មន្ត្រី​សុរិយោដី​ខេត្តព្រៃវែង​កំពុង​យក​ប្លង់​ដី​គំរាម​អ្នកស្រុក​១៣​គ្រួសារ

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​​នៅ​ភូមិ​ព្រៃខ្លា ស្រុក​ពាម​រក៍ឱ្យ​ដឹង​ថា មន្ត្រី​សុរិយោដី​ខេត្តព្រៃវែង​​ដែល​ដឹកនាំ​ដោយ​លោក​​ជុំ ព្រឿ​ន ជា​ប្រធាន បាន​ចុះ​វាសវែង​​ធ្វើ​ប្លង់​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ភូមិ​របស់​ពួក​គាត់ កាលពីដើម​ខែឧសភា ឆ្នាំ​២០១៤ ហើយ​បាន​បញ្ចប់​នៅ​ចុង​ខែ​សីហា ឆ្នាំ​ដដែល ដោយ​វាស់​ឃើញ​ទាំង​ដី​ភូមិ និង​ដី​កសិកម្ម​សរុប​ជាង​២​ពាន់​ក្បាលដី ។

ប្រជាពលរដ្ឋ​ទាំងនេះ បាន​បញ្ជាក់​ថា ពេល​ចុះ​វាស់វែង និង​ពេល​បិទ​ប្រកាស​បើក​ឱ្យ​តវ៉ា​រយៈពេល​១​ខែ គឺ​ដី​របស់​ពួក​គាត់​មិន​មាន​អ្នក​ជំទាស់​តវ៉ា​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ចេញ​ប្លង់ ហើយ​ពួក​គាត់​នាំ​គ្នា​ឡើង​ទៅ​យក​ប្លង់​នៅ​មន្ទីរ​សុរិយោដី​ខេត្ត ស្រាប់តែ​មន្ត្រី​សុរិយោដី​ប្រាប់​ថា ដី​របស់​ពួក​គាត់​១០​គ្រួសារ ស្មើនឹង​១០​ក្បាលដី មាន​គេ​ប្តឹង​ជំទាស់​ដូច្នេះ​មិន​អា​ចេញ​ប្លង់​ឱ្យ​បាន​ទេ ។

ពួក​គាត់​បាន​បន្ត​ទៀត​ថា ពេល​ដែល​ឮ​ថា មាន​អ្នក​ប្តឹង​ជំទាស់ ពួក​គាត់​បាន​សួរ​ថា តើ​អ្នក​ណា​ជា​អ្នក​ប្តឹង គេ​មកពីណា​ហើយ​ប្តឹង​ជំទាស់​ពី​រឿង​អ្វី ហើយ​ពេល​ដែល​គេ​ចុះ​វាស់វែង ពេល​គេ​បិទ​ប្រកាស​ឱ្យ​តវ៉ា ម៉េច​មិន​ប្តឹង​ជំទាស់ ហេតុ​អ្វី​ទើប​មក​ប្តឹង​ពេល​ចេញ​ប័ណ្ណ​ទៅ​វិញ​ ។ សំណួរ​នេះ មន្ត្រី​សុរិយោដី​មិន​ព្រម​ឆ្លើយ​ទេ ដោយ​ប្រាប់​ថា កុំ​ចង់​ដឹង​អី ។

ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ​នេះ​បាន​អះអាង​ថា ពេល​ដែល​ពួក​គាត់​តាម​ជជីក​សួរ​ប្ញ​ស​គល់​ច្រើន​ដង រហូត​មក​ដល់​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ ទើបបាន​ដឹង​ចម្លើយ​ចេញពី​មាត់​ផ្ទាល់​របស់​លោក​ជុំ ព្រឿ​ន មន្ត្រី​សុរិយោដី​ខេត្ត​ដែល​ប្រាប់​ពួក​គាត់​ថា បើ​ចង់បាន​ប្លង់​ដី​ទាល់តែ​ពួក​គាត់​ដក​ពាក្យបណ្តឹង ដែល​ប្តឹង​ទៅ​តុលាការ និង​ប្តឹង​ជំទាស់​មិន​ឱ្យធ្វើ​ប្លង់​ដី​ស្រះ​ប្រ​ជ័យ ជា​ស្រះ​ទឹក​រួម​តាំងពី​បុរាណ ដែល​ត្រូវ​បាន​លោក​សៀន សា​មៀត នាយក​សាលា​បឋម​សិក្សា​ព្រៃខ្លា យក​លក់​ទៅ​ឱ្យឈ្មោះ​យ៉ា​ន តី ក្នុង​តម្លៃ​៩០​ម៉ឺន​រៀល កាល​ពី​ឆ្នាំ​១៩៩៩​នោះ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា សម្តី​របស់​លោក​ជុំ ព្រឿ​ន បញ្ជាក់​ថា ប្លង់​ដី​របស់​ពួក​គាត់​ទាំង​១៣​ក្បាលដី កំពុង​ត្រូវ​បាន​ចាប់​យក​ធ្វើ​ជា​ចំណាប់ខ្មាំង ហើយ​ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យបណ្តឹង​រឿង​លក់​ស្រះ​ប្រ​ជ័យ​នេះ ដែល​ធ្វើ​បែប​នេះ ពួក​គាត់​មិន​អាច​ទទួល​បាន​ទេ ព្រោះ​ស្រះ​ប្រ​ជ័យ​នេះ គឺជា​ស្រះ​រួម​តាំងពី​បុរាណ មិន​គួរ​លក់​ឱ្យ​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​ទេ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ ត្រូវ​បាន​លោក​ជុំ ព្រឿ​ន មន្ត្រី​សុរិយោដី​ឆ្លើយ​បំភ្លឺ​ថា ការ​ដែល​លោក​និយាយ​បែប​នេះ គឺ​ក្នុង​ន័យ ដើម្បី​ឱ្យ​ភាគី​ទាំង​២ ស្រុះស្រួល​គ្នា​ព្រោះ​ប្តឹង​ជំទាស់​ទាំង​សងខាង ហើយ​បើ​ភាគី​ទាំង​២​មិន​ត្រូវ​គ្នា មិន​ឈប់​ប្តឹង​ជំទាស់​ទេ មន្ត្រី​ជំនាញ​ក៏​មិន​អាច​ចេញ​ប្លង់​ឱ្យ​បាន​ដែរ ។

រឿង​ខាងលើ​នេះ អភិបាលខេត្ត​ព្រៃវែង គួរតែ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ស​ផង ។ ចំណែក​ទ​ង្វើ​របស់​មន្ត្រី​សុរិយោដី​ជា​ទ​ង្វើ​សង្ស័យ​អគតិ ។