រៈ ពុល​ក្អួត ចុកពោះ និង​រាករូស​ពេញ​ភូមិ ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច ។ ប្រភព​មិន​បាន​ឲ្យ​ដឹង​ថា អ្នក​ពុល​តា​ប៉ែ​ទាំងអស់​មាន​ប៉ុន្មាន​នាក់​នោះ​ទេ ព្រោះ​អ្នក​ពុល​ខ្លះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម ។

ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ រស់ ចេ​ន អាយុ​៦២​ឆ្នាំ គាត់​បាន​អះអាង​ថា គាត់​ជា​អ្នក​ធ្វើ​តា​ប៉ែក​សម្រាប់​ពិធីបុណ្យ​ដា​នេះ ដោយ​គាត់​បាន​ទិញ​មេតា​ប៉ែ​ពី​អ្នកលក់​ដែល​មានផ្ទះ​នៅ​ជិត​គាត់ ។ ស្ត្រី​ឈ្មោះ រស់ ចេ​ន និយាយ​ថា កន្លង​មក​គាត់​ធ្លាប់​ទិញ​មេតា​ប៉ែ​នោះ​មក​ធ្វើ​តា​ប៉ែ​មិន​ដែល​កើត​អី​ទេ តែ​លើក​នេះ​គាត់​អ្នក​ធ្វើ​ក៏​ពុល​ដែរ ។

នគរបាល​ស្រុក​កំពង់ត្រាច​ក៏​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ពាក់ព័ន្ធ​ករណី​ប្រជាពលរដ្ឋ​ពុល​តា​ប៉ែ​នៅ​ភូមិ​កោះត្រា​ចនេះ​ដែរ ហើយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ពុល​តា​ប៉ែ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​មាន​១២​នាក់​ហើយនៅ​ពេល​នេះ​ ហើយ​នៅ​មាន​បញ្ជូន​មក​បន្ត​ៗ​ទៀត នេះ​មិន​ទាន់​គិត​ពី​អ្នក​ពុល​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ទេ ៕